ចង់​វិនិយោគចំណេញ! មក​មើល​យុទ្ធសាស្ត្រ​២​ចំណុច ពី​ម្ចាស់​ជ័យលាភី​ជួញដូរ​ភាគហ៊ុន​



«ការ​វិនិយោគ​ទៅ​លើ​វិស័យ​មូលបត្រ ប្រសិន​បើ​យើង​ជ្រើសរើស​មូលបត្រ​ត្រូវ ប្រសិន​បើ​យើង​ទិញ​ត្រូវ​ពេល និង​ប្រសិន​បើ​យើង​លក់​ត្រូវ​ពេល​ គឺ​អាច​បាន​ចំណេញ​ច្រើន​ណាស់​មិន​ចាញ់​វិស័យ​ដីធ្លី​ប៉ុន្មាន​ទេ​» នេះ​ជា​ការ​លើក​ឡើង​របស់​ ឯកឧត្ដម​ ហុង សុខហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​យុទ្ធសាស្រ្ត​ជួញដូរ​ពី​ជ័យលាភី​កម្មវិធី​ប្រកួត​ប្រជែង​ជួញដូរ​ភាគហ៊ុន​ និង​សក្ដានុពល​នៃ​ការ​វិនិយោគ​លើ​ផ្សារ​មូលបត្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ។

ដូច្នេះ​តើ​គួរ​មើល​ទៅ​លើ​ចំណុច​ណា​ខ្លះ​ដើម្បី​ឲ្យ​ទទួល​បាន​ផល​ចំណេញ​ច្រើន​នៅ​ពេល​ជួញដូរ​ភាគហ៊ុន? ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ចែក​រំលែក​នូវ​យុទ្ធសាស្ត្រ​ពី​ លោកស្រី ស៊ុយ សិរីលក្ខិណា ម្ចាស់​ជ័យលាភី​លេខ​១ ពី​ការ​ប្រកួត​ប្រជែង​ជួញដូរ​ភាគហ៊ុន។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ លោកស្រី ស៊ុយ សិរីលក្ខិណា បាន​ចែក​រំលែក​ថា យុទ្ធសាស្ត្រ​ទី១. គឺ​លោកស្រី​ព្យាយាម​ទិញ​នូវ​តម្លៃ​ទាប​ដែល​អាច​ទិញ​បាន ហើយ​ព្យាយាម​លក់​ទៅ​វិញ​ភ្លាមៗ​នូវ​តម្លៃ​ខ្ពស់​ដែល​អាច​លក់​បាន៖ លោកស្រី​បញ្ជា​ទិញ​នៅ​ក្រុមហ៊ុន​កំពង់ផែ​ភ្នំពេញ ក្នុង​តម្លៃ​ ១២០០០រៀល និង​បាន​សម្រេច​ចិត្ត​លក់​ទៅ​វិញ​ភ្លាមៗ​ក្នុង​តម្លៃ​ ១២៥០០រៀល។ 

យុទ្ធសាស្ត្រ​ទី២. ត្រូវ​លក់​ចេញ​ទៅ​វិញ​ភ្លាមៗ ប្រសិន​បើ​មើល​ឃើញ​ថា​បាត់បង់​ឱកាស​ចំណេញ ហើយ​ចាប់​យក​ឱកាស​ថ្មី​ផ្សេង​មួយ​ទៀត​ដែល​អាច​ទាញ​យក​ប្រាក់​ចំណេញ​បាន​ភ្លាមៗ៖ លោកស្រី​បាន​ពន្យល់​ដោយ​លើក​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​លោក​ស្រី​បាន​សម្លឹង​ឃើញ​ពី​ឱកាស​មួយ​ពី​ក្រុមហ៊ុន​ រដ្ឋ​ករ​ទឹក​ ដោយ​សម្រេច​ចិត្ត​ដាក់​ទិញ​នៅ​តម្លៃ​ក្នុង​មួយ​ហ៊ុន​ ៦០០០រៀល។ 

លោក​ស្រី​បន្ត​ថា នៅ​ពេល​ទិញ​រួចរាល់​ហើយ ស្រាប់​តែ​មាន​អ្នក​លក់​ភាគហ៊ុន​នេះ ក្នុង​តម្លៃ​៦០០០ រៀល​ចំនួន​ច្រើន​ហ៊ុន ជា​ហេតុ​ធ្វើ​ឲ្យ​លោកស្រី​គិត​ថា​បាត់​បង់​ឱកាស​ចំណេញ​នេះ​ហើយ ដូច្នេះ​លោក​ស្រី​ត្រូវ​សម្រេច​ចិត្ត​ដាក់​លក់​ភាគហ៊ុន​នេះ​ទៅ​វិញ​ភ្លាមៗ ក្នុង​តម្លៃ ៥៦៨០រៀល​ក្នុង​មួយ​ហ៊ុន​ទោះ​ជា​ខាត​តិចតួច​ក៏​ដោយ ហើយ​លោកស្រី​ត្រូវ​ងាក​ទៅ​ចាប់​យក​ឱកាស​ចំណេញ​ពី​ក្រុមហ៊ុន​ផ្សេង​មួយ​​ទៀត។ 

ចែក​រំលែក​បន្ថែម​ លោក​ស្រី​បាន​បញ្ជាក់​ថា មុន​ពេល​ប្រកួត​លោក​ស្រី​បាន​វិភាគ​ទៅ​លើ ស្ថាន​ភាព​ភាគហ៊ុន និង​ទស្សន៍ទាយ​ពី​ការ​ធ្លាក់​ចុះ​ និង​កើន​ឡើង​នៃ​ភាគហ៊ុន​ទាំង​នោះ។ ជំហាន​បន្ទាប់ លោកស្រី​បាន​វិភាគ​ទៅ​លើ​ឱកាស​វិនិយោគ ដោយ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ចំណុច​សំខាន់​៤​គឺ ១. តម្រូវ​ការ​នៃ​ការ​ផ្គត់ផ្គង់៖ ប្រសិន​បើ​តម្រូវការ​ច្រើន​ជាង​ការ​ផ្គត់ផ្គង់​នោះ​ថ្លៃ​អាច​នឹង​កើន​ឡើង, ២. គម្លាត​រវាង​ថ្លៃ​អ្នក​ទិញ​ និង​អ្នក​លក់៖ ប្រសិន​បើ​គម្លាត​កាន់​តែ​ធំ នោះ​ឱកាស​ចំណេញ​ក៏​កាន់​តែ​ច្រើន, ៣. ទំនោរ​នៃ​ការ​ទិញ​លក់៖ វិភាគ​លើ​បម្រែបម្រួល​ថ្លៃ​ឡើង​ចុះ និង​ ទី៤. ឥរិយាបថ​នៃ​ការ​ទិញ​លក់៕

ដោយ៖ ជួប ស្រីរ័ត្ន

 

 

X
5s