Elon Musk៖ មហាវិទ្យាល័យគ្រាន់តែជាកន្លែងកម្សាន្ត មិនមែនកន្លែងរៀនសូត្រទេ​



មហាសេដ្ឋីអាមេរិកដ៏ល្បីល្បាញលោក Elon Musk បានមានប្រសាសន៍ថា រៀនចប់បានសញ្ញាប័ត្រពីមហាវិទ្យាល័យមិនមែនមានន័យថា អ្នកមានសមត្ថភាពពិសេសនោះឡើយ។ ។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX រូបនេះបានថ្លែងបែបនេះនៅក្នុងសន្និសីទមួយដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទកន្លងទៅ។

នៅក្នុងអំឡុងពេលជជែកសួរដេញដោលគ្នាក្នុងសន្និសីទនោះ  លោក Musk ត្រូវបានគេចោទសួរយ៉ាងច្រើនដែលថា តើមហាវិទ្យាល័យ និងវិស័យផ្សេងៗទៀតអាចធ្វើឲ្យជីវិតនិស្សិតកាន់តែមានភាពងាយស្រួលក៏ដូចជាជួយបង្កើតការចូលរួមចំណែកបានកាន់តែច្រើនសម្រាប់និស្សិតដែលមិនទាន់គ្រប់អាយុឬយ៉ាងណា? 

លោក Elon Musk បានឆ្លើយតបដូច្នេះថា៖ “អ្នកមិនចាំបាច់ត្រូវចូលរៀនមហាវិទ្យាល័យដើម្បីរៀនសូត្រអ្វីៗគ្រប់យ៉ាងនោះទេ  ហើយចំណេះដឹងទាំងនោះអ្នកអាចរកបាននៅកន្លែងផ្សេងទៀតដោយមិនចាំបាច់ចំណាយលុយមួយសេន”។ 

មហាសេដ្ឋីមានទ្រព្យសម្បត្តិជាង ៣៦ ពាន់លានដុល្លាររូបនេះបានពណ៌នាមហាវិទ្យាល័យថា វាជាកន្លែងដែលបានដាក់កិច្ចការសាលាដ៏គួរឲ្យធុញទ្រាំបំផុតមួយដល់និស្សិត។  លោកបានបន្តថា គុណតម្លៃមួយក្នុងចំណោមគុណតម្លៃសំខាន់ៗក្នុងការចូលរៀននៅមហាវិទ្យាល័យគឺថា និស្សិតទាំងនោះបានចំណាយពេលវេលាជាមួយមនុស្សដែលមានវ័យស្រករៗពួកគេមុនពេលរៀនចប់ចេញមកធ្វើការ។

 “ខ្ញុំគិតថា មហាវិទ្យាល័យគ្រាន់តែជាបទដ្ឋានមួយសម្រាប់ការកម្សាន្តសប្បាយ ហើយវាគ្រាន់តែបង្ហាញប្រាប់អ្នកថា អ្នកបានបំពេញតួនាទីរបស់អ្នកក្នុងនាមជានិស្សិតតែប៉ុណ្ណោះ។ ប៉ុន្តែកន្លែងហ្នឹង មិនមែនសម្រាប់រៀនសូត្រទេ” ។ មហាសេដ្ឋី Elon Musk បញ្ជាក់បន្ថែម។

មហាសេដ្ឋីវ័យ ៤៨ ឆ្នាំរូបនេះបានបន្តដូច្នេះថា៖ “ ប៉ុន្តែវាមានតម្រូវការជាភ័ស្តុតាងដែលបញ្ជាក់ពីសមត្ថភាពពិសេសរបស់អ្នក។ ខ្ញុំមិនគិតថា ទៅរៀនមហាវិទ្យាល័យគឺជាភ័ស្តុតាងនៃសមត្ថភាពពិសេសរបស់អ្នកទាំងអស់គ្នា ទេ។ ជាការពិត អ្នកគួរឈប់រៀន ហើយធ្វើអ្វីមួយផ្សេងវិញ។ ប្រសិនបើអ្នកក្រឡេកមើលទៅលើបុគ្គលល្បីៗមួយចំនួនដូចជាលោក Bill Gate លោក Steve Jobs និងលោក Larry Ellison ជាដើម ពួកគាត់សុទ្ធតែមនុស្សឆ្លាត និងជោគជ័យដែលបានបោះបង់មហាវិទ្យាល័យ។ អ្នកឃើញទេ រៀនមហាវិទ្យាល័យមិនចាំបាច់ទេ”

សូមបញ្ជាក់ថា មហាសេដ្ឋីរូបនេះក៏ធ្លាប់បោះបង់ចោលការសិក្សាថ្នាក់បណ្ឌិតរបស់លោកផងដែរនៅឯសាកលវិទ្យាល័យ Stanford។ លោកបានងាកទៅបង្កើតក្រុមហ៊ុនដំបូងរបស់លោកដែលមានឈ្មោះថា Zip2 ដែលធ្វើឲ្យលោកទទួលបានប្រាក់ ២២ លានដុល្លារនៅពេលលោកបានលក់ក្រុមហ៊ុននេះទៅឲ្យក្រុមហ៊ុន Compaq ក្នុងឆ្នាំ ១៩៩៩៕ 

ប្រភព៖ Businessinsider 

 

X
5s