ហេតុផល ៥យ៉ាងអ្នកត្រូវគិតធំ​



ប្រធានាធិបតីអាមេរិច Donald Trump ធ្លាប់និយាយថាបើជ្រុលជាគិតទៅហើយ ចុះហេតុអីក៏មិនព្រម គិតឲ្យធំតែម្តងទៅ។ ការគិតគឺជាអាវុធដ៏អស្ចារ្យរបស់មនុស្ស តែការគិតក៏ជាឃាតករសំងាត់ ដែលសម្លាប់ភាពអស្ចារ្យរបស់មនុស្សម្នាក់ៗទាំងមិនដឹងខ្លួនដែរ។ មានពាក្យដំណាលតគ្នាមួយលើកឡើងថាយើងកើតមកក្នុងត្រកូលអ្នកក្រីក្រ គ្រួសារអ្នកតូចទាប អីចឹងហើយកុំប្រាថ្នាអីធំដុំ យើងធ្វើមិនបានទេ ជីវិតយើងវាសនាបានកំណត់មករួចហើយ។ សូមកុំបណ្តោយឲ្យផ្នត់គំនិតរបស់អ្នកដទៃ មកបំផ្លាញខ្សែរជីវិតរបស់អ្នក សូមកុំយកអាវុធដ៏អស្ចារ្យ របស់អ្នកមកបំផ្លាញភាពអស្ចារ្យរបស់អ្នកឲ្យសោះ។ខាងក្រោមនេះជាហេតុផល៥យ៉ាង ដែលអ្នក ត្រូវតែហ៊ានគិតឲ្យធំ ធ្វើឲ្យធំ ដើម្បីចាប់យកសមិទ្ធផលធំធេង អស្ចារ្យក្នុងជីវិត៖

អត្ថបទពាក់ព័ន្ធ៖ សម្ដី​ដែល​មាន​អត្ថន័យ​ស៊ីជម្រៅ​ចំនួន​១០​ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​សញ្ជឹង​គិត​

) គ្មានវិប្បដិសារីក្នុងជីវិត
ការទទួលបានលទ្ធផលតូចតាចក្នុងជីវិតវាអត់ពិបាកទេអ្នកគ្រាន់តែរស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនបាច់ប្រឹងប្រែងអីច្រើន មិនចាំបាច់មានគោលដៅអ្វីច្រើន មិនចាំបាច់ត្រូវជួយអ្នកណា ខ្វល់ខ្វាយពីអ្នកណា រស់នៅដើម្បីតែបរិភោគហើយបរិភោគដើម្បីតែបានរស់ នោះអ្នកក៏នឹងទទួលបានលទ្ធផលតិចតួចក្នុងជីវិត ប៉ុន្តែអ្វីដែលសំខាន់នោះគឺ តើវាពិតជាអ្វីដែលអ្នកចង់បានមែនទេ។

តើអ្នកពិតជាចង់ទទួលបានលទ្ធផលដ៏តូចទាបបែបនេះក្នុងជីវិតរបស់អ្នកមែនទេ។ អ្នកមិនអាចត្រលប់ទៅរកភាពជាយុវ័យវិញបានទេ។ អ្នកមិនអាចបកក្រោយវិញបានទេ។ មនុស្សម្នាក់ៗសុទ្ធតែមានចំណង់ មានបំណងប្រាថ្នាអ្នកណាអ្នកណាក៏ចង់បានភាពអស្ចារ្យក្នុងជីវិតដែរ។ បើអ្នកគិតថាខ្លួនឯងមិនចង់បានលទ្ឋផលអ្វីធំដុំក្នុងជីវិត អ្នកគួរតែគិតឡើងវិញម្តងទៀត។ គ្មានអារម្មណ៍សោកស្តាយណា ដែលធំធេងជាងអារម្មណ៍ សោកស្តាយចំពោះការបាត់បង់ពេលវេលាពេញមួយជីវិតដោយមិនបានសម្រេចលទ្ធផលអ្វីជាដុំកំផួនក្នុងជីវិតនោះឡើយ។ បើអ្នកមិនខ្វល់ខ្វាយពីខ្លួនអ្នក អ្នកក៏គួរតែគិតគូរពីកូនចៅជំនាន់ក្រោយរបស់អ្នកផង ឲ្យពួកគេមានមោទកភាពដែលបានកើតមកជាកូនចៅរបស់អ្នក។

) ទទួលបានលទ្ធផលធំ
វាជារឿងធម្មតាទេ ដែលមនុស្សគិតតូចតែងតែទទួលបានលទ្ធផលតូច ឯអ្នកដែលគិតធំ នឹងនាំឲ្យពួកគេធ្វើសកម្មភាពធំ ហើយក៏ទទួលបានលទ្ធផលធំដុំដែរ។ អ្វីៗវាអាស្រ័យលើគំនិតរបស់មនុស្ស ទាំងអស់។ ម្នាក់ៗតែងតែប្រាថ្នាចង់មានទ្រព្យច្រើន តួនាទីធំដុំ កេរ្តិ៏ឈ្មោះល្អវិសេស ជួយមនុស្សបាន ជាច្រើននាក់ ទទួលបានភាពជោគជ័យធំធេងក្នុងជីវិត ប៉ុន្តែម្នាក់ៗបែរជាមិនហ៊ានគិតឲ្យធំ ធ្វើឲ្យធំ នេះហើយជាមូលហេតុ ដែលមនុស្សភាគច្រើនទទួលបានលទ្ធផលតិចតួចក្នុងជីវិត។

បើអ្នកចង់បានលទ្ធផលធំ អ្នកត្រូវតែហ៊ានគិតឲ្យធំ។ សក្តានុពលរបស់មនុស្សគឺធំធេងណាស់ មនុស្សមានវិចារណញ្ញាណដ៏វិសេស មានភាពឆ្នៃប្រឌិតយ៉ាងអស្ចារ្យ។ ហេតុអ្វីក៏យើងមិនប្រើភាពអស្ចារ្យនេះដើម្បីបង្កើតរឿងអស្ចារ្យទៅ? ឈប់បន្តកុហកខ្លួនឯងថា អ្នកមិនចង់ទទួលបានសមិទ្ធផល ធំធេងក្នុងជីវិតទៀតទៅ។ ឲ្យតែជាមនុស្ស មនុស្សណាក៏មានចំណង់មនុស្សណាក៏មានសេចក្តី ប៉ងប្រាថ្នា អ្នកណាក៏ចង់ទទួលបានភាពអស្ចារ្យក្នុងជីវិតដែរ សូមស្មោះត្រង់ចំពោះខ្លួនឯង សាកសួរខ្លួនឯងបន្ទិចមើល តើអ្វីទៅដែលរារាំងអ្នកមិនឲ្យគិតធំ ក៏ធ្វើសកម្មភាពធំ។ សេចក្តីភ័យខ្លាច? ភាពភ័យខ្លាចកើតឡើងបាន តែនៅពេលដែលយើងមិន ស្គាល់ពីខ្លួនយើង មិនស្គាល់ពីភាពអស្ចារ្យ មិនស្គាល់ពីសក្តានុពល មិនស្គាល់ពីភាពល្អវិសេសក្នុង នាមជាមនុស្ស មិនស្គាល់ពីទេព្យកោសលដែលធម្មជាតិបានផ្តល់ឲ្យយើងប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ សម្ដី​៩​ឃ្លា​ពី​អ្នកគណិតសាស្ត្រPascal សម្រាប់​ស្វែងយល់​ពី​ការ​គិត​របស់​បុគ្គល​ដ៏​អស្ចារ្យ​រូប​នេះ​

) ជួយអ្នកដទៃ
អ្វីៗក្នុងធម្មជាតិនេះ តែងតែពឹងពាក់គ្នាទៅវិញទៅមកជានិច្ច។ វាជាដំណើរការរបស់ធម្មជាតិ ក៏យើងអាចនិយាយថាវាជាបំណងរបស់ធម្មជាតិ។ មិនមែនតែទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិជុំវិញខ្លួន ប៉ុណ្ណោះទេដែលត្រូវពឹងពាក់គ្នាទៅវិញទៅមក មនុស្សនិងមនុស្សក៏ត្រូវជួយជ្រោមជ្រែងគ្នាទៅវិញទៅមកផងដែរ ហើយក៏ជាតម្រូវការដ៏ចាំបាច់ទៀតផង។

ទឹក ដី ភ្លើង ខ្យល់ ព្រៃព្រឹក្សា សព្វសត្វ ព្រះអាទិត្យ ព្រះច័ន្ទ និង ធម្មជាតិទាំងឡាយនៅជុំវិញខ្លួនយើង សុទ្ធតែបានជួយដល់យើង បើយើងមិន អាចជួយសូម្បីតែមនុស្សលោកយើងដូចគ្នា នោះវាជារឿង ដែលគួរឲ្យខ្មាសអៀនដល់ធម្មជាតិទាំងឡាយខ្លាំងណាស់។ អីចឹងបើយើងបានជាកើតមកនៅក្នុងពិភពដែលត្រូវជួយគ្នាទៅវិញទៅមកទៅ ហើយ នោះយើងត្រូវតែបំពេញតួនាទីរបស់យើងឲ្យបានប្រសើរបំផុត ជួយអ្នកដទៃឲ្យបានច្រើន បំផុតតាមដែលអាចធ្វើទៅបាន។

ការគិតធំ គឺជាវិធីតែមួយគត់ដើម្បីទទួលបានលទ្ធផលធំ ហើយក៏ ដើម្បីជួយអ្នកដទៃឲ្យបានច្រើនដែរ។ មហាសេដ្ឋីកំពូលៗថ្នាក់ដឹកនាំធំៗ បុគ្គលល្បីៗ រួមទាំង អ្នកត្រាស់ដឹងសំខាន់ៗ បើពួកលោកសុទ្ធតែជាអ្នកដែលគិតតូចម៉្លេះពិភពលោកនេះមិនអាចដើរដល់ ប៉ុននេះទេ។ បើសិនជាពេលនេះ ពិភពលោកត្រូវបាត់បង់បុគ្គលទាំងអស់នេះភ្លាមមួយរំពេច អ្វីៗនឹងចលាចលភ្លាម ស្ថាប័ន សង្គមជាតិ ជាច្រើននឹងលែងមានអ្នកដឹកនាំ លែងមានក្បាលម៉ាស៊ីន មនុស្សម្នាជាច្រើន លែងមានការងារធ្វើ សមិទ្ធផលសំខាន់ៗជាច្រើនត្រូវបាត់បង់ ចំណេះដឹង និង ទស្សនៈល្អៗដែលជាផែនទីបំភ្លឺផ្លូវដល់មនុស្សជាតិទាំងឡាយ ត្រូវសាបសូន្យទៅជាមួយពួកគេ និង បញ្ហាជាច្រើនទៀតដែលនឹងកើតឡើងជាបន្តបន្ទាប់ ហេតុនេះហើយទើបបានជាយើងត្រូវតែគិត ឲ្យធំ ត្រូវតែជួយអ្នកដទៃឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ពួកយើងសុទ្ធតែជំពាក់ គុណមនុស្សជំនាន់មុនគ្រប់ជំនាន់ ដូចនេះយើងគួរតែយកគំរូរតាមអ្នកជំនាន់មុន ហើយជួយទាំង មនុស្សក្នុងជំនាន់យើង និង មនុស្សជំនាន់ក្រោយរបស់យើងអោយបានច្រើនបំផុត ដោយចាប់ផ្តើមពីការគិតធំ ធ្វើធំ ដើម្បីទទួលបានលទ្ធផលធំ។

) យកឈ្នះលើភាពភ័យខ្លាច
មិនខ្វល់ថាយើងទទួលស្គាល់ភាពភ៍យខ្លាចអត់ទេ។ភាពភ័យខ្លាចគឺជាហេតុផលដ៏ចំបងដែលរារាំងមនុស្សគ្រប់គ្នាមិនឲ្យគិតធំ។ គ្រប់គ្នាចង់បានលទ្ធផលធំ តែគ្រប់គ្នាមិនហ៊ានគិតធំ ធ្វើធំ គឺដោយសារតែ ភាពភ័យខ្លាចនេះហើយ។ អ្នកមានជីវិតតែម្តងទេ តែអ្នកមានជម្រើសពីរ ទីមួយគឺរស់នៅជាមួយភាព ភ័យខ្លាច ហើយស្លាប់ទៅវិញ ជាមួយភាពសោកស្តាយ និងក្តីអាម៉ាស និងមួយទៀត គឺទទួលស្គាល់ ចំពោះបុព្វហេតុជីវិតរបស់អ្នក ទទួលស្គាល់ពីបំណងប្រាថ្នារបស់ធម្មជាតិ ទទួលស្គាល់ថាអ្នកមិនមែន កើតមកដើម្បីប្រយោជន៏ខ្លួនអ្នកទេ តែអ្នកគឺជាចំណែកដ៏សំខាន់ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិរបស់មនុស្ស ក៏ដូចជាធម្មជាតិទាំងមូល ប្រៀបបាននឹងអវៈយៈវៈក្នុងខ្លួនរបស់ យើងដែលមាន តួនាទីដើម្បីផ្តល់ប្រយោជន៍ដល់ជីវិតរបស់យើង (បើអៈវៈយៈរបស់យើងមិនបានបំពេញ តាមមុខងាររបស់វាទេ ម៉្លេះយើងក៏មិនអាចរស់រានបានដែរ) រួចហើយអ្នកត្រូវប្រឈមមុខជាមួយនឹង ភាពភ័យខ្លាច ប្រើជីវិតរបស់អ្នកអស់ពីលទ្ធភាព ស្របតាមបំណងប្រាថ្នារបស់ធម្មជាតិ ហើយស្លាប់ទៅ វិញដោយមោទកភាព និង បន្សល់ទុកនូវស្នាដៃ សារៈប្រយោជន៍ដ៏ធំធេងដល់មនុស្សជំនាន់ក្រោយ។  

តើអ្នកចង់បានជីវិតបែបណា សាកស្រមៃមើល តើអ្នកមានអារម្មណ៍បែបណា បើអ្នកបាន ទិញទូរស័ព្ទ Iphone11 pro មួយគ្រឿងនៅថ្ងៃនេះ ហើយត្រូវបាត់បង់វាវិញនៅថ្ងៃស្អែកទាំងដែលអ្នក មិនបានប្រើប្រាស់ឲ្យអស់ពីលទ្ធភាពរបស់វា នេះគ្រាន់តែជាទូរស័ព្ទមួយគ្រឿងទេ ចុះទម្រាំតែជីវិតរបស់អ្នកវិញនោះ ដែលជាសមិទ្ធផលដ៏អស្ចារ្យ ក្នុងធម្មជាតិ ដែលអាចប្រើភាពឆ្នៃ ប្រឌិតរបស់ខ្លួនបង្កើតភាពអស្ចារ្យៗទាំងឡាយ តែបែជាស្លាប់ទៅវិញ ដោយមិនបានបំពេញប្រយោជន៍ អ្វីជាដុំកំភួនសោះ។ បើសិនជាព្រលឹងរបស់អ្នកនៅមានជីវិតហើយ មើលឃើញមនុស្សជំនាន់ក្រោយ របស់អ្នកសុទ្ធតែជាមនុស្សអស្ចារ្យ សម្រេចរឿងអស្ចារ្យៗ តើអ្នកមាន អារម្មណ៍បែបណា ដែលបានកើត មកជាមនុស្សដែលមានសក្តានុពលយ៉ាងអស្ចារ្យ តែបែរជាគ្មានសម្រេចបានផលអស្ចារ្យអ្វីសោះ ហើយវារិតតែគួរឲ្យខ្មាសទៅទៀតនោះគឺអ្នកមិនបាន សូម្បីតែព្យាយាមធ្វើវាទៅទៀត។

) បង្កើតរឿងរ៉ាវអស្ចារ្យក្នុងសាច់រឿងជីវិតរបស់អ្នក
បើអ្នកចូលចិត្តអានសៀវភៅជីវៈប្រវត្តិរបស់បុគ្គលល្បីៗ អ្នកប្រាកដជាបានឃើញ សាច់រឿងដ៏អស្ចារ្យ ជាច្រើនរបស់បុគ្គលទាំងអស់នេះ។ សាកស្រមៃបន្ទិចមើល បើអ្នកជាពួកគេវិញ តើអ្នកមានអារម្មណ៍អស្ចារ្យបែបណា ដែលសាច់សាច់រឿងរបស់អ្នកត្រូវបានគេលើកយកមកនិយាយ យ៉ាងទូលំទូលាយ ដើម្បីធ្វើជាគំរូរដល់មនុស្សជំនាន់ក្រោយ កុំថាឡើយអ្នក បើទោះបីជាកូនចៅ សាច់ញាតិរបស់អ្នក ក៏មានមោទកភាពដែរ ដែលបានកើតមកជាកូនជាចៅរបស់អ្នក។ ជីវិតរបស់អ្នកប្រៀបដូចជា សៀវភៅ មួយក្បាលអីចឹង។ អ្នកជាអ្នកនិពន្ធសៀវភៅជីវិតរបស់អ្នក តើអ្នកចង់និពន្ធវាបែបណា តើអ្នកចង់បាន សាច់រឿងជីវិតតូចតាចកំប៉ិកកំប៉ុក ក៏ជាសាច់រឿងជីវិតដ៏ធំធេងអស្ចារ្យ មានតែការគិតធំទេ ទើបអ្នក អាចទទួលបានលទ្ធផលធំ ឬអាចបង្កើតសាច់រឿងជីវិតដែលធំធេងអស្ចារ្យបាន៕

ដោយ៖ ជា ឧត្តម្ភ

 

X
5s