មកមើលមុខមហាសេដ្ឋីល្បីៗ៩រូប បានបរិច្ចាគប្រាក់ម្នាក់ៗប៉ុន្មានដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩?​



នៅ​អំឡុង​ពេល​ជំងឺ​កូវីដ ១៩ កំពុង​វាយលុក​កាន់តែ​ខ្លាំង​នៅ​លោក​ខាងលិច មាន​មហាសេដ្ឋី​ល្បីល្បាញ​ជា​ច្រើន​​ជុំវិញ​ពិភពលោក​បាន​បរិច្ចាគ​ទឹកប្រាក់​ផ្ទាល់​ខ្លួន​ជា​បន្តបន្ទាប់។ មហាសេដ្ឋី​ខ្លះ​បាន​ផ្តល់​ថវិកា​សម្រាប់​ជួយ​អ្នក​ជំងឺ​ដែល​រងគ្រោះ​ដោយ​ជំងឺ​នេះ មហាសេដ្ឋី​ខ្លះ​ទៀត​បាន​ជួយ​ទាំង​លុយកាក់ និង​សម្ភារៈ​ព្យាបាល​ ខណៈ​ដែល​មហាសេដ្ឋី​ខ្លះ​ទៀត​បាន​ជួយ​ផ្តល់​​ថវិកា​សម្រាប់​ការ​ស្រាវជ្រាវ​រុករក​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ។ 

នៅ​ខាងក្រោម​នេះ​ Bizkhmer សូម​ណែនាំ ប្រិយមិត្ត​មក​មើល​ទឹកប្រាក់​បរិច្ចាគ​របស់​មហាសេដ្ឋី​ចំនួន ៩​រូប​ដូច​តទៅ​នេះ៖ ​

១.មហាសេដ្ឋី​អាមេរិក​លោក Bill Gates និងភរិយា
លោក Bill Gates​ ដែល​ជា​ស្ថាបនិក​នៃ​មូលនិធិ Bill & Melinda Gates  Foundation បាន​បរិច្ចាគ​ថវិកា​ចំនួន​ ១០០ លាន​ដុល្លារ​តាម​រយៈ​មូលនិធិ​របស់​លោក​មួយ​នេះ​ដើម្បី​ជួយ​ស្វះស្វែង​រក​មធ្យោបាយ​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។


ប្រភពរូបភាព៖ thetechnews

២.មហាសេដ្ឋី​អាមេរិក​លោក Michael Dell
លោក Michael Dell ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Dell Technologies និង​ភរិយា​របស់​លោក​គឺ​លោក​ស្រី Susan Dell ​បាន​បរិច្ចាគ​ថវិកា​ចំនួន ១០០​ លាន​ដុល្លារ​តាមរយៈ​មូលនិធិ​សប្បុរសធម៌​របស់​អ្នក​ទាំងពីរ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​នៃ​​ជំងឺ​កូវីដ ១៩​នេះ​។ 


ប្រភពរូបភាព៖ answersafrica

៣.មហាសេដ្ឋី​អាមេរិក​លោក​ Michael Bloomberg 
លោក​ Michael Bloomberg ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ជាច្រើន និង​ជា​សហ​ស្ថាបនិក​របស់​​ក្រុមហ៊ុន​ Bloomberg L.P. Bloomberg Philanthropies ប្រកាស​ថា នឹង​បរិច្ចាគ​ថវិកា​ចំនួន ៤០ លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​​នេះ​​នៅ​តំបន់​​អាហ្វ្រិក និង​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​នៅ​ជុំវិញ​ពិភពលោក។


ប្រភពរូបភាព៖ wtnh

​៤.មហាសេដ្ឋី​អាមេរិក​លោក​​ Mark Zuckerberg និង​ភរិយា Priscilla Chan
ស្ថាបនិក​ក្រុមហ៊ុន​ Facebook រូប​នេះ​បាន​​​ផ្ដួចផ្ដើម​បង្កើត​មូលនិធិ​មួយ​ជាមួយ​ភរិយា​ដែល​មាន​ឈ្មោះ​ថា​ Chan Zuckerberg Initiative ​ដែល​នឹង​​បរិច្ចាគ​​ទឹកប្រាក់​ ៣០ លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩។


ប្រភពរូបភាព៖ cnbc 

៥.មហាសេដ្ឋី​អាមេរិក​លោក​​ Steve Ballmer
លោក Steve Ballmerអតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Microsoft និង​ជា​ម្ចាស់​ក្លឹប​បាល់បោះ​អាមេរិក Los Angeles Clippers ​បាន​បរិច្ចាគ​ទឹកប្រាក់​ ២៥ លាន​ដុល្លារ​សម្រាប់​​ព្យាបាល​អ្នក​ជំងឺ​ដែល​ស្ថិត​នៅ​ទីក្រុង Michigan, Los Angeles, និង​ក្រុង​ Seattle។


ប្រភពរូបភាព៖ Cambodia Property

៦.មហាសេដ្ឋី​អាមេរិក​​លោក Jeff Bezos
លោក  Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនឡាញ​យក្ស​ដ៏​ល្បីល្បាញ​ Amazon  បាន​បរិច្ចាគ​ទឹកប្រាក់ ២៥ លាន​ដុល្លារ​សម្រាប់​ចាប់​ផ្តើម​បង្កើត​​មូលនិធិ Amazon Relief Fund នៅ​ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១០​នេះ។ 


ប្រភពរូបភាព៖ The Sun

៧.មហាសេដ្ឋី​ចិន​លោក​ Jack Ma
សហ​ស្ថាបនិក​ និង​ជា​អតីត​ប្រធាន​​ក្រុមហ៊ុន ​Alibaba Group បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​ ១៤ លាន​ដុល្លារ​តាមរយៈ​មូលនិធិ ​Ma Foundationរបស់​លោក​ដើម្បី​ជួយ​អភិវឌ្ឍ​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ១៩​។ ទន្ទឹម​នឹង​នេះ​លោក​ក៏​បាន​​ផ្តល់​ជំនួយ​ឧបករណ៍​ធ្វើតេស្ត​ចំនួន ១,១ លាន​ឈុត ម៉ាស់​ ៦ លាន​ម៉ាស់ និង​​សំលៀកបំពាក់​ពេទ្យ ៦០.០០០ ឈុត​ និង​របាំង​គ្របមុខ​ដល់​​ប្រទេស​ចំនួន ៥៤ នៅ​តំបន់​អាហ្វ្រិក។  ក្រៅពី​នេះ លោក​បាន​ផ្ដល់​ឧបករណ៍​ធ្វើតេស្ត​​ចំនួន ៥០០.០០០ ឈុត និង​របាំង​​គ្រប​មុខ​ចំនួន​ ១ លាន​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​ និង​ចំនួន​ ១ លាន​ទៀត​ទៅ​ប្រទេស​ជប៉ុន។​ ជាមួយគ្នា​នេះ​លោក​ក៏​បាន​ផ្ដល់​ម៉ាស់​ ១,៨ លាន​​ម៉ាស់​​ទៅ​តំបន់​អឺរ៉ុប ​និង​ឧបករណ៍​ធ្វើតេស្ត​​ចំនួន ១០០,០០០ ឈុត។


ប្រភពរូបភាព៖ China Daily

៨.មហាសេដ្ឋី​ចិន​លោក​ Li Ka Shing
លោក Li Ka Shing ជា​មហាសេដ្ឋី​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​របស់​ចិន និង​ជា​​ប្រធាន​មូលនិធិ​លីកាស៊ីង​បាន​បរិច្ចាគ​ថវិកា​ចំនួន​ ១៣ លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​បុគ្គលិក​ពេទ្យ​ជួរមុខ​នៅ​ទីក្រុង​វូហាន​។


ប្រភពរូបភាព៖ wsj

៩.មហា​សេដ្ឋិនី Oprah Winfrey
មហាសេដ្ឋី​នី​ផ្នែក​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​អាមេរិក​គឺ​លោកស្រី Oprah Winfrey បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ១០ លាន​ដុល្លារ​ដើម្បី​ជួយ​ប្រជាជន​អាមេរិក​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ ១៩​នេះ​ នៅ​ទូទាំង​ប្រទេស​​ និង​នៅ​ស្រុក​កំណើត​របស់​លោកស្រី​តែម្ដង៕


ប្រភពរូបភាព៖ wclick2houston

អត្ថបទទាក់ទង៖

ដោយ៖ ណារិន
ប្រភព៖ barrons

X
5s