ការស្រាវជ្រាវស្វីស៖ វីរុសកូរ៉ូណាមានសមត្ថភាពធ្វើការវាយប្រហារប្រព័ន្ធសសៃឈាមក្នុងខ្លួនប្រាណអ្នកជំងឺ​



វីរុសកូរ៉ូណាមានសមត្ថភាពអាចវាយប្រហារស្រទាប់សសៃឈាមក្នុងខ្លួនប្រាណអ្នកជំងឺ ដែលបង្កឲ្យសរីរៈមួយចំនួនមានបញ្ហា។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយក្នុង The Lancet ចេញផ្សាយដោយកាសែត SCMP។ 

លោក Frank Ruschitzka អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យមន្ទីពេទ្យសូរិច (University Hospital Zurich) បានមានប្រសាសន៍ថា៖ «វីរុសកូរ៉ូណាមិនត្រឹមតែធ្វើការវាយប្រហារសួតរបស់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការវាយប្រហារប្រព័ន្ធសសៃឈាមទៀតផង»។ 

លោកបានបន្តទៀតថា៖ «វីរុសនេះចូលទៅក្នុងស្រទាប់នៃកោសិកាដែលជាផ្នែកការពារស្រទាប់សសៃឈាម ដោយវាធ្វើការវាយប្រហារប្រព័ន្ធការពារនេះចុះខ្សោយ ហើយបង្កបញ្ហាក្នុងការបញ្ចូនឈាមក្នុងសសៃឈាមតូចៗ»។ 

វីរុសនេះនឹងកាត់បន្ថយការហូរនៃឈាមទៅកាន់ផ្នែកផ្សេងៗទៀតនៃសារីរៈក្នុងរាងកាយហើយអាចបញ្ចប់លំហូរឈាមនេះទៀតផង នេះបើយោងតាមលោក Ruschitzka ប្រធាននាយកដ្ឋានមជ្ឈមណ្ឌលបេះដូងនិងជំងឺបេះដូង ប្រទេសស្វីស។ 

លោកបានប្រសាសន៍បន្តថា នេះជាអ្វីដែលយើងមើលឃើញថា អ្នកជំងឺមានបញ្ហាសរីរៈផ្សេងៗដូចជាបេះដូង តម្រងនោម ពោះវៀនតូច និងសរីរៈផ្សេងទៀត។ 

នេះពន្យល់ថាហេតុអ្វីអ្នកជក់បារី និងអ្នកជំងឺដែលមានជំងឺជាប់កាយមានមុខងារកោសិកាសសៃឈាមចុះខ្សោយ ឬមានប្រព័ន្ធសសៃឈាមមិនល្អ បានភាពទន់ខ្សោយងាយប្រឈមហានិភ័យខ្ពស់នឹងវីរុសកូរ៉ូណា។

យោងតាមលទ្ធផលនៃការវិភាគលើករណីចំនួន ៣ ករណី លោក Ruschitzk បានបង្ហាញថាអ្នកជំងឺកូវីដ១៩ត្រូវបានរកឃើញថាស្រទាប់បំពង់សសៃឈាមរបស់ពួកគេមានការកកស្ទុះដោយវីរុស ហើយមុខងារនៃសសៃឈាមមានការខូតខាតក្នុងសរីរៈទាំងអស់ក្នុងរាងកាយ។

ករណីទី១លើអ្នកជំងឺវ័យ ៧១ឆ្នាំម្នាក់ដែលមានជំងឺសរសៃឈាមចិញ្ចឹមបេះដូង (coronary artery) និងសម្ពាធសសៃឈាម បានវិវដ្ដទៅជាមានបញ្ហាមុខងារសរីរៈផ្សេងៗក្នុងរាងកាយ ហើយបានស្លាប់បាត់បង់ជីវិត។ 

ក្នុងអ្នកជំងឺម្នាក់ទៀតដែលមានបញ្ហាតម្រងនោមត្រូវបានរកឃើញថាកោសិកាសសៃឈាមមានការរលាកក្នុងសរីរៈបេះដូង ពោះរៀនតូច សួតទាំងសងខាង ដែលមានសសៃឈាមតូចៗមានការកកស្ទុះ។

អ្នកជំងឺម្នាក់ទៀតអាយុ៥៨ឆ្នាំដែលមានជំងឺទឹកនោមផ្អែម និងលើសឈាម និងជំងឺធាត់លើសទម្ងន់ មានបញ្ហាឈាមហូរតិចក្នុងពោះរៀនតូចដែលបង្កឲ្យមានប៉ះពាល់ទៅដល់សរីរៈមួយនេះ។ ការហើមរលាកកោសិកាសសៃឈាមត្រូវបានឃើញមាននៅក្នុងសរីរៈដូចជាសួត បេះដូង តម្រងនោម និងថ្លើមផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក John Nicholls សាស្ត្រាចារ្យវេជ្ជសាស្ត្រនៅសកលវិទ្យាល័យហុងកុងបានមានប្រសាសន៍៖ «ត្រូវការការសិក្សាស្រាវជ្រាវបន្ថែមទៀតទាក់ទងនឹងបញ្ហានេះ»៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

X
5s