COVID ធ្វើឲ្យអាជីវកម្មជួបបញ្ហាមែនទេ? ៥ វិធីនេះជួយឲ្យជីវិតអាជីវកម្មអាចមានផ្លូវបន្តទៅមុខបាន​បញ្ហាកូវីដ ១៩ បានផ្តល់ទុក្ខទោសដល់ស្ទើរគ្រប់អាជីវកម្មទូទាំងពិភពលោក។ គិតមមកទល់ពេលនេះ មានអាជីវកម្មមិនតិចទេដែលប្រកាសក្ស័យធន ព្រោះមិនអាចទ្រាំទ្រនឹងការខាតបង់ ក៏ដូចជាការបន្តអូសបន្លាយនៃកូវីដ ១៩ លើពិភពលោក។ 

វាបានធ្វើឲ្យចរន្តសេដ្ឋកិច្ចគ្រប់ប្រទេសជាប់គាំង ដោយសារការបិទប្រទេស ឬតំបន់។ យោងតាមរបាយការណ៍ពី National Federation of Independent Business (NFIB) ៩២% នៃអាជីវកម្មខ្នាតតូចបាននិយាយថាពួកគេទទួលរងផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាត។ ខាងក្រោមនេះជាវិធីសាស្រ្ត ៥ យ៉ាងក្នុងការជួយរៀបចំឡើងវិញនូវដំណើរការអាជីវកម្ម ក៏ដូចជាបន្ដដង្ហើមអាជីវកម្មអ្នកទៅមុខ៖

១) វាយតម្លៃលើកម្រិតខាតបង់ហិរញ្ញវត្ថុ

ដើម្បីដឹងថាអ្នកអាចនឹងរៀបអាជីវកម្មអ្នកឡើងវិញដោយរបៀបណាបន្ទាប់ពីរងគ្រោះដោយសារ Covid-19 អ្នកត្រូវដឹងពីទំហំនៃការខាតបង់ជាមុនសិន។ បើអ្នកមិនបានកំណត់ពីទំហំនៃការខាតបង់ ឬធ្វើបច្ចុប្បន្នភាពរបាយការណ៍ហិរញ្ញវត្ថុលើចំណូល ចំណាយ និងលំហូរសាច់ប្រាក់នោះទេ អ្នកនឹងមិនអាចដឹងថាអ្នកត្រូវធ្វើអ្វីបន្ទាប់នោះទេ។ ដូច្នេះអ្នកត្រូវធ្វើការប្រៀបធៀបចំណូលរវាងពេលនេះធៀបនឹងឆ្នាំកន្លងទៅ។ ចំណុចនេះអ្នកក៏ត្រូវពិចារណាដែរលើលក្ខខណ្ឌមួយចំនួន ថាតើអ្នកបានបញ្ឍប់បុគ្គលិកមួយចំនួនដម្បីកាត់បន្ថយចំណាយដែរទេ? តើការផ្សព្វផ្សាយ ឬការធ្វើទីផ្សារមានបានកាត់បន្ថយជាងមុនទេ? តើអតិថិជនដែលបានចាកចេញពីអ្នក តើគេបានទៅរកអ្នកដទៃជំនួសអ្នក (គូប្រជែងរបស់អ្នក) ឬគេកាត់បន្ថយសកម្មភាពរបស់ពួកគេដោយសារបញ្ហាសេដ្ឋកិច្ច? អ្នកត្រូវពិចារណាចំណុចទាំងនេះព្រោះ បើអ្នកមិនបានកំណត់ច្បាស់លាស់ អ្នកក៏មិនដឹងថាតើគួរស្តារស្ថានភាពលំបាករបស់អ្នកតាមវិធីណាដែរ។

២) ពិនិត្យមើលផែនការអាជីវកម្មឡើងវិញ

បន្ទាប់ពីពិនិត្យលើចំណុចសំខាន់ៗខាងលើរួច អ្នកត្រូវរៀបចំ ឡើងវិញនូវផឬនការអាជីវកម្មថ្មីព្រោះស្ថានភាពបែបនេះ អ្នកមិនអាចបន្តដំណើរលើគន្លងដានផ្លូវចាស់ដែលអ្នកបានគូសវាយកាលពីមុននោះទេ។ ពេលខ្លះដើម្បីរក្សាឲ្យអាជីវកម្មរស់រានបន្តបាន អ្នកអាចគ្រាន់តែប្តូរផ្លូវដើរដោយរក្សាគោលដៅដដែល តែសម្រាប់អាជីវកម្មខ្លះវិញ គោលដៅដែលបានកំណត់រួចមកមិនអាចយកមកប្រើប្រាស់ក្នុងកាលៈទេសៈបែបនេះទេ ហើយវាទាមទារឲ្យអ្នកផ្លាស់ប្តូរទាំងស្រុងក៏មាន។ 

៣) ពិចារណាថាតើអ្នកត្រូវការទុកដើម្បី Recover ដែរទេ? ហើយចំនួនប៉ុន្មាន?

បន្ទាប់ពីជាប់គាំង តើអាជីវកម្មអ្នកធ្លាក់ដល់កម្រិតមួយស្រោចស្រង់មិនបាន ឬនៅអាចមានសង្ឃឹមបន្តដំណើរទៅមុនសន្សឹមៗ? មានតែអ្នកទេដែលអាចឆ្លើយសំណួរមួយនេះបាន។ ពិតណាស់ថា ទាល់តែអ្នកដែលមានទុនបំរុងរាល់លានទើបអាចនិយាយថាអាជីវកម្មរបស់ខ្លួនមិនសូវជាជួបបញ្ហា តែសម្រាប់អាជីវកម្មដែលមានទុនមធ្យមច្បាស់ជាជួបបទពិសោធន៍ឈឺចាប់ច្រើនក្នុងការលៈទេសៈបែបនេះ។ វាជាពេលវេលាដែលអ្នកត្រូវបង្ហាញពីសក្តានុពលរបស់អ្នក ក្នុងការស្វែងរកប្រភពទុនមកប៉ះប៉ូវ និងសង្គ្រោះជីវិតអាជីវកម្មរបស់អ្នក។ យកផែនការអាជីវកម្មដែលអ្នកធ្វើ រៀបចំឡើងវិញនោះជាទុនសំខាន់បំផុតដើម្បីជាតឹកតាងស្វែងរកទុនបន្ថែម វាជាអ្វីដែលអ្នកត្រូវពិចារណាខ្លាំងបំផុត។

៤) កែប្រែកញ្ចប់ថវិកាដើម្បីគិតគូរលើខ្ទង់ចំណាយថ្មី

វាជាពេលមួយដែលអ្នកត្រូវការប្រភពចំណូលជាចាំចាប់ ហើយអ្នកក៏ទំនងជាត្រូវការចំណាយមុនពេលទទួលបានផលចំណេញមកវិញ។ ដូច្នេះអ្នកត្រូវពិចារណាយ៉ាងល្អិតល្អន់ថា គម្រោងមួយណា ឬសកម្មភាពការងារមួយណាដែលចាំបាច់ត្រូវធ្វើ ហើយសកម្មភាពណាដែលមិនសូវជាចាំបាច់អាចពន្យារពេលសិនបាន ព្រោះក្នុងគម្រោង ឬផែនការណាមួយ រាល់សកម្មភាពគឺជាការចំណាយ។

៥) កំណត់ពេលវេលាច្បាស់លាស់ដើម្បីរៀបចំអាជីវកម្មឡើងវិញ

អ្នកអាចនឹងមានរឿងច្រើនណាស់ត្រូវធ្វើ ព្រោះអ្នកមិនមែនទំនេរចាំគិតតែបញ្ហាអាជីវកម្មមួយប៉ុណ្ណោះទេ។ តែអ្វីដែលអ្នកដឹងច្បាស់នោះគឺពេលវេលាវាមានកំណត់សម្រាប់អ្នក បើការលៃលកបែងចែកពេលវេលាធ្វើទៅមិនបានល្អអ្នកក៏មិនអាចធ្វើឲ្យអាជីវកម្មមួយនេះមានជីវិតបន្តដែរ។ អាទិភាពនៃសកម្មភាពការងារអាជីវកម្មត្រូវតែកំណត់ឲ្យបានជាក់លាក់ ហើយអ្នកក៏ត្រូវមើលស្ថានភាពសង្គមជាក់ស្តែងថា ការចម្លងកូវីដ ១៩ នៅក្នុងតំបន់របស់អ្នកមានភាពថមថយហើយឬនៅ។ បើអ្វីៗហាក់មានភាពថមថយនិងអាចវិលមកសភាពធម្មតាវិញ អ្នកត្រូវធ្វើការកំណត់ពេលវេលាសម្រាប់បើកដំណើរការអាជីវកម្មជាប្រក្រតីវិញ ពេលណាដែលអ្នកដែលអ្នកគួរហៅបុគ្គលិកមកធ្វើការងារជាធម្មតាវិញ។ លើសពីនេះ បើអ្នកអាននឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរការឡើងវិញមួយនេះចៀសវាងការយឺតយ៉ាវ ព្រោះយូរឬឆាប់អ្នកគង់ត្រូវបើកដំណើរការឡើងវិញដដែល។ តែត្រូវចាំថា អ្វីៗត្រូវធ្វើឡើងតាមការអនុញ្ញាតរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល និងការបន្តចម្លងនៃកូវីដ ១៩៕

 

 

X
5s