ទោះវៀតណាមកំពុងដណ្ដើមប្រជាប្រិយភាពពីចិន តែវិស័យឧស្សាហកម្មយានយន្តរបស់ខ្លួនកំពុងធ្លាក់ចុះ​



គេបានសង្កេតឃើញថា វិស័យឧស្សាហកម្មយានយន្តវៀតណាមមានការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់តាំងពីរដ្ឋាភិបាលបានប្រកាសគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មយានយន្តក្នុងឆ្នាំ ១៩៩៨ មក។ តែនៅពេលថ្មីៗនេះគេបានព្យាករណ៍ថាវិស័យពាណិជ្ជកម្មឧស្សាហកម្មយានយន្តសកលនឹងរងផលប៉ះពាល់ ធ្លាក់ចុះប្រមាណ ២២ភាគរយ ស្មើប្រមាណ ២,៦លានគ្រើងក្នុងឆ្នាំ ២០២០ នេះបើធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ កន្លងទៅ។

ការរីករាលដាលជាសកលនៃកូរ៉ូណាវីរុស បានធ្វើឲ្យមានការជាប់គាំងនិងជះឥទ្ធិពលខ្លាំងដល់រោងចក្រឧស្សាហកម្មយានយន្តសកល និងជាមូលហេតុបណ្ដាលឲ្យមានការធ្លាក់ចុះផលិតផលក្នុងស្រុកពិតសកលក្នុងឆ្នាំ ២០២០ នេះដូចគ្នា។ 

យោងតាមសមាគមអ្នកផលិតយានយន្តវៀតណាម Vietnam Automobile Manufacturers’ Association (VAMA) បានឲ្យដឹងថា ឧស្សាហកម្មបានចុះបញ្ជីរថយន្តតែ ១១,៧៦១ គ្រឿងដែលក្នុងនោះមានរថយន្តដឹកអ្នកដំណើរ ៧,៧៩៦ គ្រឿងរថយន្តពាណិជ្ជកម្ម ៣,៦៥២ គ្រឿង និងយានយន្តប្រភេទ special purpose ៣១៣ គ្រឿង នៅក្នុងខែមេសាឆ្នាំ ២០២០ ។ ក្នុងនោះក៏បានបង្ហាញដែរថា ការលក់រថយន្តសម្រាប់ដឹកអ្នកដំណើរមានការធ្លាក់ចុះ ៤០ ភាគរយ រថយន្តសម្រាប់ធ្វើពាណិជ្ជកម្មធ្លាក់ចុះ ២៦ ភាគរយ និងយានជំនិះជំនាញ ឬ specialized vehicles ១៦ ភាគរយបើប្រៀបធៀបនឹងខែមុន។ ទីផ្សាររថយន្តទាំងមូលគិតក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០២០ ធ្លាក់ចុះ ៣៦ ភាគរយ។ មូលហេតុចំបងនៃការធ្លាក់ចុះសម្រាប់ការលក់គឺ ផលប៉ះពាល់នៃជំងឺរាតត្បាតរាលដាលកូវីដ ១៩ ស្របពេលដែលវៀតណាមបានដាក់ចេញនូវវិធានការណ៍ឃ្លាតឆ្ងាយពីសង្គម Social Distancing ដើម្បីការពារការរីករាលដាលនៃការឆ្លងវីរុសនេះ ធ្វើឲ្យប្រជាជនទិញរថយន្តថ្មីតិចជាងមុន។

ជាមួយគ្នានេះដែរ គេបានធ្វើការព្យាករណ៍ថាយានយន្តដែលផ្គត់ផ្គង់ក្នុងប្រទេសវៀតណាម ៧០ភាគរយជារថយន្តដែលដំឡើងក្នុងប្រទេស ខណៈរថយន្តនាំចូលមានត្រឹម ៣០ភាគរយប៉ុណ្ណោះ។ ការផលិតយានយន្តក្នុងប្រទេសវៀតណាមមានការបែងចែកជា ៣ ទម្រង់ធំៗគឺ ទី១៖ Complete Knocked-Down (CKD) ជាការផលិតដែលនាំចូលសមាសធាតុ ឬគ្រឿងបង្គំយានយន្ត ១០០% ហើយធ្វើការតំឡើងនៅរោងចក្រក្នុងប្រទេសវៀតណាម។ ទី២៖ Semi-Knocked-Down (SKD) ជាការផលិតដែលប្រើគ្រឿងបង្គំក្នុងស្រុកហើយតំឡើងនៅរោងចក្រប្រទេសវៀតណាម។ និងទី៣៖ Complete Built-Up (CBU) សំដៅទៅលើយានយន្តដែលផលិតនៅបរទេស និងនាំចូល ១០០ភាគរយចូលមកលក់ក្នុងប្រទេសវៀតណាម៕

 

X
5s