រឿងទាំង ១០ ធ្វើហើយ ជួយអ្នកឲ្យទទួលបានសុភមង្គល ជីវិតរីករាយ​



សុភមង្គលមិនមែនបានចំពោះមនុស្សគ្រប់រូបនោះទេ​ វាតម្រូវឲ្យអ្នកលះបង់ច្រើនទាំងពេលវេលា និងថវិកានោះទេ។ មានរឿងតូចៗមួយចំនួនក៏អាចធ្វើឲ្យអ្នកអាចទទួលបានសុភមង្គលបានដែរ។ ខាងក្រោមនេះគឺជារឿងទាំង ១០ យ៉ាងដែលអ្នកគួរសាកល្បងធ្វើដើម្បីទទួលបានសុភមង្គល៖

១) ការផ្តល់ឲ្យ
ការយកចិត្តទុកដាក់ចំពោះអ្នកដទៃគឺជាគ្រឹះនៃសុភមង្គល។ ការជួយអ្នកដទៃគឺមិនត្រឹមតែផ្តល់ផលល្អសម្រាប់ពួកគេ និងជារឿងអស្ចារ្យដែលត្រូវធ្វើប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យយើងរីករាយ និងមានសុខភាពល្អទៀតផង។ ការផ្តល់ក៏បានបង្កើតឲ្យយើងអាចតភ្ជាប់ទំនាក់ទំនងកាន់តែរឹងមាំរវាងមនុស្ស និងជួយកសាងសង្គមដែលសប្បាយរីករាយសម្រាប់មនុស្សមនុស្សគ្រប់គ្នា។ ហើយរឿងទាំងអស់នោះមិនមែនសុទ្ធតែផ្តើមចេញពីប្រាក់នោះទេ យើងក៏អាចផ្តល់ពេលវេលា គំនិត និងថាមពលរបស់យើងទៅពួកគេបានដែរ។ ដូច្នេះប្រសិនបើអ្នកចង់មានអារម្មណ៍ល្អចូរធ្វើវា។

២) ទំនាក់ទំនង
ទំនាក់ទំនងគឺជាកត្តារួមដ៏សំខាន់បំផុតមិនថាជាមួយគ្រួសារ និងមិត្តភក្តិនោះទេ វាបានផ្តល់នូវក្តីស្រឡាញ់ អត្ថន័យនៃជីវិតកាន់តែមានតម្លៃសម្រាប់ខ្លួនឯង។ មនុស្សដែលមានទំនាក់ទំនងសង្គមរឹងមាំ និងទូលំទូលាយតែងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ខ្លួនគេ។ ដូច្នេះចាត់វិធានការដើម្បីពង្រឹងទំនាក់ទំនងរបស់យើង និងបង្កើតទំនាក់ទំនងថ្មីគឺចាំបាច់សម្រាប់សុភមង្គល។

៣) ការហាត់ប្រាណ
រាងកាយ និងចិត្តរបស់យើងមានទំនាក់ទំនងគ្នា។ ដូច្នេះការធ្វើឲ្យខ្លួនឯងសកម្មជាប្រចាំវាចាំបាច់ខ្លាំងណាស់ក្នុងការបង្កើនសុខភាពផ្លូវចិត្ត និងល្អចំពោះសុខភាពរាងកាយ។ មិនតែប៉ុណ្ណោះវាធ្វើឲ្យអារម្មណ៍របស់យើងប្រសើរឡើងភ្លាមៗហើយថែមទាំងអាចជួយយើងឲ្យរួចផុតពីជំងឺធ្លាក់ទឹកចិត្តផងដែរ។ យើងមិនចាំបាច់ទាល់តែរត់ម៉ារ៉ាតុងនោះទេ មានរឿងសាមញ្ញៗជាច្រើនដែលយើងទាំងអស់គ្នាអាចធ្វើវាបានយ៉ាងសកម្មជារៀងរាល់ថ្ងៃ។

៤) ការយកចិត្តទុកដាក់
កត់សម្គាល់មនុស្សជុំវិញអ្នក និងយកចិត្តទុកដាក់លើអ្វីដែលបានកើតឡើង ឬមិនទាន់កើត។ រឿងទាំងអស់នោះហើយជាមេរៀនមានតម្លៃរបស់អ្នក​ កត់ចំណាំនូវអ្វីថ្មីដែលកំពុងកើត និងរៀនពីវាឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ហើយរឿយមួយទៀតដែលអ្នកត្រូវយកចិត្តទុកដាក់ធ្វើបន្ថែមទៀតនោះគឺសម្លឹងទៅរកអនាគតដែលនៅឆ្ងាយនាពេលខាងមុខ។

៥) ព្យាយាមរៀនអ្វីថ្មីៗជាប្រចាំ
រក្សាការរៀនអ្វីដែលថ្មី ព្រោះការរៀនសូត្រជះឥទ្ធិពលដល់សុខុមាលភាពរបស់យើងតាមរបៀបវិជ្ជមានជាច្រើន។ វាបង្ហាញឲ្យយើងដឹងពីគំនិតថ្មី ហើយជួយយើងឲ្យចង់ដឹងចង់ឃើញនិងចូលរួម។ វាក៏ផ្តល់ឲ្យយើងនូវអារម្មណ៍នៃសមិទ្ធិផល និងជួយបង្កើនទំនុកចិត្តលើខ្លួនឯងនិងភាពធន់។ មានវិធីជាច្រើនដើម្បីរៀនអ្វីថ្មី មិនត្រឹមតែតាមរយៈការសិក្សានៅសាលាប៉ុណ្ណោះទេ។ យើងអាចចែករំលែកជំនាញជាមួយមិត្តភក្តិ​ ចូលរួមក្លឹបរៀន ច្រៀង លេងកីឡាថ្មី និងច្រើនទៀតបាន។

៦) មានគោលដៅចង់ឆ្ពោះទៅមុខ
ការមានក្តីសង្ឃឹមអំពីអនាគតគឺមានសារៈសំខាន់សម្រាប់សុភមង្គលរបស់យើង។ យើងទាំងអស់គ្នាត្រូវការគោលដៅក្នុងការជំរុញទឹកចិត្តយើង ហើយតម្រូវការទាំងនេះត្រូវតែមានការប្រកួតប្រជែងគ្រប់គ្រាន់ដើម្បីធ្វើឲ្យយើងរំភើប ប៉ុន្តែក៏អាចសម្រេចបានដែរ។ ប្រសិនបើយើងព្យាយាមប៉ុនប៉ងអ្វីមិនអាចទៅរួចនោះវានឹងនាំមកនូវភាពតានតឹងដែលមិនចាំបាច់ទៅវិញទេ។ ការជ្រើសរើសគោលដៅដែលមានមហិច្ឆតាតែមានភាពប្រាកដនិយមនោះ វាបានផ្តល់នូវទិសដៅជីវិតរបស់យើងច្បាស់លាស់ និងនាំមកនូវអារម្មណ៍នៃសមិទ្ធិផល និងការពេញចិត្តនៅពេលយើងសម្រេចគោលដៅទាំងនោះ។

៧) ការតស៊ូ
យើងទាំងអស់គ្នាមានភាពតានតឹងនៅពេលមានការបាត់បង់ បរាជ័យ ឬរបួសក្នុងជីវិតរបស់យើង។ ប៉ុន្តែរបៀបដែលយើងឆ្លើយតបចំពោះបញ្ហាទាំងនេះជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខុមាលភាពរបស់យើង។ ជារឿយៗយើងមិនអាចជ្រើសរើសអ្វីដែលកើតឡើងចំពោះយើងទេ ប៉ុន្តែយើងអាចបង្កើតអាកប្បកិរិយាផ្ទាល់ខ្លួនរបស់យើងចំពោះអ្វីដែលកើតឡើង។ នៅក្នុងការអនុវត្តមិនងាយស្រួលទេ ប៉ុន្តែវានឹងងាយស្រួលសម្រាប់មនុស្សណាដែលមានការតស៊ូក្នុងជីវិត និងរៀនពីបទពិសោធន៍ជីវិតដែលធ្លាប់បានឆ្លងកាត់។

៨) អារម្មណ៍វិជ្ជមាន
អារម្មណ៍វិជ្ជមានមិនមែនមានតែនៅពេលមានសេចក្តីអំណរអរគុណ ការដឹងគុណ ការស្កប់ចិត្ត និងមានមោទកភាពប៉ុណ្ណោះទេ។ ភាពវិជ្ជមានតម្រូវឲ្យអ្នកមានជាចាំបាច់មិនថានៅស្ថានភាពមួយណាក៏ដោយ។ ដូច្នេះបើនៅពេលណាដែលអ្នកមិនមានភាពប្រាកដប្រជានៅក្នុងជីវិត ចូលអ្នកនឹកឃើញនូវរឿងអ្វីដែលធ្វើឲ្យអារម្មណ៍របស់អ្នកល្អ ឬផ្តោតលើទិដ្ឋភាពល្អនៃស្ថានភាពណាមួយ។

៩) ទទួលយក
គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ ប៉ុន្ដែជាញឹកញាប់យើងបានចំណាយពេលប្រៀបធៀបផ្នែកខាងក្នុងរបស់យើងទៅនឹងមនុស្សនៅខាងក្រៅ។ ជៀសវាងការបន្ទោសបង្អាប់ខ្លួនឯង តូចចិត្តនឹងខ្លួនឯង ហើយយកពេលវេលាទៅធ្វើរឿងដែលមានប្រយោជន៍ប្រសើរជាង។ ដូច្នេះចំណាយពេលជាមួយខ្លួនឯងឲ្យបានច្រើនជាជាងជាមួយអ្នកដទៃ និងធ្វើអ្វីដែលយើងគិតថាមានសុភមង្គលសម្រាប់ខ្លួនឯង។

១០) គោលដៅជីវិត
មនុស្សណាដែលមានអត្ថន័យ និងគោលបំណងនៅក្នុងជីវិតរបស់ពួកគេគឺពួកគេរស់នៅយ៉ាងមានសុភមង្គល។ ហើយមានអារម្មណ៍ថាការគ្រប់គ្រង និងការទទួលបានអ្វីច្រើនជាងអ្វីដែលពួកគេធ្វើ។ ពួកគេក៏ជួបប្រទះភាពតានតឹង ការថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តតិចផងដែរ។ នៅក្នុងជីវិតរបស់យើងម្នាក់ៗមានគោលបំណង​ និងអត្ថន័យជីវិតខុសៗគ្នា ផ្សេងៗគ្នា ប៉ុន្តែគោលដៅជីវិតដូចគ្នា៕

ដោយ៖ Anthony Arthur

X
5s