មេរៀនភាពជាសហគ្រិនចំនួន ៥ ដែលអ្នកអាចរៀនពីលោក Elon Musk​



គ្មាននរណាម្នាក់អាចនិយាយបានថាជីវិតរបស់សហគ្រិនគឺសុទ្ធតែមានភាពងាយស្រួល ទទួលបានជោកជ័យភ្លាមៗ ឬអាចធានាបាន ១០០ភាគរយលើការទទួលជោគជ៧យនោះឡើយ។ មានរឿងជាច្រើនដែលសហគ្រិនគ្រប់រូបបាននិងកំពុងជួបប្រទះ ជាក់ស្តែងដូចជាការរាតត្បាតនៃជំងឺ Covid 19 នេះជាដើម។ប្រសិនបើអ្នកកំពុងពិចារណាធ្វើតាមអ្វីដែលអ្នកចង់បាន និងកសាងអាជីវកម្មនៃក្តីសុបិន្តរបស់អ្នក យើងគិតថាអ្នកទាំងអស់គ្នាប្រហែលជាត្រូវពិនិត្យលើចំណុចខាងក្រោមនេះ ហើយរៀនមេរៀនមួយពី Elon Musk។

នេះជាការពិត ៥ យ៉ាងដែលបានផ្តល់ជូនដោយស្តេចបច្ចេកវិទ្យាផ្ទាល់៖

១) នៅពេលដែលអ្នកដឹងថាអ្វីមួយមានភាពសំខាន់គ្រប់គ្រាន់ អ្នកត្រូវធ្វើវាដោយក្តីពេញចិត្ត និងក្តីស្រលាញ់

អ្នកដែលមានគំនិតជាសហគ្រិនពិតប្រាកដ នោះគេមិនអនុញ្ញាតឲ្យនរណាម្នាក់ដែលពោរពេញទៅដោយភាពអវិជ្ជមានចូលមកបំផ្លាញក្តីសុបិន ឬគោលដៅរបស់គេនោះឡើយ។ ពួកគេជឿជាក់លើអនាគតដែលគេបានដៅទុក ហើយពួកគេក៏នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើសម្លេងរំខានដល់ការសម្រេចចិត្តរបស់ពួកគេដែរ ព្រោះអ្នកដែលជាសហគ្រិនគឺតែងសម្លឹងលើអនាគតរយៈពេលវែង ជាជាងស្រេកឃ្លានចង់បានភាពជោគជ័យភ្លាមៗ។ 

២) គេគិតជានិច្ចថាធ្វើយ៉ាងណាឲ្យខ្លួនឯងបានរីកចម្រើន ហើយកាន់តែប្រសើរជាងមុន

Elon Musk និយាយថា នៅពេលដែលអ្នកជាសហគ្រិនម្នាក់ អ្នកជាមនុស្សម្នាក់ដែលបានមើលឃើញពីឱកាសមុនអ្នកដទៃ តែអ្នកក៏បានដឹងដែរថាឱកាសអ្នកនឹងកាន់តែតិចទៅៗ ដូច្នេះអ្នកត្រូវធ្វើតាមប៉ុន្មានចំណុចខាងក្រោមនេះ៖

ក) មានឆន្ទៈក្នុងការរៀនសូត្រពីបុគ្គល ឬសហគ្រិនជោគជ័យពីវិធីសាស្ត្រដែលពួកគេអភិវឌ្ឍខ្លួន ឬការវិនិយោគរបស់គេជាដើម

ខ) អានសៀវភៅ ឬមើលវីឌីអូ ចូលរួមសិក្ខាសាលា ឬសន្និសីទរបស់ពួកគេ

គ) កុំធ្វើការសន្និដ្ឋានលឿនពេកថាអ្វីដែលសហគ្រិនបាននិយាយចេញមកទាំងអស់សុទ្ធតែល្អ ពិសេសចំពោះគម្រោងនៃការវិនិយោគរបស់គេ តែអ្នកត្រូវមើលលើភាពជាក់ស្តែង

ឃ) យកអ្វីមួយដែលអ្នកបានសិក្សាពីពួកគេ ចំណុចទាំងនោះអាចប្រាកដបានថាវាមានឥទ្ធិពលល្អសម្រាប់អ្នកក្នុងការគិត និងអនុវត្តដើម្បីអភិវឌ្ឍខ្លួនឯង

៣) ជីវិតមនុស្សម្នាក់ៗខ្លីណាស កុំចងគំនុំយូរពេក

ពេលវេលាសម្រាប់មនុស្សម្នាក់ៗមានមិនច្រើនសម្រាប់អ្នកយកទៅបំផ្លាញចោលទេ អ្នកមិនគួរចំណាយវេដោយឥតប្រយោជន៍ក្នុងការចងគំនុំជាមួយមនុស្សដែលឥតបានការ ឬនាំតែភាពក្តៅក្រហាយដល់អ្នកនោះឡើយ។ ប្រើពេលវេលាដែលមានទៅសិក្សា ប្រកបការងារ ឬធ្វើអាជីវកម្មនិងលើកទឹកចិត្តខ្លួនឯងប្រសើរ ជាជាងរក្សាកំហឹងក្នុងចិត្តចាំដុតរោលរាលអ្នករាល់ពេល។

៤) ការអត់ធ្មត់ជាគុណធម៌មួយដ៏ល្អ ហើយការអត់ធ្មត់ជាមេរៀនដ៏លំបាកមួយដើម្បីអ្នករៀនពីវា

ភាគជោគជ័យមិនមែនបានមកដល់ដៃអ្នកភ្លាមៗនៅថ្ងៃនេះ ឬថ្ងៃស្អែក ឬបន្ទាប់ពីអ្នកចាប់ផ្តើមអាជីវកម្មទើបតែបានមួយសប្ដាហ៍ មួយខែ ឬពីរខែនោះទេ។ វាត្រូវការពេលវេលាដើម្បីទទួលបានផលពីអ្វីដែលអ្នកកំពុងសាងវាឡើងមក ដូច្នេះទើបអ្នកត្រូវ៖

ក) អ្នកត្រូវតែត្រៀមខ្លួនសម្រាប់ការតស៊ូជាច្រើនឆ្នាំមុនពេលជោគជ័យមកដល់

ខ) ទន្ទេញពាក្យថាអត់ធ្មត់ក្នុងការស្វែងរកឧត្តមភាពសម្រាប់ខ្លួនឯង សម្រាប់អាជីវកម្ម ដើរលើផ្លូវឲ្យបានច្រើនដើម្បីឲ្យអ្នកបានស្គាល់ពីអ្វីដែលជាភាពបរាជ័យ ការឈឺចាប់ ទើបអ្នកដឹងពីតម្លៃនៃកាតអត់ធ្មត់ និងតម្លៃនៃផលដែលអ្នកទទួលបាន

៥) បង្កើតក្តីសុបិន

Elon Musk បាននិយាយថា «ខ្ញុំគិតថាវាជាការប្រសើរណាស់ដែលកើតនៅលើផែនដី និងស្លាប់នៅលើភពព្រះអង្គារ» លោកនិយយបែបនេះព្រោះភពព្រះអង្គារគឺជាការខិតខំប្រឹងប្រែងលោកក្នុងការទៅដល់ទីនោះ រួមជាមួយការបង្កើតគោលដៅនៃការបង្កើតអ្វីលើសពីនេះជាច្រើនទៀត។ Elon Musk លើកឡើងដូច្នេះគឺចង់មានន័យថា មនុស្សគ្រប់រូបមានសិទ្ធិក្នុងការបង្កើតក្តីស្រមៃរបស់ខ្លួន ហើយបើចង់ឲ្យវាក្លាយជាការពិត និងជាជោគជ័យមួយលុះត្រាអ្នកបំបែងក្តីសុបិនជាគោលដៅ និងមានផែនការច្បាស់លាស់ក្នុងការដើរទៅរកគោលដៅមួយនោះ។ លើសពីនេះអ្នកក៏មិនត្រូវរាថយជាមួយឧបសគ្គ និងភាពបរាជ័យដែលនឹងមករារាំងអ្នកនោះដែរ៕

 

X
5s