Covid 19 ជះឥទ្ធិពលខ្លាំងយ៉ាងណាដល់ការវិនិយោគអចលនទ្រព្យ? មកមើលការលើកឡើងពីបណ្ឌិត គីម ហ៊ាង​



យោងតាមប្រសាសន៍របស់ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានឲ្យដឹងថា ផលប៉ះពាល់ដោយសារ covid-19 គឺជាផលប៉ះពាល់មួយដែលជះឥទ្ធិពលខ្លាំង និងមិនទាន់អាចធ្វើការបានស្មានពីទំហំនៃការប៉ះពាល់នេះបាននៅឡើយទេ។ 

យើងបានដឹងហើយថាសេដ្ឋកិច្ចកម្ពុជាមានដំណើរការរីកចម្រើនរហូតមកទល់ពេលនេះ វាត្រូវការពឹងផ្អែកមួយផ្នែកធំពីការវិនិយោគបរទេស ឬហៅថា Foreign Direct Investment ហើយការវិនិយោគ​ពីបរទេសនេះ ក៏ត្រូវការពឹងផ្អែក​មួយផ្នែកធំ​ដូចគ្នាទៅលើ​វិស័យអចលនទ្រព្យ។ អ្នកវិនិយោគធំៗមួយចំនួន​បានដាក់លុយ​ដើម្បីវិនិយោគលើគម្រោង​សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ចំណែកឯទឹកប្រាក់ដែលនៅ​សេសសល់ពីអ្នកវិនិយោគ​ផ្សេងៗទៀត (ទំហំទឹកប្រាក់តិច) គឺត្រូវបានពង្រាយតាមតំបន់ជាយក្រុង ឬនៅតាមបណ្ដាខេត្តមួយចំនួន។ 

ដោយសារ covid-19 វាបានកាត់ផ្ដាច់នូវចរន្តសាច់ប្រាក់ពីបរទេស ព្រោះអ្នកវិនិយោគមិនអាចចូលមកក្នុងប្រទេសកម្ពុជាបានតាមរយៈការដាក់កម្រិតនៃការចេញចូលពីបរទេស ទោះបីជាកម្ពុជាមិនបានធ្វើការបិទជើងហោះហើរទាំងស្រុងក្តី ប៉ុន្តែនៅតាមបណ្ដាប្រទេសធំៗមួយចំនួនបានដាក់កម្រិតលើការចេញចូលប្រទេសរបស់គេ ជាហេតុនាំឲ្យអ្នកវិនិយោគធំៗមិនអាចបញ្ជូនលុយមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាបាន។ លោកបណ្ឌិតបានបន្តថា៖ «នៅក្នុងស្ថានភាពបែបនេះទោះបីចង់ឬមិនចង់ ប៉ុន្តែការវិនិយោគលើគម្រោងធំៗនៅរាជធានីភ្នំពេញគឺត្រូវជាប់គាំងស្វ័យប្រវត្តិ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីបុគ្គលដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងបរទេស ពាក់ព័ន្ធជាមួយនឹងការវិនិយោគឬការបណ្ដាក់ទុននានាក៏កំពុងរងផលប៉ះពាល់ដោយសារការផ្តាច់ទំនាក់ទំនងបង្កដោយ covid-19 នេះដែរ»។

ជាមួយគ្នានេះដែរ លោកបណ្ឌិត គីម ហ៊ាង ក៏បានបន្ថែមទៀតថា៖ «បើនិយាយពីវិស័យអចនទ្រព្យដែលទទួលបានការវិនិយោគច្រើនជាងគេពីបរទេស នោះគឺការវិនិយោគលើគម្រោងខុនដូ។ ទោះបីជាមិនទាន់មានទិន្នន័យច្បាស់លាស់នៅក្នុងដៃក៏ដោយ ប៉ុន្តែខ្ញុំហ៊ានសន្និដ្ឋានថាមិនក្រោម ៩០ ភាគរយទេ ដែលការវិនិយោគលើខុនដូរងផលប៉ះពាល់ ព្រោះបើតាមសកម្មភាពនៃការវិនិយោគ ការទិញលក់ខុនដូគឺស្ងាត់ឈឹងតែម្ដង។ អញ្ចឹងហើយទំនាក់ទំនងជាមួយនឹងបុរីក៏ដូចគ្នា ទោះចង់ឬមិនចង់ការវិនិយោគនៅបុរីក៏មានការធ្លាក់ចុះទៅតាមនឹងដែរ»។ 

ងាកទៅការទិញលក់គម្រោងដីឡូតិ៍វិញ លោកបណ្ឌិតបានមានប្រសាសន៍ថា៖ «យើងត្រូវយល់ថា អ្នកដែលធ្វើការវិនិយោគលើដីឡូត៍គឺជាអ្នកដែលមានលទ្ធភាពនិងចំណូលក្រោមមធ្យម ចង់ឲ្យការទិញលក់ដីឡូតិ៍ដើរគឺត្រូវពឹងលើពួកគាត់ដែរ»។ ក្នុងន័យនេះមានន័យថាអ្នកវិនិយោគដីឡូតិ៍ភាគច្រើនគឺជាកម្មកររោងចក្រ អាជីវករ មន្ត្រីរាជការ ហើយករណី covid-19 នេះមិនមែនជះឥទ្ធិពលតែលើជនបរទេសដែលវិនិយោគនៅលើអចលនទ្រព្យក្នុងប្រទេសកម្ពុជានោះទេ តែដូចបានឃើញស្រាប់តាមបណ្ដារោងចក្រ សណ្ឋាគារ និងអាជីវកម្មជាច្រើនក៏បានរងផលប៉ះពាល់ ហើយអ្នកទាំងអស់នោះក៏ត្រូវបាត់បង់ចំណូល ជាហេតុនាំឲ្យការវិនិយោគលើដីឡូត៍ក៏ត្រូវបានធ្លាក់ចុះដូចគ្នា។ 

និយាយជារួម covid-19 គឺបង្កផលប៉ះពាល់លើគ្រប់ផ្នែក គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ហើយវាក៏ត្រូវការពេលមួយរយៈដែរក្នុងការធ្វើឲ្យសេដ្ឋកិច្ចត្រលប់មកសភាពធម្មតាវិញ៕

ដោយ៖ យ៉ាយ៉ា

X
5s