អ្នក​ជំនាញ​៖ ដោយសារ COVID 19 កម្ពុជាត្រូវការពេលពី ២ទៅ៣ឆ្នាំ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ​



វិបត្តិ covid-19 នៅតែបន្តញាំញីសេដ្ឋកិច្ចពិភពលោក មិន​ថា​ប្រទេស​កំពុង​អភិ​វឌ្ឍ ឬ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ខ្លាំង​កម្រិតណា​ក៏​ត្រូវ​រង​ការ​ប៉ះពាល់​ដូចគ្នា។ ជាង​នេះ​ទៀត​យើង​សង្កេត​ឃើញ​ថា នៅតាមបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និង​ប្រទេសមហាអំណាចសេដ្ឋកិច្ចស្ទើរក្លាយជាអ្នកដែលទទួលរងផលប៉ះពាល់ធំជាងគេ។ 

លោក​ង៉ែត ជូ

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយរវាងគេហទំព័រ Bizkhmer ជាមួយ លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចនិងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុន EMC លោកបានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ពាក្យវិបត្តិ covid-19 ក្នុងរយៈពេលយូរមិនបានរយៈពេលខ្លីនោះទេ។ ទោះជាកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍ covid-19 បានល្អក៏ដោយ ប៉ុន្តែត្រូវមើលថាស្ថានភាពជំងឺ covid-19 នៅទូទាំងពិភពលោកគឺនៅតែបន្តក្នុងស្ថានភាពអាក្រក់ហើយមិនទាន់អាចមានការគ្រប់គ្រងបានល្អនៅឡើយនោះទេ លោកបានបញ្ជាក់ដូច្នេះ។ 

សេដ្ឋកិច្ចកម្ពុជាមានការពឹងផ្អែកទៅលើការនាំចេញទំនិញ និងវាយនភ័ណ្ឌទៅកាន់ទីផ្សារអឺរ៉ុប តែដោយសារការញាំញីដោយវិបត្តិ covid-19 ធ្វើឲ្យសហភាពអឺរ៉ុបបានផ្អាកការបញ្ជាទិញ នាំឱ្យរោងចក្រមួយចំនួននៅកម្ពុជាត្រូវបានបិទទ្វារហើយវាបានប៉ះពាល់ដល់កម្មករជាង ១០ ម៉ឺននាក់។ លើសពីនេះកម្ពុជាក៏ពឹងផ្អែកមួយផ្នែកធំទៅលើវិស័យទេសចរណ៍ តែគិតមកទល់ពេលនេះវិស័យទេសចរណ៍នៅកម្ពុជាបានធ្លាក់ចុះស្ទើរតែទាំងស្រុង នេះបើតាមប្រសាសន៍របស់លោកង៉ែតជូ។

អ្នកជំនាញវិភាគសេដ្ឋកិច្ច ក៏បានបន្តទៀតថា វាហាក់ដូចជាពិបាកបន្តិចដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានៅពេលនេះអាចងើបរើបឡើងវិញក្នុងរយៈពេលខ្លី ដោយសារលក្ខខណ្ឌសេដ្ឋកិច្ចមិនអំណោយផល អ្នកដែលរងផលប៉ះពាល់ពី covid-19 ក៏មានច្រើនដែលអាចនិយាយបានថាស្ទើរគ្រប់វិស័យ។ បន្ថែមពីនេះទៀតបើនិយាយពីលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកវិញ ការដែលអាចនឹងត្រឡប់មកសភាពធម្មតាលុះត្រាតែការផលិតវ៉ាក់សាំងទទួលបានជោគជ័យ ១០០% ទើបអាចកំណត់បានថាពិភពលោកអាចគ្រប់គ្រងទៅលើវិបត្តិ covid-19 បានទាំងស្រុង។ ចំណុចមួយទៀតដែលអាចចាត់ទុកបានថាវាបង្កភាពស្មុគស្មាញមួយផ្នែកដែរនោះគឺ បញ្ហាដក EBA។ 

ឯកឧត្តម គួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការនៅឡើងពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារការងារក្នុងប្រទេសកម្ពុជាបច្ចុប្បន្នបន្ទាប់ពីមានការរងគ្រោះដោយវិបត្តិ Covid 19 ថា៖ «Covid 19 បានធ្វើឲ្យកម្ពុជារងផលប៉ះពាល់លើវិស័យ ៣ សំខាន់ៗរួមមាន វិស័យទេសចរណ៍ វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង នឹងវិស័យសំណង់ ដែលវិស័យនេះបានចូលរួមក្នុងការជំរុញកំណើនផលិតផលក្នុងស្រុកសរុបកម្ពុជាប្រមាណជា ៧១,៤%។ តាមរយៈការចូលរួមពីវិស័យធំទាំងបីខាងលើនេះវាអាចស្មើប៉ុន្មាននូវការផ្ដល់ការងារជូនដល់ប្រជាពលរដ្ឋ ១,៧លាននាក់»។ 

ឯកឧត្តម គួច សុមាន

ដូចគ្នានេះដែរ កម្ពុជាក៏នៅជួបប្រទះនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចមួយទៀតគឺ ការព្យួរផ្នែកខ្លះនៃ EBA តែឯកឧត្តមក៏បានបញ្ជាក់ថាផលប៉ះពាល់នៃការព្យួរ EBA នេះ គឺស្ថិតនៅក្នុងកម្រិតមួយទៀតដែលយើងអាចគ្រប់គ្រងបាន ពោលគឺទំនិញជាង ៨០មុខ ក្នុងវិស័យវាយនភណ្ឌត្រូវបានប៉ះពាល់។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះសេដ្ឋកិច្ចកម្ពុជាត្រូវការពឹងផ្អែកទៅលើប្រទេសនៅតាមបណ្ដា​សហ​គមន៍​​អឺរ៉ុប និងសហរដ្ឋអាមេរិក។ តែដោយសារផលប៉ះពាល់ពីវិបត្តិ covid-19 ធ្វើឲ្យបណ្ដាប្រទេសភាគច្រើននៅក្នុងសហគមន៍អ៊ីរ៉ុបបានផ្អាកការបញ្ជាទិញទៅលើទំនិញវាយនភ័ណ្ឌពីកម្ពុជា។ រីឯវិស័យទេសចរណ៍ និងការវិនិយោគផ្ទាល់ពីបរទេស (foreign direct investment) ក៏ដូចគ្នាដែរ វិបត្តិ Covid 19 បានកាត់បន្ថយភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិអឺរ៉ុបមកកម្ពុជាអស់មួយផ្នែកធំ។ ជាដំណោះស្រាយនៅកម្ពុជាត្រូវធ្វើនៅពេលនេះគឺ ការធ្វើពិពិធកម្មសេដ្ឋកិច្ចពិសេសគឺការធ្វើពិពិធកម្មទីផ្សារនៃការនាំចេញ ដោះស្រាយលើបញ្ហាកង្វះជំនាញរបស់កម្មករនិងបុគ្គលិក រួមទាំងការធានាឲ្យបាននូវទីផ្សារការងារសម្រាប់កម្មករនិយោជិកនានានៅក្នុងបរិបទនិងស្ថានភាពដ៏លំបាកមួយនេះ។

ជាមួយគ្នានេះដែរ ពាក់ព័ន្ធទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាថានៅវត្តត្រឡប់មកសភាពធម្មតាវិញនៅពេលណានោះ លោកបណ្ឌិត គីម ហ៊ាង ក៏បានមានប្រសាសន៍ដែរថា៖ «មិនអាចកំណត់បានទេថាសេដ្ឋកិច្ចកម្ពុជានឹងវិលត្រឡប់មកល្អវិញនៅពេលណា អ្វីៗវាអាស្រ័យទៅលើជំងឺ covid 19 បើវ៉ាក់សាំងអាចផលិតបានលឿន នោះការវិលត្រឡប់មកវិញនៃសេដ្ឋកិច្ចកម្ពុជាក៏ដូចជាសេដ្ឋកិច្ចពិភពលោកតែមួយក៏នៅឆាប់រហ័សដូចគ្នាដែរ។ បើអ្វីធ្វើឡើងទៅតាមការគ្រោងទុក ដោយវ៉ាក់សាំងអាចនឹងផលិតបានទៅចូលឆ្នាំ ២០២០ នេះ ចឹងហើយនៅកម្ពុជាក៏នឹងត្រូវចំណាយពេលពីរទៅបីឆ្នាំដែរក្នុងការធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ»។ 

បណ្ឌិត គីម ហ៊ាង

លោកបានបន្ថែមថា៖ «បើតាមស្ថានភាពជាក់ស្ដែងក្រោយពេលមានវ៉ាក់សាំងជាផ្លូវការ បីខែក្រោយមកអ្វីអាចនឹងវិលត្រឡប់មកសភាពដើមវិញដោយសារមនុស្សដែលមានការភ័យខ្លាចទៅលើការការពារ ប៉ុន្តែការនិយាយបែបនេះមិនមែនមានន័យថាសេដ្ឋកិច្ចនៅវត្តត្រឡប់មកជាប្រក្រតីវិញក្នុងរយៈពេល ៣ ខែនោះទេ ដូចដែលបានលើកឡើងពីខាងដើមយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលពីរទៅបីឆ្នាំដែរក្នុងការស្ដារសេដ្ឋកិច្ចឲ្យវិលត្រឡប់មកសភាពដើមវិញ»។

ឆ្លើយតបទៅនឹងសំណួរថា «មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោកបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះក្រោមសូន្យ គឺប្រមាណជា -១,៩%» តើវាជាភាពត្រឹមត្រូវដែរឬយ៉ាងណា? ត្រង់ចំណុចនេះលោកង៉ែត ជូ បានមានប្រសាសន៍ថា ការព្យាករណ៍នេះវាមានភាពត្រឹមត្រូវច្រើន ហើយវាបានក្លាយជាក្តីបារម្ភមួយរបស់អ្នកសេដ្ឋកិច្ច និងអ្នកធុរកិច្ចជាច្រើន។ 

«សម្រាប់ខ្ញុំការងើបរើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមិនអាចធ្វើឡើងក្នុងរយៈពេល ១ឆ្នាំ ឬ២ឆ្នាំនេះបានទេ ព្រោះដូចដែលបានដឹងថាវ៉ាក់សាំងសម្រាប់ការពារ covid-19 ក៏មិនទាន់អាចផលិតបាន ទោះបីមានការប្រកាសថាវ៉ាក់សាំងនឹងអាចមាននៅចុងត្រីមាសទី ៣ ឬដំណាច់ឆ្នាំ ២០២០ នេះក៏ដោយ តែទម្រាំមានការចែកចាយទូលំទូលាយក៏ត្រូវអូសបន្លាយ ៥ ទៅ ៦ខែបន្ថែមទៀត ពោលគឺអាចដល់ពាក់កណ្ដាលឆ្នាំ ២០២១ នេះបើក្នុងករណីសំណាងដែលវ៉ាក់សាំងអាចផលិតបាននៅចុងឆ្នាំ ២០២០នេះ»

លោកបានបន្ថែមថា៖ «មានស្ថាប័នមួយចំនួនបានបង្ហាញភាពសុទិដ្ឋិនិយមច្រើនចំពោះការត្រលប់មកភាពប្រក្រតី តែសម្រាប់ខ្ញុំវាហាក់ដូចជាលឿនពេកក្នុងការវិលត្រលប់មកសភាពធម្មតាក្នុងឆ្នាំ ២០២១ នោះ ព្រោះបើយោងតាមការប្រកាសពីអង្គការសុខភាពពិភពលោកនាពេលកន្លងមក ការអូសបន្លាយនេះអាចចំណាយពេលដល់ទៅ ៥ឆ្នាំទៀតឯណោះ»។ 

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសបានមានប្រសាសន៍ថា covid-19 គឺជាវិបត្តិរបស់សាកលលោកមិនមែនជាវិបត្តិរបស់ប្រទេសមួយពីរនោះទេ ដូច្នេះការដែលធ្វើអោយសេដ្ឋកិច្ចប្រទេសអាចវិលត្រឡប់មកសភាពធម្មតាវិញបាន លុះត្រាតែមានការចូលរួមពីយើងគ្រប់គ្នា។ បើម្នាក់ៗមិនព្រមត្រឡប់ទៅទីផ្សារដើម្បីធ្វើឲ្យមានសកម្មភាពឡើងវិញនោះទេ មនុស្សយើងមិនអាចស្ដារសេដ្ឋកិច្ចប្រទេសជាតិ ក៏ដូចជាសេដ្ឋកិច្ចរបស់សាកលលោកឡើងវិញបានដែរ។ សកម្មភាពដែលយើងត្រូវធ្វើបន្ទាប់ពីការរក្សាឲ្យបាននូវសកម្មភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ធ្វើយ៉ាងណាបង្កើតសកម្មភាពនៅក្នុងចរន្តសេដ្ឋកិច្ច។

ឯកឧត្តម ប៉ែន សុវិជាតិ

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជាពីការខ្ញុំនេះដោយវិបត្តិកូវីដ ១៩ ជាត្រូវស្ដាយដែរទៅលើវិស័យ ៣ សំខាន់ៗមាន វិស័យទេសចរណ៍ វិស័យកសិកម្មនៅជំរុញវិស័យសហគ្រាសខ្នាតតូចនិងមធ្យម។ លោកបានថ្លែងបែបនេះនៅក្នុងកម្មវិធី កិច្ចពិភាក្សាតុមូលពីការរៀបចំខ្លួនរបស់កម្ពុជាដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាត covid-19 ។ 

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍

ចំពោះវិស័យទេសចរណ៍លោកបណ្ឌិតបានថ្លែងថា៖ «ប្រសិនបើវិបត្តិ covid-19 បានធ្វើឲ្យវិស័យទេសចរណ៍ក្រៅប្រទេសមានភាពជាប់គាំង នោះអ្វីដែលត្រូវពង្រឹងគឺការស្ដារឡើងវិញនូវវិស័យទេសចរណ៍ក្នុងស្រុក»។

ចំណែកវិស័យកសិកម្មវិញលោកបានមានប្រសាសន៍ថា៖ «ដោយសារកម្ពុជាមានផ្ទៃដីតូចមិនអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងដូចជាវៀតណាមនិងថៃបាន ដូច្នេះកម្ពុជាទៅយុទ្ធសាស្ត្រនៃការផលិតនូវផលិតផលសរីរាង្គដែលជាលទ្ធផលមានតម្រូវការខ្ពស់លើទីផ្សារខុសពីប្រទេសនានា ហេតុផលទាំងនោះក៏អាចចូលរួមក្នុងការផ្គត់ផ្គង់វិស័យទេសចរណ៍បានផងដែរ»។ 

រីឯវិស័យសហគ្រាសធុនតូចនិងមធ្យមវិញ បើសិនមួយនេះគឺជាកម្លាំងចលករដ៏ធំក្នុងការផ្ដល់នូវកម្លាំងពលកម្មដល់ប្រជាពលរដ្ឋប្រមាណជា ៧០% នៃវិស័យឧស្សាហកម្មនិងសិប្បកម្ម។ ដូចគ្នានេះផងដែរ សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាកំពុងជួបនូវបញ្ហាខ្វះខាតដូចជាបច្ចេកទេស បច្ចេកវិទ្យា និងកម្លាំងពលកម្មជំនាញខណៈដោយការប្រកួតប្រជែងត្រូវមានក្រមសីលធម៌ច្បាស់លាស់ទៀត​។ ដូច្នេះបញ្ហាដែលបានលើកឡើងនេះគឺជាពេលដែលត្រូវដោះស្រាយនឹងត្រូវជំរុញបន្ថែមដើម្បីលើកកម្ពស់សហគ្រាសខ្នាតតូចនិងមធ្យម​នៅកម្ពុជា។

លោក ង៉ែត ជូ ក៏បានបញ្ជាក់បន្ថែមពីវិស័យអតិភាពដែលមិនអាចវិលត្រលប់មកភាពប្រក្រតីនិងជំរុញសេដ្ឋកិច្ចកម្ពុជា។ លោកបានមានប្រសាសន៍ថា៖ «ក្នុងករណីដែលសេដ្ឋកិច្ចកម្ពុជានឹងងាកមកសភាពប្រក្រតីបន្ទាប់ពី covid-19 បានបញ្ចប់ ខ្ញុំគិតថាវិស័យដែលអាចជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនលឿនមកពីវិស័យទេសចរណ៍ ក្នុងលក្ខខណ្ឌដែលសេដ្ឋកិច្ចសាកលត្រឡប់មកសភាពធម្មតានិងគ្រប់គ្រងបានទាំងស្រុងទៅលើករណី covid 19។ បន្ទាប់ពីនោះគឺវិស័យកសិកម្ម ព្រោះមកទល់ពេលនេះយើងសង្កេតឃើញ​ថា មានអ្នកវិនិយោគជាច្រើនបានចាប់អារម្មណ៍ដែលធ្វើការវិនិយោគទៅលើវិស័យកសិឧស្សាហកម្ម ក្នុងការផលិតកែច្នៃលក្ខណៈទ្រង់​ទ្រាយ​ធំនិងសំដៅដល់ការផ្គត់ផ្គង់នាំចេញទៅទីផ្សារក្រៅប្រទេស»។

សំណួរមួយដែលបានចោទសួរទៅលោក ង៉ែត ជូ ស្តីពីការចូលរួមចំណែកនៃបច្ចេកវិទ្យាក្នុងការជម្រុញអាជីវកម្មដែលកំពុងជាប់គាំងដោយសារ covid-19 លោក ង៉ែត ជូ បានមានប្រសាសន៍ថា៖ «ទោះបីជាបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយចេញអាជីវកម្មមួយចំនួន ឱ្យបន្តដំណើរការរបស់ខ្លួននៅក្នុងគ្រាដ៏លំបាកនេះក៏ដោយ ប៉ុន្តែសម្រាប់កម្ពុជាគឺជាប្រទេសមួយដែលទើបតែចាប់ផ្ដើមចាប់យកបច្ចេកវិទ្យា ដើម្បីជាកត្តារុញច្រើនដំណើរការអាជីវកម្មរបស់ខ្លួន។ ហេតុដូច្នេះហើយយើងមិនទាន់អាចនិយាយបានថា ការប្រើប្រាស់បច្ចេកវិទ្យា អាចជួយឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានការងើបព្រឹកឡើងក្នុងរយៈពេលខ្លីនោះទេ។ ជាងនេះទៅទៀតបច្ចេកវិទ្យា​ឌីជីថលអាចជួយបានតែទៅលើអាជីវកម្មណាដែលបំរើការ ឬបំរើសេវាកម្មទៅដល់អតិថិជនគោលដៅជាយុវវ័យ និងអ្នកដែលមានចំណេះ​ដឹងផ្នែកបច្ចេកវិទ្យាទូលំទូលាយតែប៉ុណ្ណោះ។ ដូច្នេះបើចង់បច្ចេកវិទ្យាឌីជីថលដើរតួនាទីជួយជ្រោមជ្រែងអាជីវកម្មកម្ពុជាបានពេញ​លេញ ទាល់តែម្ចាស់អាជីវកម្មក៏ដូចជាប្រជាជនកម្ពុជាបង្កើនការយល់ដឹងលើវិស័យឌីជីថលឲ្យបានកាន់តែខ្លាំង ហើយ​វាអាចចំណាយ​ពេលរហូតដល់ ៥ឆ្នាំខាងមុខទៀតឯណោះ»។

ចំណុចដែលគួរឲ្យកត់សម្គាល់មួយដែលលោក ង៉ែត ជូ បានលើកឡើង គឺសហគ្រិនពេលបច្ចុប្បន្នហាក់មានភាពតស៊ូអត់ធ្មត់ទៅនឹងស្ថានភាពលំបាកបានច្រើន ដែលអាចចាត់ទុកបានថាជាសញ្ញាវិជ្ជមានមួយក្នុងការលើកស្ទួយសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិ covid-19 ត្រូវបានបញ្ចប់ ព្រោះក្នុងករណីដែលសហគ្រិនមិនមានភាពអត់ធ្មត់គ្រប់គ្រាន់ ងាយនឹងបោះបង់ឱកាសឬមិនអាចធន់ជាមួយនឹងការលំបាកបាន វាជាកត្តាជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះកាន់តែឆាប់រហ័ស។ បើសហគ្រិនទាំងអស់នៅតែបន្តភាពអត់ធន់របស់ខ្លួនជាមួយនឹងស្ថានភាពបែបនេះ ហើយមិនងាយបោះបង់ចោលនូវអ្វីដែលខ្លួនឯងចង់បាន វាជាសញ្ញាល្អមួយដែលធ្វើអោយសេដ្ឋកិច្ចប្រទេសនិងបានរងផលប៉ះពាល់ឬមានការធ្លាក់ចុះខ្លាំងពេកនោះទេ។ ភាពរឹងមាំរបស់សហគ្រិននៅអាចជួយឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញបានយ៉ាងពិតប្រាកដ។ លទ្ធភាពអត់ធន់របស់សហគ្រិនដូចជាអោយសហគ្រិនទទួលបានបទពិសោធន៍ដ៏រឹងមាំក្នុងការជម្នះរាល់ការលំបាក វាក៏ជាបទពិសោធន៍ដ៏ល្អបំផុតដែលសហគ្រិនបានរៀនសូត្រ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វិស័យ​ទាំង ៣ ដែល​កម្ពុជា​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដោយ​សារវិបត្តិ​កូ​វីដ ១៩ វា​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ១លាន​នាក់​ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់ការ​ងារ​ ហើយ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​មួយ​ចំនួន​ក៏​បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ខ្លាំង រហូតមាន​មួយ​ចំនួន​បាន​បិទទ្វារ។ ដោយឡែក​វិស័យ​អប់​រំ​វិញ​ មាន​សាលា​រៀន​ឯក​ជនប្រមាណជាង ១៣០ ក៏​ត្រូវ​បានប្រកាស​ក្ស័យធន​ដោយ​សារ​ការ​ញាំ​ញី​នៃ​វិបត្តិ​កូ​វីដ ១៩នេះ៕​​

 

X
5s