តើ Seed Capital របស់ Startup បានមកពីប្រភពណាខ្លះ? ទាំងនេះជាអ្វីដែលអ្នកត្រូវដឹង!​លោកអ្នកបានស្គាល់ពីនិយមន័យរបស់ Seed Capital ឬ Seed Funding រួមមកហើយកន្លងមក តែនៅថ្ងៃនេះ BizKhmer សូមធ្វើការបកស្រាយបន្ថែមពីប្រភេទនៃ Seed Capital ឬ Seed Funding។

ខាងក្រោមនេះ ជាប្រភពចំណូល ៨ ប្រភេទដែលចាត់ទុកថាជា Seed Capital  ឬ Seed Funding៖ 

១) Crowdfunding

Crowdfunding គឺជាការកៀរគរទុនពីវិនិយោគិនជាច្រើនដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ដំណើរការអាជីវកម្មថ្មីមួយ (Business Venture)។ ការធ្វើ Crowdfunding គឺបង្កភាពងាយស្រួលដល់ការកៀរគរទុនពីបណ្ដាញនៃទំនាក់ទំនងមនុស្សដែលនៅជិតស្និត ឬអ្នកស្គាល់គ្នា ឬអាចតាមរយៈបណ្ដាញសង្គម និងគេហទំព័រមួយចំនួនដើម្បីផ្តល់ឱកាសឲ្យអាជីវកម្មថ្មីមានការដើមទុនសម្រាប់ដំណើរការ ក៏ដូចជាផ្តល់ឱកាសដល់វិនិយោគិនអាចវិនិយោគដើម្បីផលចំណេញផង។ វាអាចបង្កើតនូវសក្ដានុពលដល់ភាពជាសហគ្រិនតាមរយៈការពង្រីកក្រុមអ្នកវិនិយោគ លើសតែពីសាច់ញាតិ ក្រុមគ្រួសារ និងមិត្តភក្តិក្នុងការចូលហ៊ុនជួយដល់ដំណើរការអាជីវកម្មមួយ និងការដំណើរការអាជីវកម្មមួយលើសពីបែបប្រពៃណី។ ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគក៏នឹងមានឱកាសបង្កើតផលចំនេញច្រើន ពីការវិនិយោគបែបទំនើបនៃអាជីវកម្មថ្មីនេះផងដែរ។ 

២) Corporate seed funds

Corporate seed funds ជាទុនដែលបានមកពីក្រុមហ៊ុនធំៗ ឬសាជីវកម្ម ឬក្រុមហ៊ុនខ្នាតយក្សណាមួយ ដែលកំពុងសម្លឹងមើលឱកាសវិនិយោគពីអាជីវកម្មបង្កើតថ្មី ហើយពួកគេនឹងបណ្ដាក់ទុនដើម្បីផលចំណេញនាពេលអនាគត ព្រោះពួកគេបានសម្លឹងឃើញពីសក្ដានុពល និងសន្ទុះនៃការរីកចម្រើននៃអាជីវកម្មបង្កើតថ្មី ឬ Startup នោះ។

៣) Incubators

Incubators ជាទូទៅផ្តល់ជូនដើមទុននៃការវិនិយោគរបស់អាជីវកម្មង្កើតថ្មី ឬ Startup តិចតួចតាមរយៈការផ្តល់ជាជំនួយផ្នែកសេវាកម្មនានា ឬទីតាំងការិយាល័យ (Co-Working Space) ឬការបណ្ដុះបណ្ដាលទាក់ទងនឹងអាជីវកម្មជាដើម។ កម្មវិធីដែលរៀបចំឡើងដោយ Incubators ឬហៅថា Incubation Program ភាគច្រើនបំផុតគឺផ្តល់ការគាំទ្រ និងជាជំនួយដល់ដំណើរការអាជីវកម្ម និងជម្រុញឲ្យមានការប្រកួតប្រជែងច្រើនការវិថីជំនួញមួយនេះ ជាពិសេសគឺជាការជម្រុញឲ្យអាជីវកម្មបង្កើតថ្មីពង្រឹង និងតាមឲ្យទាន់ការវិវដ្ដនៃបច្ចេកវិទ្យា។

៤) Accelerators

Accelerators ជាកម្មវិធីជម្រុញល្បឿននៃសន្ទុះអាជីវកម្ម ហើយវាចាំបាច់បំផុតសម្រាប់អាជីវកម្មបង្កើតថ្មី ឬ Startup។ Accelerators ជាអ្នកគាំទ្រដល់អាជីវកម្មក្នុងការទទួលបានឱកាស Scale អាជីវកម្មរបស់ពួកគេជាជាងាការផ្តល់ជំនួយដោយផ្ទាល់លើហិរញ្ញវត្ថុ។ ការគាំទ្ររបស់ពួកគេធ្វើឡើងតាមរយៈ ការសិក្សារៀនសូត្រពីការគ្រប់គ្រងអាជីវកម្ម ភាពមានវិជ្ជាជីវៈលើអាជីវកម្ម ឱកាសកសាងបណ្ដាញទំនាក់ទំនងជាមួយបុគ្គលសំខាន់ៗ និងអ្នកជំនួញនានាក្នុងសង្គម ការបណ្ដុះបណ្ដាលពីអ្នកជំនាញ (Mentor) ក៏ដូចជាទីកន្លែងសម្រាប់ការដំណើរការអាជីវកម្មផងដែរ។ មិនដូច Incubator ទេ  Accelerators អាចមានលទ្ធភាពផ្តល់ជាការទទួលបានហិរញ្ញប្បទានឯកជនសម្រាប់ម្ចាស់អាជីវកម្មបាន។

៥) Angel investors

Angel investors ត្រូវបានគេស្គាល់ថាជាវិនិយោគិនឯកជន ដែលមានទ្រព្យសម្បត្តិច្រើនអាចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មបង្កើតថ្មី Startup ឬអាជីវកម្មខ្នាតតូចដែលមានសក្តានុពល ក្នុងលក្ខខណ្ឌនៃការដោះដូរវិញជាភាគហ៊ុននិក ឬជាម្ចាស់កម្មសិទ្ធិក្នុងក្រុមហ៊ុន ឬជាប្រភេទ Convertible debt។ គេប្រើពាក្យថា Angel Investor ព្រោះវិនិយោគិនប្រភេទនេះគឺជាអ្នកលូកដៃជួយដល់ដំណើរការអាជីវកម្មនៅក្នុងដំណាក់កាលដំបូង ព្រោះជាពេលវេលាមួយដែលអាជីវកម្មជួបនឹងហានិភ័យខ្ពស់ងាយរងការដួលរលំណាស់។ 

៦) Personal Savings

វាជារឿងធម្មតាដែលស្ថាបនិកប្រើប្រាក់សន្សំផ្ទាល់ខ្លួន ដើម្បីធ្វើជាដើមទុនសម្រាប់ដំណើរការអាជីវកម្ម ទោះបីជាវិធីនេះអាចបង្កជាផលលំបាក និងសម្ពាធដល់ស្ថាបនិកបន្តិចក្តី តែវាជាផលប្រយោជន៍ធំមួយព្រោះពួកគេនឹងមិនប្រឈមជាមួយការជាប់បំណុល ឬការសងការប្រាក់ណាមួយនោះទេ។  

៧) Debt Funding

រាល់បំណុលដែលខ្ចីពីធនាគារ ពីមិត្តភក្តិ ក្រុមគ្រួសារ ឬនរណាម្នាក់សម្រាប់យកមកដំណើរការអាជីវកម្មសុទ្ធតែជាប្រភេទនៃ Debt Funding ទាំងអស់។ 

៨) Convertible Securities

ជាការវិនិយោគដែលមានទម្រង់ជាកម្ចី ប៉ុន្តែត្រូវបានប្តូរវិញជាភាគហ៊ុនដោយយោងទៅតាមដំណើរការ និងការកំណត់នានារបស់ក្រុមហ៊ុន និង/ឬនៅពេលដែលសម្រេចបាន Target លក់ ចំណូលរបស់ក្រុមហ៊ុន។ 

៩) VC Funding

Venture capital ជាទម្រង់នៃមូលធនឯកជន និងជាការផ្តល់ហិរញ្ញប្បទានដែលវិនិយោគិនផ្តល់ទៅអាជីវកម្មបង្កើតថ្មី Startup និងអាជីវកម្មខ្នាតតូចដោយជឿជាក់ថានឹងទទួលបានផលចំណេញ រួមជាមួយសក្ដានុពលរីកលូតលាស់រយៈពេលវែង។ ជាទូទៅ Venture capital បានមកពី well-off investors ធនាគារវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុនានា ហើយវាមិនបានផ្តល់ជូនត្រឹមតែហិរញ្ញប្បទានដោយផ្ទាល់ទេ (ជាទម្រង់រូបិយវត្ថុ) តែវាផ្តល់អាជីវកម្មបង្កើតថ្មីក្រោមទម្រង់ជាបច្ចេកទេស និងជំនាញនៃការគ្រប់គ្រងបន្ថែមទៀត។  Venture capital ក៏ត្រូវបានបែងចែកទៅដល់អាជីវកម្មខ្នាតតូចដែលមានសក្ដានុពលរីកចម្រើនខ្លាំង ឬទៅកាន់ក្រុមហ៊ុនដែលមានការរីកចម្រើនឆាប់រហ័ស និងបន្តការពង្រីកដោយសក្ដានុពល៕

ដោយ៖ យ៉ាយ៉ា

 

X
5s