អាន​​នាំ​ឲ្យ​មាន​ចំណេះ ហើយ​ចំណេះដឹង​គឺ​ជា​លុយ​ថ្មី!​



“ពេញ​មួយ​ឆាក​ជីវិត​របស់​ខ្ញុំ​នេះ ខ្ញុំ​មិន​ដែល​ឃើញ​​មនុស្ស​​ឆ្លាត​ពូកែ​ណា​ម្នាក់​ (មនុស្ស​ដែល​មាន​ចំណេះដឹង​​ទូលំទូលាយ​) ដែល​មិន​អាន​សៀវភៅ​​នោះ​ទេ។ គឺ​សូន្យ​តែ​ម្ដង”។ នេះ​ជា​សម្ដី​របស់​លោក  Charlie Munger មហាសេដ្ឋី​​អាមេរិក​ និង​ជា​​ដៃគូ​ជំនួញ​ដ៏​ជំនិត​​ចាស់​វស្សា​របស់​មហាសេដ្ឋី warrant Buffett។ 

ហេតុអ្វី​បាន​ជា​មនុស្ស​ដែល​រវល់​បំផុត​ម្នាក់​នៅ​លើ​ពិភពលោក​ដូច​ជា​​អតីត​ប្រធានាធិបតី​អាមេរិក​លោក Brarack Obama  សុខចិត្ត​​ឆ្លៀត​ពេល​អាន​សៀវភៅ ១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​ពេល​កំពុង​ធ្វើ​ការ​? ហេតុអ្វី​បាន​ជា​អ្នក​វិនិយោគ​ដ៏​អស្ចារ្យ​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក Warren Buffett វិនិយោគ​ពេលវេលា ៨០% ​នៅ​ក្នុង​ជីវិត​ការងារ​​របស់​លោក​ដើម្បី​តែ​អាន និង​វិភាគ​? ហេតុអ្វី​បាន​ជា​មហាសេដ្ឋី Bill Gates អាន​សៀវភៅ​មួយ​ក្បាល​ក្នុង​មួយ​សប្ដាហ៍? ហេតុអ្វី​បាន​ជា​កំពូល​បុគ្គល​អ្នក​មាន និង​ល្បីៗ​ទាំង​នេះ​អនុវត្ត​ក្បួន​​ ៥ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ (5-hour rule) ដើម្បី​អាន​សៀវភៅ ខណៈ​ដែល​​មនុស្ស​ភាគច្រើន​យកលេស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ? តើ​មហាសេដ្ឋី​​ទាំង​នេះ​​មាន​ភាព​ខុសប្លែក​ពី​មនុស្ស​ផ្សេង​ទៀត​ដូច​ម្តេច​ខ្លះ? 

ចម្លើយ​គឺ​ងាយស្រួល​ទេ! ការ​រៀន​សូត្រ​គឺ​ជា​ការ​វិនិយោគ​ដ៏​ល្អ​​បំផុត​តែមួយគត់​ដែល​អ្នក​ត្រូវ​ធ្វើ។ ឬ​ដូច​លោក  Benjamin Franklin បិតា​ស្ថាបនិក​ជាតិ​របស់​អាមេរិក​ធ្លាប់​បាន​និយាយ​ថា "ការ​វិនិយោគ​លើ​ចំណេះដឹង​ បាន​ផ្តល់​ប្រាក់​ចំណេញ​ល្អ​ជាង​គេ​បំផុត”

ការ​យល់​​ឃើញ​ដ៏​ទូលំទូលាយ​នេះ​គឺ​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ចំណេះដឹង​​សេដ្ឋកិច្ច​​សព្វថ្ងៃ​នេះ​ ប៉ុន្តែ​​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​មើល​ឃើញ​ពី​គុណ​តម្លៃ​របស់​វា​។  ​សំណាង​ល្អ​នៅ​ពេល​ដែល​អ្នក​យល់​ពី​តម្លៃ​នៃ​ចំណេះដឹង​  អ្នក​នឹង​ទទួល​បាន​វា​កាន់តែ​​ងាយស្រួល​ឡើង ដោយ​គ្រាន់តែ​ដាក់ចិត្ត​ដាក់​កាយ​លះបង់​ខ្លួន​ឯង​ផ្សារភ្ជាប់​ទៅ​នឹង​ការ​រៀន​សូត្រ​​​ជា​ប្រចាំ​។

ចំណេះដឹង​គឺ​ជា ​លុយ​ថ្មី (New Money)!

«ទុន​​ប្រាជ្ញា តែងតែ​មាន​ឥទ្ធិពល​លើ​ទុន​ហិរញ្ញវត្ថុ​ » នេះ​ជា​សម្ដី​របស់​លោក Paul Tudor Jones មហាសេដ្ឋី​​ និង​ជា​អ្នក​វិនិយោគ​​អាមេរិក។ 

មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​វេលា​ក្នុង​ឆាក​ជីវិត​ពួកគេ​​​ដើម្បី​​រកលុយ ចំណាយ​លុយ ​ទុក​លុយ និង​​ដេក​ព្រួយ​បារម្ភ​រឿង​រក​លុយ។ នេះ​ហើយ​ដែល​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​មាន​ពេល​​វេលា​​ដើម្បី​រៀន​សូត្រ​នូវ​អ្វី​ដែល​ថ្មី។ ប៉ុន្តែ​​ការពិត​ជាក់​ស្ដែង​វា​បាន​កើត​មាន​ឡើង​រួចហើយ​នៅ​ពេល​​បច្ចុប្បន្ន​នេះ​គឺ​ថា អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​រវាង​លុយ និង​ចំណេះដឹង។

ពិភពលោក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នូវ​អ្វី​ដែល​អ្នក​ជំនាញ​ខាង​អនាគតកាល​ លោក Peter Diamandis ហៅថា​ការ​ធ្លាក់​ចុះ​​នៃ​តម្លៃ​សាច់ប្រាក់​ជា​បន្តបន្ទាប់ (Rapid Demonetization) ​ដែល​បច្ចេកវិទ្យា​កំពុង​ធ្វើ​ឲ្យ​ផលិតផល ឬ​សេវាកម្ម​មាន​តម្លៃ​កាន់តែ​ថោក​ជាង​មុន ឬ​ដោយ​ឥត​គិត​ថ្លៃ​តែម្តង។ ​ នៅ​ខាងក្រោម​នេះ​អ្នក​នឹង​​បាន​ឃើញ​ថា ​បច្ចេកវិទ្យា​​មាន​ឥទ្ធិពល​យ៉ាង​ណា​​ក្នុង​ការ​ធ្វើ​​​ឲ្យ​​មុខ​ទំនិញ ឬ​សេវាកម្ម​​​​​​មាន​តម្លៃ​ជាង ៩ សែន​ដុល្លារ​ដែល​បាន​លក់​នៅ​ចន្លោះ​ឆ្នាំ ១៩៦៩ ​ដល់​ឆ្នាំ ១៩៨៩ ធ្លាក់​មក​នូវ​ត្រឹម ០ ដុល្លារ​។​​

នៅ​ខណៈ​ដែល​ទំនិញ ឬ​សេវាកម្ម​កាន់តែ​​ធ្លាក់​ថ្លៃ ចំណេះដឹង​គឺ​កាន់តែ​មាន​តម្លៃ​ខ្លាំង​ឡើង!
“ព្រឹត្តិការណ៍​សំខាន់​ដែល​កើត​មាន​នៅ​សតវត្ស​ទី ២០​ ​បាន​បង្ហាញ​ថា ពិភពលោក​មាន​ការ​ផ្លាស់ប្ដូរ​រូបរាង​របស់​វា​ហើយ​។ នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា សេដ្ឋកិច្ច និង​នយោបាយ​របស់​បណ្ដា​ប្រទេស​នានា​ ទ្រព្យសម្បត្តិ​លុយកាក់​កំពុង​ធ្លាក់​ថ្លៃ​ និង​​បាត់បង់​តម្លៃ​​របស់​វា​ជា​បន្តបន្ទាប់។ ប៉ុន្តែ​អំណាច​នៃ​ចំណេះដឹង គឺ​មាន​គ្រប់​ទីកន្លែង។ វា​​​មិន​សាបសូន្យ​ទេ ហើយ​កាន់តែ​មាន​តម្លៃ​មហាសាល​លើស​​អ្វីៗ​ទាំងអស់​​”។ នេះ​ជា​សម្ដី​របស់​លោក George Gilder ជា​អ្នក​វិនិយោគ និង​​សេដ្ឋកិច្ច​វិទូ​ដ៏​ល្បីល្បាញ​របស់​អាមេរិក។

ប្រហែល​នេះ​ជា​ឧទាហរណ៍​ល្អ​បំផុត​មួយ​ដែល​បង្ហាញ​ថា ​ចំណេះដឹង​នៅ​ក្នុង​វិស័យ​មួយ​​​​មាន​ឥទ្ធិពល​យ៉ាងណា​នោះ​គឺ​វិស័យ រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ (Self-driving car industry)។ លោក Sebastian Thrun ស្ថាបនិក​ក្រុមហ៊ុន Google X និង​ជា​ក្រុម​ការងារ​​ផលិត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន Google ត្រូវ​បាន​ក្រុមហ៊ុន Uber ទិញ​​ក្រុមហ៊ុន Ottoរបស់​លោក​ដែល​មាន​​អាយុ​កាល​មិន​ដល់ ៦ ខែ​ស្រួលបួល​ផង​​ក្នុង​តម្លៃ ៧០០ លាន​ដុល្លារ។ ដូច​គ្នា​នេះ​ដែរ ក្រុមហ៊ុន GM ធ្លាប់​បាន​ចំណាយ​លុយ ១ ពាន់​លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន Cruise កាល​ពី​ឆ្នាំ ២០១៦។ ឧទាហរណ៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​លោក George Gilder វាយតម្លៃ​ថា ទេពកោសល្យ​របស់​មនុស្ស​ម្នាក់​នៅ ពេល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ ១០ លាន​ដុល្លារ​ឡើង​ទៅ។ 

តម្លៃ ១០ លាន​ដុល្លារ​សម្រាប់​​បុគ្គលិក​ជំនាញ​ម្នាក់ ហើយ​ខណៈ​ដែល​វា​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ នេះ​វា​មិនមែន​ជា​រឿង​ពិត​សម្រាប់​​តែ​បុគ្គលិក​ជំនាញ និង​កម្រ​ម្នាក់​តែ​ប៉ុណ្ណោះ​ទេ។ អ្នក​ដែល​ជ្រើសរើស​ជំនាញ​ផ្សេងៗទៀត​សម្រាប់​​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត​ដូចជា អ្នក​វិភាគ​ទិន្នន័យ អ្នក​ឌីសាញ អ្នក​សរសេរ​កូដ និង​គ្រូ​​ហាត់ប្រាណ​ជាដើម នឹង​ជា​អ្នក​ឈ្នះ​នៅ​ពេល​អនាគត។

អ្នក​​ទាំង​នេះ​ប្រឹងប្រែង​ខ្លាំង​ណាស់​ដើម្បី​អាជីព​ការងារ​របស់​ពួកគេ​ ប៉ុន្តែ​​ការ​មើល​រំលង​​លើ​ចំណេះដឹង​សិក្សា​រៀន​សូត្រ​លើ​ជំនាញ​ថ្មីៗ នឹង​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​ក្រុម​មនុស្ស​មាន​ហានិភ័យ។  ពួកគេ​ប្រថុយ​នឹង​ការ​ជាប់​គាំង​​ក្នុង​ការ​ប្រកួតប្រជែង​ជា​សកល​  ហើយ​​ពួកគេ​ប្រថុយ​នឹង​បាត់បង់​ការងារ​​ធ្វើ​ធ្លាក់​ទៅ​លើ​កម្លាំង​ពលកម្ម​ស្វ័យប្រវត្តិ​​​ដូច​បុគ្គលិក​​ក្រុមហ៊ុន​ផលិត​រថយន្ត​​នៅ​​ក្នុង​ចន្លោះ​ឆ្នាំ​ ២០០០ និង ២០១០ នៅ​ពេល​ដែល​​បច្ចេកវិទ្យា​មនុស្សយន្ត​ជំនួស​ការងារ​ផលិត ​របស់​ពួកគេ​ដល់​ទៅ ៨៥%។  

ហេតុអ្វី? 

 

អ្នក​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​កាំ​ជណ្ដើរ​សេដ្ឋកិច្ច​ការងារ​របស់​ពួកគេ​​កាន់តែ​តូច​ចង្អៀត​និង​​ទទួល​បាន​​ប្រាក់​ឈ្នួល​កាន់តែ​​តិច​ជាង​មុន ខណៈ​អ្នក​ដែល​ស្ថិត​នៅ​កាំ​ជណ្ដើរ​​​​លើ​គេ​​មាន​ឱកាស​កាន់តែ​ច្រើន​ ​ហើយ​ទទួល​បាន​ប្រាក់ខែ​កាន់​ ខ្ពស់​ជាង​មុន។ ភាព​មិន​សម​ហេតុផល​គឺ​ថា បញ្ហា​វា​មិនមែន​ដោយសារតែ​គ្មាន​ការងារ​ធ្វើ​នោះ​ទេ។ ផ្ទុយ​ទៅវិញ គឺ​ដោយសារតែ​​បុគ្គលិក​ខ្វះ​ជំនាញ​ គ្មាន​សមត្ថភាព និង​ចំណេះដឹង​​លើ​ការងារ​ទាំងនោះ​តែ​ប៉ុណ្ណោះ។ ​

សរុប​សេចក្ដី​មក​នេះ​អាច​​ឆ្លុះ​បញ្ចាំង​ឲ្យ​អ្នក​​ដឹង​ថា មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​​កំពុង​តែ​ក្លាយ​ជា​រូបិយប័ណ្ណ​ដ៏​​សំខាន់ និង​​មាន​តម្លៃ​បំផុត​​ដែល​លុយ​មិន​អាច​ប្រៀបធៀប​បាន​ ។ គេ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ចំណេះ​ដឹង​គឺ​ជា​លុយ​ថ្មី។ ប្រហាក់ប្រហែល​​ទៅ​នឹង​លុយ​ដែរ​ ​ជា​រឿយៗ​​ចំណេះដឹង​ដើរតួ​ជា​អ្នក​ដោះដូរ​ និង​​​ផ្ទុក​​តម្លៃ​របស់​វា​ក្នុង​នោះ​​។

ប៉ុន្តែ​វា​ខុស​ពី​លុយ​ត្រង់​ថា នៅ​ពេល​អ្នក​យក​ចំណេះដឹង​នោះ​ទៅ​ប្រើប្រាស់ ឬ​ចែករំលែក​ទៅ​ឲ្យ​អ្នក​ដទៃ វា​មិន​​​សឹករិចរិល បាត់បង់ ឬ​​អស់​តម្លៃ​របស់​វា​នោះ​ទេ។ បើ​អ្នក​ចែករំលែក​​ចំណេះដឹង​កាន់តែ​ច្រើន​ទៅ​ឲ្យ​អ្នកដទៃ អ្នក​កាន់តែ​ចងចាំ​វា កាន់តែ​យល់​ពី​វា កាន់តែ​ធ្វើ​ឲ្យ​វា​រីកចម្រើន និង​ធ្វើ​ឲ្យ​អ្នក​អាច​កសាង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ឲ្យ​កាន់តែ​ល្បីល្បាញ​ឡើង។ ការ​ផ្ទេរ​ចំណេះដឹង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ មិន​ចាំបាច់​ត្រូវ​ការ​លុយ​ទេ។ វា​ងាយ​ស្រួល​ចែករំលែក ដែល​លុយ​ពិបាក​នឹង​ធ្វើ​បាន។ ផ្ទេរ​កាន់តែ​ច្រើន ចំណេះដឹង​របស់​អ្នក​កាន់តែ​ខ្លាំង ហើយ​អ្នក​កាន់តែ​មាន​ឥទ្ធិពល។

ចំណេះដឹង​អាច​ត្រូវ​បាន​បម្លែង​ទៅជា​របស់​ច្រើន​យ៉ាង​រួម​ទាំង​របស់​ដែល​លុយ​មិន​អាច​ទិញ​បាន​ដូចជា​ទំនាក់ទំនង​ពិត​ប្រាកដ  និង​​ការ​រស់នៅ​ក្នុង​ជីវិត​ដ៏​ថ្លៃថ្នូរ​​។ វា​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​បាន​​លឿន និង​ប្រសើរ​ជាង​មុន។  ​ចំណេះដឹង​ធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នក​ដំណើរការ​​បាន​ល្អ​ជាង​មុន និង​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ។ វា​ធ្វើ​ឲ្យ​អ្នក​ចេះ​គិត​បាន​កាន់តែ​ទូលំទូលាយ​ និង​ដើរ​​ទៅ​មុខ​បាន​កាន់តែ​​វែងឆ្ងាយ៕ ​

សូម​​រង់ចាំ​អាន នៅ​វគ្គ​បន្ត! 

អត្ថបទាក់ទង៖
មហាសេដ្ឋី Mark Cuban បកស្រាយ​​យ៉ាងណា​ពេល​​គេ​និយាយ​ថា មនុស្ស​ប្រែប្រួល​ពេល​មាន​លុយ?​

ដោយ៖ ខេវិន
ប្រភព៖ medium

 

 

 

 

​​

 

 

 

 

 

 

 

 

 

 

 

X
5s