លោក ង៉ែត ជូ៖ ក្នុងការរកស៊ីឬការវិនិយោគ តើគួរជ្រើសរើសយុទ្ធសាស្ត្រកូនឆ្កែ ឬកូនដំរី?​



ក្នុងខណៈដែលតម្លៃមានការប្រែប្រួលខ្លាំង អ្នកជួញដូរភាគហ៊ុន និងមាសអាចនឹងរំភើបពេលចំណេញ ហើយខកចិត្តពេលខាត។ លោក Warren Buffett ឲ្យយោបល់ថាអ្នកជួញដូរបែបនេះគួរតែទៅលេងល្បែងនៅឡាវេសកាវិញល្អជាង។ 

វិធីដែលពួកគេវិនិយោគ គឺផ្អែកលើការវិវត្តនៃស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គមដែលនៅក្នុងសេដ្ឋកិច្ចហៅថា Behavioral Economics។ ឧទាហរណ៍ គ្រាន់តែមានព័ត៌មានវិជ្ជមានអំពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងរយៈពេលតែមួយយប់តម្លៃមាសធ្លាក់ចុះ៥% (ពីតម្លៃជាង២០០០ដុល្លាក្នុងមួយតម្លឹងមកជាង​ ១៩០០​ដុល្លា)។

ដោយឡែកវិធីវិនិយោគរបស់លោក Warren Buffett គឺវិនិយោគយូរអង្វែងដោយផ្តោតការវិភាគលើអាជីវកម្ម (Business Analysis) ចៀសជាងការវិភាគពីសេដ្ឋកិច្ច (Economic Analysis) នយោបាយ និងសង្គម។ គាត់ផ្តោតលើក្រុមហ៊ុនដែលអាចបង្កើតប្រាក់ចំណេញបានយូរអង្វែងដូចជាក្រុមហ៊ុនកូកាកូឡា។ វិធីរបស់គាត់មិនងាយឃើញផលចំណេញដូចការជួញដូរភាគហ៊ុននោះទេ ហើយជាលក្ខណៈចិត្តសាស្ត្រមនុស្សជាច្រើនចូលចិត្តការជួញដូរដើម្បីផលចំណេញក្នុងរយៈពេលខ្លីឬភ្លាមៗ ប៉ុន្តែពួកគេមិនអាចកសាងភាពមានបានស្តុកស្តម្ភដូចលោក Warren Buffett បានឡើយ។ អ្នកជួញដូរបានផលភ្លាមៗ តែតិចៗ ដូចមេឆ្កែកូនញឹក កូនច្រើនតែតូចៗ។ រីឯវិធីវិនិយោគរបស់លោក Warren Buffett គឺប្រៀបដូចដំរី មានកូនមិនញឹកញាប់ហើយមិនច្រើនដូចឆ្កែ ប៉ុន្តែជាកូនដំរីដែលនឹងមានមាឌធំដ៏មហិមាបើធៀបនឹងសត្វឆ្កែ។

ការវិនិយោគលើដីធ្លីក៏ដូចការវិនិយោគលើភាគហ៊ុនដែរ ខ្ញុំមិនឃើញមានអ្នកមានទ្រព្យមហាសាលរាប់ពាន់លានដុល្លាដោយការទិញលក់ដីនោះទេ។ មានតែអ្នកអភិវឌ្ឍអចលនទ្រព្យតាមរយៈធនាគារដីធ្លីដូចជាលោក Li Ka Shing លោក Songsakdi និង លោក John Jacob Astor ទើបក្លាយជាអ្នកមានទ្រព្យមហាសាល៕

អត្ថ​បទពី​៖ លោក ង៉ែត ជូ

 

X
5s