ប្រវត្តិនារីបេះដូងដែក ម៉ាហ្ការ៉េតថេតឆឺ៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស (ភាគទី២)​


ក្រុមគ្រួសារលោកស្រីថេតឆឺ (លោកស្រីឈរនៅខាងស្ដាំបង្អស់) និងហាងលក់ចាប់ភួយរបស់ឪពុកលោកស្រី

២- ឆាកជីវិតពីកុមារភាព និងប្រវត្តិនៃការសិក្សារបស់លោកស្រីថេតឆឺ

លោកស្រីថេតឆឺមានឈ្មោះពីកំណើតថាម៉ាហ្ការ៉េត ហ៊ីលដា រ៉ូបឺត (Margaret Hilda Roberts) កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩២៥ នៅទីក្រុងក្រេនសេម (Grantham) ប្រទេសអង់គ្លេស។ លោកស្រីមានកំណើតកើតជានៅក្នុងគ្រួសារវណ្ណៈកណ្ដាល ដែលមានលោកអាល់ហ្វ្រឹតជាឪពុក និងលោកស្រីប៊ីតទ្រីសជាម្ដាយ រស់នៅជាមួយកូនស្រី២នាក់ (ម្នាក់ទៀតជាបងស្រីលោកស្រីថេតឆឺ) នៅផ្ទះជាន់ខាងលើ។

ឪពុកលោកស្រីជាអាជីវករថ្នាក់កណ្ដាល មានហាងលក់ចាប់ហួយ (លក់គ្រឿងឧបភោគបរិភោគដូចនៅតាមម៉ាត)។ ដូច្នេះ គ្រួសារនេះមានជីវភាពមធ្យម (មិនក្រ ហើយក៏មិនមានអីប៉ុន្មានដែរ គឺជាគ្រួសារធម្មតាដូចគេ ដូចឯង)។ ក្រៅពីមានមុខរបរជាអ្នកលក់ដូរ លោកអាល់ហ្វ្រឹតក៏មានអាជីពជាអ្នកនយោបាយ ជាសមាជិកក្រុមប្រឹក្សាទីក្រុងក្រេនសេមរយៈពេល១៦ឆ្នាំ ជាមន្ត្រីតុលាការ និងជាអភិបាលក្រុងក្រេនសេមពីឆ្នាំ១៩៤៥-១៩៤៦។

លោកស្រីថេតឆឺទទួលការបណ្ដុះបណ្ដាលរៀនសូត្រនៅសាលាមធ្យមសិក្សានៃទីក្រុងក្រេនសេម។ គំនិតអភិរក្សនិយមនៅក្នុងចិត្តរបស់លោកស្រីថេតឆឺបានចាក់ឫសជ្រៅពីឪពុកតទៅកូន ព្រោះតាំងពីនៅតូចៗ លោកស្រីចាប់ផ្ដើមសិក្សាស្វែងយល់ពីបញ្ហានយោបាយ និងបញ្ហាស្រុកទេសទៅតាមការតំណាលប្រាប់ពីឪពុក។ ក្រោយមក លោកស្រីក្លាយជាមនុស្សដែលជឿស៊ប់ទៅលើនយោបាយអភិរក្សនិយម (ជានយោបាយស្ដាំនិយម ដែលឲ្យតម្លៃខ្ពស់ចំពោះគំនិតមូលធននិយម និងបុគ្គលនិយម ផ្ទុយពីនយោបាយសង្គមនិយម ដែលឲ្យតម្លៃខ្ពស់ចំពោះគំនិតសមូហភាពនិយម)។

 

មានប្រវត្តិជាសិស្សល្អ (ទាំងការសិក្សា និងគំនិតមាយាទ) លោកស្រីថេតឆឺត្រូវសាកលវិទ្យាល័យអក់ស្វឺត ឬអក់ស៍ហ្វឺត (Oxford) ទទួលចុះឈ្មោះចូលរៀនផ្នែកគីមីវិទ្យានៅឆ្នាំ១៩៤៣។ តាំងពីចូលរៀននៅអក់ស្វឺតដំបូង លោកស្រីចាប់ផ្ដើមប្រឡូកខ្លួននៅក្នុងអាជីពនយោបាយជាបណ្ដើរៗ និងបានជាប់ឆ្នោតជាប្រធានសមាគមនិស្សិតអភិរក្សនិយមប្រចាំសាកលវិទ្យាល័យនេះនៅឆ្នាំ១៩៤៦។

លោកស្រីថេតឆឺធ្លាប់ជានិស្សិតជាន់ចាស់ផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យអក់ស៍ហ្វឺត (Oxford) ពីឆ្នាំ១៩៤៣-៤៧

នៅក្នុងដំណាក់កាលនោះ លោកស្រីថេតឆឺមានជំនឿស៊ប់ទៅលើនយោបាយអភិរក្សនិយម (ជានយោបាយដែលរដ្ឋាភិបាលប្រកាន់គោលការណ៍មិនជ្រៀតជ្រែក ឬមិនចូលខ្លួនពាក់ព័ន្ធនៅក្នុងដំណើរការអាជីវកម្មរបស់ឯកជន ដោយទុកឲ្យឯកជនរកស៊ីប្រកួតប្រជែងគ្នាដោយយុត្តិធម៌)។ គំនិតនេះចាក់ឫសកាន់តែជ្រៅ នៅពេលលោកស្រីថេតឆឺអានសៀវភៅ «មាគ៌ាឆ្ពោះទៅរករបបអ្នកងារ - The Road to Serfdom» សរសេរដោយអ្នកទ្រឹស្ដីសេដ្ឋកិច្ចកូនកាត់អូទ្រីស-អង់គ្លេស ហ្វ្រីតរីចហៃយ៉េក (Friedrich Hayek) (បោះពុម្ពឆ្នាំ១៩៤៤)។ ទស្សនៈនេះយល់ថានៅក្នុងវិស័យសេដ្ឋកិច្ចជាតិ, រដ្ឋមិនគួររកស៊ីប្រជែងជាមួយឯកជន ឬមានភាគហ៊ុននៅក្នុងរោងចក្រ-សហគ្រាសនោះទេ ព្រោះវាធ្វើឲ្យរដ្ឋាភិបាលមានអំណាចជ្រុលពេកនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋ (គ្រប់គ្រងអំណាចនយោបាយផង អំណាចសេដ្ឋកិច្ចផង) (និយាយឲ្យចំទៅ សៀវភៅនេះគាំទ្រគំនិតសេរីនិយម  - ទាំងសេរីនិយមនយោបាយ និងសេរីនិយមសេដ្ឋកិច្ច)។

 

ក្រោយពេលបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានសញ្ញាបត្រគីមីវិទ្យាពីអក់ស្វឺតនៅឆ្នាំ១៩៤៧ លោកស្រីរកបានការងារធ្វើជាអ្នកស្រាវជ្រាវគីមីរយៈពេល៤ឆ្នាំ (ដំបូងធ្វើការនៅរោងចក្រផលិតផ្លាស្ទិចនៃទីក្រុងខូលឆេះស្ទើ (Colchester)និងក្រោយមកផ្លាស់ទៅធ្វើការនៅក្រុមហ៊ុនមួយទៀតនៃទីក្រុងដាតហ្វឺត (Dartford) ក្នុងមុខតំណែងដដែល)។ ប៉ុន្តែធ្វើការនៅទីនោះគ្រាន់តែជាការជិះក្របីចម្លងភក់តែប៉ុណ្ណោះ ព្រោះក្ដីសុបិនធំរបស់លោកស្រីថេតឆឺ គឺវិស័យនយោបាយឯណោះទៅវិញទេ។ ដូចនេះ ពេលធ្វើការបណ្ដើរ លោកស្រីក៏ឆ្លៀតពេលស្វ័យសិក្សាលើឯកសារច្បាប់ជាបណ្ដើរៗ។

 

 

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

ឯកសារពិគ្រោះ គេហទំព័រវីឃីភីឌា និងគេហទំព័រដទៃទៀត

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

X
5s