ប្រវត្តិនារីបេះដូងដែក ម៉ាហ្ការ៉េតថេតឆឺ៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស (ភាគទី ៤&៥)​


លោកស្រីថេតឆឺកាលនៅកាន់តំណែងជាតំណាងរាស្ត្រគណបក្សអភិរក្សនិយម

៤- ការចាប់អាជីពជាអ្នកតំណាងរាស្ត្រ

បន្ទាប់ពីឆ្លងកាត់ការបណ្ដុះបណ្ដាលមុខវិជ្ជាច្បាប់ដោយជោគជ័យ លោកស្រីថេតឆឺប្រឡងជាប់មេធាវីនៅឆ្នាំ១៩៥៣។ នៅក្នុងអំឡុងពេលនោះ លោកស្រីថេតឆឺរៀនច្បាប់ដើម្បីប្រឡងចូលជាសមាជិកគណៈមេធាវី ក្រោយមកប្រឡងជាប់នៅឆ្នាំ១៩៥៤។ មុខតំណែងនេះមិនបានធ្វើឲ្យលោកស្រីស្កប់ស្កល់ចិត្ត និងបញ្ឈប់មហិច្ឆតានយោបាយត្រឹមនេះទេ។

ធ្វើការផ្នែកច្បាប់បានប៉ុន្មានឆ្នាំ  លោកស្រីចាប់ផ្ដើមចង់ប្រឡូកខ្លួនយ៉ាងសកម្មនៅក្នុងឆាកនយោបាយសាជាថ្មី។ លើកនេះ លោកស្រីចាប់ផ្ដើមគិតគូរល្អិតល្អន់ជាងមុន និងរៀបយុទ្ធសាស្ត្រដើម្បីឈរឈ្មោះនៅមណ្ឌលណាមួយ ដែលលោកស្រីអាចស្ទង់ដឹងថាមានឱកាសឈ្នះឆ្នោត។ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ១៩៥៩ លោកស្រីថេតឆឺសម្រេចចិត្តឈរឈ្មោះនៅមណ្ឌលក្រុងហ្វ៊ីនឈ្លី (Finchley) ហើយបានឈ្នះអាសនៈដូចបំណង។ លោកស្រីនៅតែបន្តឈរឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅមណ្ឌលនេះអស់រយៈពេល៣០ឆ្នាំបន្តបន្ទាប់គ្នា។

៥- មាគ៌ាឆ្ពោះទៅរកការឈោងចាប់តំណែងនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់អង់គ្លេស

ពេលក្លាយជាតារាកំពុងរះត្រដែតនៅក្នុងឆាកនយោបាយនាសម័យកាលនោះ នៅឆ្នាំ១៩៦១ លោកស្រីថេតឆឺកាន់តំណែងជាប្រធានគណៈកម្មការរដ្ឋសភាទទួល​បន្ទុកខាងសោធននិវត្ស និងធានារ៉ាប់រង។  បន្ទាប់ពីគណបក្សការងារឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនៅឆ្នាំ១៩៦៦ លោកស្រីកាន់តំណែងជាសមាជិក​គណៈ​រដ្ឋមន្ត្រីស្រមោលរបស់គណបក្សអភិរក្សនិយម (ជាបក្សប្រឆាំង)។

លោកស្រីថេតឆឺកាលនៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ

ពេលគណបក្សអភិរក្សនិយមឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនៅខែមិថុនា ឆ្នាំ១៩៧០  លោកស្រីថេតឆឺកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ និងវិទ្យាសាស្ត្រ។ ពួកគណបក្សការងារនៅឆ្នាំ១៩៧១ បានដាក់រហស្សនាមបែបចម្អកឲ្យលោកស្រីថេតឆឺថា «ជនឆក់ប្លន់ទឹកដោះគោពីដៃរបស់យើង - Thatcher, milk snatcher» ព្រោះពួកគេមិនពេញចិត្តនឹងកម្មវិធីនយោបាយរបស់លោកស្រី ដែលលុបចោលកម្មវិធីជាតិផ្ដល់ទឹកដោះគោដោយឥតគិតថ្លៃសម្រាប់សិស្សសាលាថ្នាក់បឋមសិក្សា។

 

លោកស្រីទទួលអារម្មណ៍ថាមុខតំណែងនេះពិតជាគួរឲ្យធុញទ្រាន់មែនទែន ធុញទ្រាន់មិនមែនដោយសារតែលោកស្រីពិបាកនឹងអនុវត្តកម្មវិធីនយោបាយរបស់លោកស្រីទេ ប៉ុន្តែដោយសារតែលោកស្រីធ្វើមិនបានដូចចិត្តនៅក្នុងការនិយាយបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីអែតវើតហ៊ីស ដែលជាចៅហ្វាយរបស់លោកស្រី ដើម្បីឲ្យលោកយល់ពីបំណង គោលជំហរ និងផ្នត់គំនិតរបស់លោកស្រី។ តាមមើលទៅ លោកស្រីទំនងជាខកចិត្តបំផុត ខកចិត្តដល់ថ្នាក់ផុតសង្ឃឹមថាស្ត្រីប្រហែលជាពិបាកជ្រៀតចូលក្នុងឆាកនយោបាយ។ នៅក្នុងបទសម្ភាសតាមទូរទស្សន៍កាលពីឆ្នាំ១៩៧៣ លោកស្រីថេតឆឺថ្លែងថា «ស្ត្រីប្រហែលជាគ្មានឱកាសក្លាយជានាយករដ្ឋមន្ត្រីនៅជំនាន់ខ្ញុំនេះទេ»។ ប៉ុន្តែលោកស្រីពិតជាភាន់ច្រឡំធំតែម្ដងនៅត្រង់ចំណុចនេះ។ នៅពេលគណបក្សអភិរក្សនិយមចាញ់ឆ្នោតនៅឆ្នាំ១៩៧៤ លោកស្រីថេតឆឺបានក្លាយជាកម្លាំងស្នូលរបស់បក្ស៕

 

 

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

ឯកសារពិគ្រោះ គេហទំព័រវីឃីភីឌា និងគេហទំព័រដទៃទៀត

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

 

 

X
5s