៦​ចំណុច​​បញ្ជាក់​ថា​ ​​​​​​កម្ពុជាជា​កន្លែង​ដ៏​​ទាក់ទាញ​​សម្រាប់​អ្នកទេសចរ​ ទាំង​ក្នុង​ និង​​ក្រៅ​​ប្រទេស​



កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយកំពុងឆ្ពោះទៅមុខលើវិស័យទេសចរណ៍។ វិស័យទេសចរណ៍នេះ គឺជាវិស័យសំខាន់ដែលកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយវា បានផ្ដល់មកនូវប្រាក់ចំណូល និងការងារដល់ពលរដ្ឋកម្ពុជាយ៉ាងច្រើន។ ខាងក្រោមនេះជាចំណុចសំខាន់ៗ ដែលបញ្ជាក់ថា កម្ពុជាជាកន្លែងដ៏ទាក់ទាញសម្រាប់អ្នកទេសចរ៖ ១) សេវាកម្មម៉ាស្សាមានតម្លៃថោក៖ សម្រាប់អ្នកបានធ្វើដំណើរកម្សាន្តពេញមួយថ្ងៃ ហើយមានអារម្មណ៍ថា នឿយហត់ និង មានអារម្មណ៍ឈឺឆ្អឹងឆ្អែង ចុករោយ មិនចាំបាច់មានការព្រួយបារម្ភនោះឡើយ ព្រោះគ្រាន់តែចំណាយប្រាក់បន្តិចបន្តួច នោះនឹងទទួលបានសេវាកម្មម៉ាស្សាយ៉ាងល្អ។ អ្វីដែលសំខាន់នោះសេវាកម្មល្អតែមានតម្លៃថោក ដែលមានស្ទើរតែគ្រប់កន្លែងទាំងអស់ក្នុងរាជធានីភ្នំពេញ។ ២) ថ្ងៃឈប់សម្រាកច្រើន៖ កម្ពុជានៅមានបុណ្យប្រពៃណីជាតិជាច្រើនទៀត ដែលបានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាមានពេលសម្រាកគ្រប់គ្រាន់ រីករាយអបអរក្នុងពិធីបុណ្យទាំងនោះ។ ចំណុចនេះអាចទាក់ទាញអ្នកទេសចរឲ្យជាប់ចិត្ត និង ចង់ចូលរួមកម្មវិធីបុណ្យទាំងនោះជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ៣)អាហារមានតម្លៃថោកសមរម្យ៖ មិនថាអាហារ កាហ្វេ និងភេសជ្ជៈផ្សេងៗទៀតដែលបម្រើឲ្យអតិថិជននៅទីនេះ ពិតជាមិនធ្វើឲ្យភ្ញៀវបរទេសខកចិត្តឡើយ ពោលគឺពួកគេគ្រាន់តែចំណាយលុយបន្តិចបន្តួចក៏អាចទិញរបស់ទាំងនោះមកពិសាបានដែរ។ ៤) សម្បូរទៅដោយតំបន់ទេសចរណ៍៖ ប្រទេសកម្ពុជា មានសំណង់ជាច្រើនដែលបន្សល់ទុកពីសម័យបុរាណ ជំនាន់បារាំង និងសង្គមរាស្ត្រនិយម មានដូចជាប្រាសាទអង្គរវត្ត វត្តភ្នំ រាជវាំង សារមន្ទីរជាតិ ផ្សារ វិមានឯករាជ្យ ។ល។ រួមទាំងតំបន់ទេសចរធម្មជាតិជាច្រើនទៀតសុទ្ធតែជាកន្លែងទាក់ទាញសម្រាប់ទស្សនា និងការកម្សាន្តរបស់អ្នកទេសចរស្វែងយល់វប្បធម៌យ៉ាងសំបូរបែបទាំងនោះ។ ៥) អាចធ្វើដំណើរកម្សាន្តនៅតាមបឹងទន្លេសាប៖ ក្រៅពីការកម្សាន្តនៅក្នុងទីក្រុង អ្នកទេសចរនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ ក្នុងការគយគន់ទេសភាពយ៉ាងស្រស់ត្រកាលនៅតាមដងទន្លេសាប ខណៈដែលខ្យល់ បក់មកល្វើយៗត្រជាក់ចិត្ត លើផ្ទៃជលសានាព្រឹកព្រលឹម ឬ ថ្ងៃអស្ដង្គត ដែលជាទន្លេទឹកសាបដ៏ធំបំផុតមួយនៅលើពិភពលោក។ ៦) រីករាយភ្លើងពណ៌នាពេលរាត្រី៖ ការកម្សាន្តនៅពេលរាត្រីដ៏ស្រស់ត្រកាលលាយឡំនឹងភ្លើងពណ៌ គឺជាឱកាសក្រេបរសជាតិយ៉ាងពិសេស សម្រាប់អ្នកទេសចរ ដោយផ្សារភ្ជាប់ទៅនឹងរបៀបរស់នៅរបស់ប្រជាពលរដ្ឋនីមួយៗ។ ជាពិសេសទៀត អាចមើលឃើញពីគុណតម្លៃដែលពួកគេទទួលបាននៅទីនេះ។ ប្រែសម្រួលដោយ៖ សីហា ប្រភព៖ www.globalpost.com
X
5s