បដិវត្តន៍ឧស្សហកម្ម ៤.0 និងការឆ្លើយតបនឹងឱកាសរបស់អាស៊ាន​



សម្រាប់អ្នកដែលតាមដាន អំពីសេដ្ឋកិច្ចរបស់ពិភពលោក លោកអ្នកប្រាកដជាបានឃើញថាចុះផ្សាយមិនតិចនោះទេដែលបាននិយាយអំពីបដិវត្តន៍ឧស្សហកម្មទី៤ (Industry 4.0)។ សម្រាប់លោកអ្នកដែលមិនធ្លាប់ដឹង ឬ​ឮ​អំពីបដិវត្តន៍ឧស្សហកម្មទី៤ ពីមុនមក វាគឺជាដំណើរអភិវឌ្ឍន៍របស់សេដ្ឋកិច្ចពិភពលោក ដែលផ្តោតសំខាន់ទៅលើផ្នែកឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាដូចជា​បញ្ញាសិប្បនិម្មិត(AI)  អ៊ីនធឺណែត និង​មនុស្សយន្ត​។

នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី បដិវត្តន៍ឧស្សហកម្មទី ៤ ប្រហែលជាមិនបានបង្កការភ្ញាក់ផ្អើលអ្វីខ្លាំងនោះទេ ដល់ប្រជាជន​ ដោយសារតែភាគច្រើននៃប្រទេសទាំងនេះគឺស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ដែលតម្រូវ​ឱ្យ​ផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្ម។ ទោះជាយ៉ាងណា ក៏ដោយ វត្តមាននៃបដិវត្តឧស្សាហកម្មទី៤នេះ នឹងនៅតែបង្កជាបញ្ហាដល់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗដទៃ ជាពិសេសខណះពេលដែលយើងមិនទាន់ត្រៀមខ្លួនបានរួចរាល់នេះ​ឯង។​ មិនខុសគ្នាអំពីបដិវត្តឧស្សហកម្មទី១ ទី២ និងទី៣នោះទេ បដិវត្តឧស្សាហកម្មទី៤ នឹងតម្រូវ​ឱ្យមានការប្រែប្រួលយ៉ាងច្រើនដើម្បីសម្របខ្លួន​ឱ្យ​ត្រូវ​តាម​បរិបទ នៃការអភិវឌ្ឍ​ របស់បច្ចេកវិទ្យា ពោលគឺដោយសារតែនៅក្នុងបដិវត្តឧស្សាហកម្មទី៤ នេះ​មាន​ វិស័យជាច្រើនរួមមានទាំងផលិតកម្មសម្ភារះ ការងារ ធុរកិច្ច សុខាភិបាល ពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចការរដ្ឋបានជាច្រើនគឺនឹងសុទ្ធតែមានវត្តមានបច្ចេកវិទ្យាថ្មីចូលរួមផ្សំ។ ដូច្នេះប្រសិនជាអ្នកមិនសម្របខ្លួនតាមសម័យកាលនោះទេ អ្នកអាចនឹងបាត់បង់អ្វីដែលខ្លួនកំពុងតែមាន ព្រោះតែគេត្រូវការអ្នកដែលមានសមត្ថភាពដើម្បីធ្វើការងារ ជាមួយនឹងបច្ចេកវិទ្យាទាំងនោះ។​

 

សម្រាប់អាស៊ាន ដែលជាផ្ទះរបស់មនុស្សជាង ៦០០ លាននាក់ ការបញ្ចេញសកម្មភាពទាន់ពេលវេលា គឺជារឿងសំខាន់បំផុត ព្រោះបើមិនដូច្នេះទេ អាស៊ានយើងមិនពិបាកនឹងដើរទៅមុខណាស់ ពោលគឺផ្ទុយពីខាងអឺរ៉ុបដែលគេបានត្រៀមខ្លួនយ៉ាងរួចរាល់ដើម្បីទទួលបរិបទមួយនេះ តួយ៉ាងសូម្បីតែការសិក្សាក៏គេបានផ្តោតសំខាន់យ៉ាងខ្លាំងទៅលើជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាពិសេស​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​តែ​ម្ដង។ លើសពីនេះទៀត អាស៊ានមានដៃគូ​ប្រកួតប្រជែងមួយយ៉ាងខ្លាំង ដែលមិនអាចមើលរំលងបានទាល់តែសោះនោះគឺ ចិន។ តាមសន្ទុះសេដ្ឋកិច្ចរបស់ចិន ចិនបានត្រៀមខ្លួនយ៉ាងល្អនៅក្នុងការទទួលបរិបទនេះ ដោយសារតែនៅក្នុងប្រទេសចិនមានកម្លាំងពលកម្ម និងរោងចក្រឧស្សាហកម្មជាច្រើន ដែលធ្វើ​ឱ្យ​ប្រទេសនេះ បានក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ ដែលនឹងចូលទៅក្នុងការគិតរបស់អ្នកវិនិយោគមុនគេ បង្អស់ នៅពេលដែលពួកគេចង់វិនិយោគ។​ ផ្ទុយទៅវិញ បើមើលនៅក្នុងអាស៊ាន ប្រទេសដូចជា ថៃ និងវៀតណាម ហាក់ដូចជាមិនសូវមានសកម្មភាព អ្វីជាគំហុកគួរ​ឱ្យ​​កត់​សម្គាល់នោះឡើយ។ ម្យ៉ាងទៀត ជាមួយនឹងគម្រោងកំណែទម្រង់ជំហានគីង្គក់របស់ចិន “Made in China 2025” អាស៊ានមុខតែប្រឈមនឹងបញ្ហា ប្រសិនជាខ្លួនដោះស្រាយរឿងធនធានមនុស្សមិនបានជោគជ័យនោះទេ ព្រោះថាក្រុមហ៊ុនភាគច្រើននឹងដកទៅដាក់ទីតាំងក្នុងប្រទេសចិនវិញហើយ។

 

 

អាស៊ាន មានប្រវត្តិពឹងផ្អែកទៅលើពលករមិនសូវមានជំនាញប៉ុន្មាននោះទេ ដូច្នេះហើយទើបបានតម្លៃពលកម្មរបស់ពលករក្នុងអាស៊ានមានតម្លៃទាប។ ដូច្នេះដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេស និងតំបន់ផ្សេងៗ អាស៊ានដាច់ខាតត្រូវតែចេះរៀបចំពលកររបស់ខ្លួន​ឱ្យ​ទទួលបានការវឹកហាត់​ត្រូវជំនាញ បើមិន​ដូច្នោះ​ទេ ពលករខ្លួនជាច្រើននឹងត្រូវប្រឈមមុខនឹងការបាត់បង់ការពារ។ ជំហានដំបូងរបស់រដ្ឋាភិបាលក្នុងអាស៊ាន គឺត្រូវកំណត់​ឱ្យ​បានអំពីគម្លាតនៃពលករដែលមាន និងគ្មានជំនាញត្រូវជាមួយនឹងអ្វីបដិវត្តឧស្សហកម្មត្រូវការ។ ជំហាននេះអាចសម្រេចទៅបានដោយមានការចូលរួមអំពីដៃគូ​ឯកជន ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថវិការគ្រប់គ្រាន់។ ក្នុងនោះ ប្រទេសទាំងមូលអាចនឹងត្រូវដំណើរការនូវផែនការបង្កើនសម្ថភាព តាមរយៈ​ការហ្វឹកហាត់ និងការអនុវត្តន៍ផ្ទាល់។​

 

សព្វថ្ងៃនេះ សិង្ហបុរីជាប្រទេសតែមួយគត់នៅក្នុងអាស៊ាន ដែលបានចាប់ផ្តើមនូវកិច្ចបណ្តុះបណ្តាលប្រជាជនរបស់ខ្លួនរួចហើយ។ ទន្ទឹមនឹងនេះ អ្វីដែលអាស៊ាន គួរយកជាគម្រូតាមអាចជាប្រទេសកូរ៉េខាងត្បូង​ ព្រោះកូរ៉េខាងត្បូងបានចំនាយពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះក្នុងការពង្រឹងសមត្ថភាពរបស់ប្រជាជនខ្លួន រួមជាមួយនឹងការបង្កើនផលិតកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់អាទិភាពទៅដល់ឧស្សាហកម្មមួយចំនួនដែលត្រូវជាមួយនឹងទិសដៅរបស់បដិវត្តឧស្សាហកម្មទី៤នេះដែរ៕

ដោយ៖ វត្តី សុត្ថា

X
5s