ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Google គ្រោងនឹង​បើកការិយាល័យតំណាងរបស់ខ្លួនក្នុងប្រទេសវៀតណាម​



ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google កំពុងតែសិក្សាអំពីដំណើរការក្នុងការដាក់ការិយាល័យតំណាងរបស់ខ្លួនទៅក្នុងប្រទេសវៀតណាម។ លោក  Ken Walker អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុននេះបានបង្ហាញផែនការរបស់ខ្លួនក្នុងការជួបប្រជុំមួយនឹងលោកឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue ក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ។ ហើយការទៅប្រទេសវៀតណាមនេះទៀតសោត មិនត្រឹមតែជំនួបប្រជុំមួយមុខនោះទេ លោកក៏មានដំណើរទៅជួបជាមួយភ្ងាក់ងារសាធារណៈ និងក្រុមហ៊ុនផ្សេងៗផងដែរ។ មន្រ្តីផ្លូវការរបស់ Google បានធ្វើការទាក់ទងក្រុមហ៊ុនបង្កើតថ្មីជាច្រើន និងបានលើកទឹកចិត្តទៅដល់អ្នកបង្កើតកម្មវិធី (IT Application) ដោយក្រុមហ៊ុននេះមើលឃើញថាប្រទេសវៀតណាមគឺជាដៃគូរដ៏មានសក្ដានុពលរបស់ខ្លួនក្នុងនវានុវត្តន៍និងក្រុមហ៊ុនបង្កើតថ្មីៗ។ លោក Ken Walker បានសរសើរនិងលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសវៀតណាមក្នុងការបង្វឹកវិស្វករអាយធីកម្រិតស្ដង់ដារអន្តរជាតិជាច្រើននាក់។ ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue បានមានសរសើរទៅដល់ការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះដែលមានបានជួយចូលរួមបង្កើនសេដ្ឋកិច្ចសង្គមរយៈពេលជាច្រើនឆ្នាំមកនេះ ហើយនិងការជួយគាំទ្រទៅដល់សេដ្ឋកិច្ចឌីជីថលក្នុងតំបន់តាមរយៈការបំពាក់សិស្សនិងនិស្សិតឲ្យមានជំនាញបង្កើតកម្មវិធី ដោយបន្ថែមថាខ្លួននឹងធ្វើការអភិវឌ្ឍក្រុមហ៊ុនឲ្យបាន ១លានក្រុមហ៊ុនក្នុងឆ្នាំ ២០២០។ គួរបញ្ចាក់ផងដែរថា ការត្រៀមខ្លួនចូលរបស់ក្រុមហ៊ុនយក្សមួយនេះ នៅខណៈពេលដែលប្រទេសវៀតណាមកំពុងតែធ្វើសេចក្ដីព្រៀងច្បាប់ទៅលើប្រព័ន្ធសុវត្តិភាពគមនាគមន៍ដែលនឹងចាបផ្ដើមដាក់ឲ្យប្រើប្រាស់នាខែមករាឆ្នាំក្រោយ។ ច្បាប់នេះមានសិទ្ធទាមទារឲ្យក្រុមហ៊ុន Google និង Facebook ដកចេញនូវប្រធានបទមានភាពមិនសមគួរ និងមានសិទ្ធទាមទារទិន្នន័យផ្សេងៗនៅពេលរដ្ឋភិបាលត្រូវការ៕ ដោយ៖ លង់ វណ្ណៈ
X
5s