ការពិតដែលគួរឲ្យភ្ងាក់ផ្អើល ៨យ៉ាងបង្ហាញពីទ្រព្យសម្បត្តិរបស់លោក Jeff Bezos មហាសេដ្ឋីលេខ១​



លោក Jeff Bezos គឺជាមហាសេដ្ឋីមានជាងគេលើពិភពលោក ដោយលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១២១ពាន់លានដុល្លារ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon រូបនេះដែលមានទ្រព្យសម្បត្តិ ១៦ពាន់លានដុល្លារច្រើនជាងលោក Bill Gates មហាសេដ្ឋីលំដាប់លេខពីរពិភពលោក។ 

ខាងក្រោមនេះគឺជាការពិតដែលគួរឲ្យភ្ងាក់ផ្អើលដែលបង្ហាញពីទ្រព្យសម្បត្តិរបស់លោក Jeff Bezos៖

១) ទ្រព្យសម្បត្តិសរុបរបស់លោក Jeff Bezos មានប្រមាណ ១២១ ពាន់លានដុល្លារ ហើយលោកមានប្រាក់ប្រចាំឆ្នាំប្រមាណ ៨១ ៨៤០ដុល្លារពីក្រុមហ៊ុន Amazon ។ បើទោះបីជាប្រាក់ប្រចាំឆ្នាំរបស់លោកមានត្រឹមតែ ៨១ ៨៤០ ដុល្លារក៏ដោយ ភាគច្រើននៃទ្រព្យសម្បត្តិរបស់លោកបានមកពីភាគហ៊ុនក្នុងក្រុមហ៊ុន Amazon។ 

២) លោក Bezos អាចរកប្រាក់បាន ២ ៤៨៩ដុល្លារក្នុងមួយវិនាទី និងបើគិតជាមួយនាទី លោកអាចរកបាន ១៤៩ ៣៥៣ដុល្លារ។

៣) បន្ទាប់ពីលែងលះ និងបែងចែកទ្រព្យ ២៥ភាគរយនៃភាគហ៊ុនរបស់ Amazon លោកនេះតែរក្សាតំណែងជាអ្នកមានជាងគេនៅលើពិភពលោកដដែល។ លោកស្រី MacKenzie  ដែលជាអតីតភរិយារបស់លោក Bezos ឥលូវនេះគឺជាមហាសេដ្ឋីស្រ្តីលេខ៣ ក្នុងពិភពលោកបន្ទាប់ពីលោកស្រ្តី Francoise Bettencourt Meyers និងលោកស្រ្តី Alice Walton។

៤) លោក Bezos គឺជាមហាសេដ្ឋីមានបំផុតដោយជនជាតិអាមេរិកចាយ១ដុល្លារ ស្មើរនឹងលោក Bezos ចាយ ១,២ លានដុល្លារ។ ចំណូលសរុបមធ្យមសរុបរបស់ប្រជាជនអាមេរិកប្រមាណ ៩៧ ៣០០ដុល្លារ។ ប្រសិនបើយក ១២១ ពាន់លានដុល្លារ ចែកនឹង ៩៧ ៣០០ នោះស្មើនឹង ១,២ លានដុល្លារ។ 

៥) នាយកប្រតិបត្តិរូបនេះមានទ្រព្យសម្បត្តិច្រើនជាង រាជវង្សានុវង្សអង់គ្លេស ៣៨ភាគរយ។ គ្រួសាររាជវង្សអង់គ្លេសមានទ្រព្យសម្បត្តិសរុប ៨៨ ពាន់លានដុល្លារ នេះបើយោងតាម Forbes។

៦) ទ្រព្យសម្បត្តិសរុបរបស់លោក Bezos ស្មើនឹង GDP របស់ប្រទេសអង់គោឡា។ ជិតពាក់កណ្ដាលនៃចំណូលក្នុងស្រុកសរុបរបស់ប្រទេសអង់គោឡា បានមកពីផលិតកម្មប្រេង ដែលស្មើនឹងជាង៩០ភាគរយនៃការនាំចេញរបស់ប្រទេសនេះ។

៧) ទ្រព្យសម្បត្តិសរុបរបស់លោក Bezos ច្រើនជាង GDP របស់ប្រទេសអ៊ីស្លង់ អាហ្វកានីស្ថាន និងកូស្តារីកា បូកបញ្ចូលគ្នា។ ចំណូលក្នុងស្រុកសរុប (GDP ) របស់ប្រទេសអ៊ីស្លង់ មានប្រហែល ៣១,៦ ពាន់លានដុល្លារ របស់ប្រទេសកូស្ដារីកា មានប្រហែល ២២,៩ ពាន់លានដុល្លារ និងប្រទេសអាហ្វកានីស្ថាន មានប្រហែល ៦៤,៨ ពាន់លានដុល្លារ។

៨) ប្រជាជនជនជាតិអាមេរិកម្នាក់ដែលមានកម្រិតបរិញ្ញាបត្រអាចរកចំណូលបានប្រហែល ២,១៩ លានដុល្លារក្នុងមួយជីវិត តែចំនួនលុយប៉ុណ្ណេះ លោក Bezos ចំណាយពេលតែ១៥ នាទីប៉ុណ្ណោះ។ បើយោងតាម SSA ស្រ្តីជនជាតិអាមេរិកម្នាក់អាចរកចំណូលបានប្រហែល ១,៣២លានដុល្លារ ក្នុងមួយជីវិតរបស់ខ្លួន៕

ដោយ៖ លង់ វណ្ណៈ

 

 

X
5s