មេរៀនវិនិយោគ៖ បើ​ចង់​បានអ្វី​មួយល្អបំផុតពីបុគ្គលិក​ អ្នកក៏ត្រូវផ្តល់អ្វីមួយ​ល្អ​បំផុតឲ្យពួកគេវិញ​ដែរ​



ថ្វីបើ​​ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​មួយចំនួន ត្រូវការ​ការ​វិនិយោគ​ហិរញ្ញវត្ថុ ​(ឧទាហរណ៍​ដូចជា  សិក្ខាសាលា​ វគ្គ​បណ្តុះបណ្តាល​ខ្លីៗ ចូល​ជា​សមាជិក​ជាមួយ​អ្នក​​​មាន​ជំនាញ​វិជ្ជាជីវៈ ឬ​ការ​សិក្សា​ផ្សេងៗ)  ការ​ទទួល​បាន​លទ្ធផល​ត្រឡប់​មកវិញ​ដ៏​ល្អ​បំផុត​ត្រូវ​​ចាប់​ផ្តើម​ចេញ​ពី​ការ​វិនិយោគ​ពេលវេលា និង​ថាមពល​របស់​អ្នក។ ទោះបី​ជា​ ​ពេលវេលា និង​ថាមពល​តែងតែ​ត្រូវ​បាន​កំណត់​ក៏ដោយ​ អ្នកដឹកនាំ​ដែល​មាន​គោលបំណង​​ពិតប្រាកដ ត្រូវ​​វិនិយោគ​លើ​ធនធាន​ដ៏​មាន​តម្លៃ​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ការងារ​របស់​ខ្លួន។

នៅ​ពេល​បុគ្គលិក​ជា​ច្រើន​ចាប់​ផ្តើម​កត់សម្គាល់​ឃើញ​ថា អ្នក​​​មាន​ចំណាប់អារម្មណ៍​លើ​ភាព​ជោគជ័យ​របស់​ពួកគេ ការ​ពិភាក្សា​​ដ៏​តានតឹង​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន។ បញ្ហា​ត្រូវ​បាន​​ដោះស្រាយ​នៅ​លើ​តុ​ជាជាង​ការ​គេចវេស​មិន​ទទួល​ខុសត្រូវ ហើយ​ដំណោះស្រាយ​របស់​អ្នក​​​​ត្រូវ​បាន​បង្ហាញ​ចេញ​មក​​ជាជាង​​ចង្អុល​ ឬ​ដាក់​បន្ទុក​ទៅ​លើ​​បុគ្គលិក។

អតីត​មហាសេដ្ឋី​ដែកថែប​លោក Andrew Carnegie គឺ​ជា​អ្នក​ដឹកនាំ​ដ៏​ឆ្នើម​ម្នាក់ និង​​ជា​គ្រូ​ធំ​ដ៏​​គួរ​ឲ្យ​កោតសរសើរ​ម្នាក់​​សម្រាប់​ផ្តល់​ជា​គំរូ​​លើកទឹកចិត្ត​ដល់​មនុស្ស​ទូទៅ។ គាត់​បាន​ឈាន​ជើង​ចូល​ទៅ​កាន់ ទឹកដី​អាមេរិក​ពី​​ប្រទេស​កំណើន​របស់​លោក គឺ​​ស្កុតឡែន​។ នៅ​ពេល​ដែល​លោក​នៅ​​ក្មេង លោក​បាន​ធ្វើការងារ​​ជា​ច្រើន ហើយ​​រស់​នៅ​ក្នុង​ជីវិត​ចុងក្រោយ​ជា​មហាសេដ្ឋី​ប្រធាន​ក្រុមហ៊ុន​ដែកថែប​ដ៏​ធំ​បំផុត​របស់​អាមេរិក។

នៅ​ពេល​នោះ​ (មុន​ពេល​ស្លាប់​ឆ្នាំ​ ១៩១៩) លោក Andrew គឺ​ជា​​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ​ច្រើន​​ជាងគេ​បំផុត​នៅ​អាមេរិក។ ដើម្បី​​​ចាត់ចែង​ទ្រព្យសម្បត្តិ​របស់​​លោក​ឲ្យ​បាន​ត្រឹមត្រូវ លោក​បាន​លក់​ក្រុមហ៊ុន Carnegie Steel ទៅ​​ឲ្យ​​ក្រុមហ៊ុន J. P. Morgan ក្នុង​ឆ្នាំ ១៩០១ ក្នុង​តម្លៃ​ ៤៨០​ លាន​ដុល្លារ (៤៨០ លាន​ដុល្លារ​នៅ​សម័យ​នេះ​មាន​តម្លៃ​ស្មើ​នឹង​ជិត ៤០០ ពាន់​លាន​ដុល្លារ​នៅ​សម័យ​នេះ)។ លោក​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា ជា​មហាសេដ្ឋី​ដ៏​សប្បុរស​បំផុត​ក្នុង​លោក​ដែល​បាន​បរិច្ចាគ​ប្រាក់​រហូត​ដល់​ទៅ ៧៩ ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​សាកលវិទ្យាល័យ និង​កម្មវិធី​សប្បុរសធម៌​នានា។

កាល​ពី​​​លោក Andrew ​កំពុង​ធ្វើ​ជំនួញ លោក​មាន​សេដ្ឋី ៤៣ លាន​នាក់​ធ្វើការ​ឲ្យ​លោក។ នៅ​ចុង​សតវត្ស​ទី ១៩ ចង់​ក្លាយ​ជា​សេដ្ឋី​ម្នាក់​គឺ​ជា​រឿង​កម្រ​ណាស់។ នៅ​អំឡុង​ពេល​នោះ​ លោក​ត្រូវ​បាន​អ្នក​កាសែត​ម្នាក់​សាកសួរ​ថា តើ​លោក​អាច​គ្រប់គ្រង​រកស៊ី​ជាមួយ​សេដ្ឋី​ទាំង​នោះ​ដោយ​របៀបណា? លោក​បាន​ឆ្លើយ​ថា អ្នក​ទាំង​នោះ​មិនមែន​ជា​សេដ្ឋី​ទេ​នៅ​ពេល​ពួកគេ​ចាប់​ផ្តើម​​ធ្វើការ​ជាមួយ​លោក​នៅ​ពេល​ដំបូង​។ ប៉ុន្តែ​អ្នក​ទាំង​នោះ​បាន​ក្លាយ​ជា​សេដ្ឋី​​ដោយសារតែ​ពួកគេ​​បាន​ធ្វើការ​ឲ្យ​លោក។

អ្នកកាសែត​នោះ​​ក៏​បាន​សាកសួរ​សំនួរ​បន្ទាប់​មក​ទៀត​​ថា តើ​លោក​បាន​អភិវឌ្ឍ​អ្នក​ទាំង​នោះ​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​​រហូត​ធ្វើ​ឲ្យ​លោក​ហ៊ាន​ចំណាយ​លុយ​ច្រើន​យ៉ាង​នេះ​ទៅ​ឲ្យ​ពួកគេ​បាន​ដោយ​វិធី​ណា?

លោក  Andrew ​បាន​ឆ្លើយ​​ដូច្នេះ​ថា៖« មនុស្ស​ត្រូវ​បាន​អភិវឌ្ឍ​ដូច​ទៅ​នឹង​វិធី​​ជីក​យក​រ៉ែ​មាស​ពី​ក្នុង​ដី​ដែរ។ នៅ​ពេល​ជីក​យក​រ៉ែ​​មាស ដី​ភក់ល្បាប់​រាប់​តោន​​ត្រូវ​​កាយ​ចេញ​មក​ក្រៅ​ដើម្បី​​ចម្រាញ់​យក​មាស​ទម្ងន់​មួយ​អោន​នោះ​​។ ប៉ុន្តែ​អ្នក​ដែល​ចុះ​ទៅ​ជីក​​នៅ​កន្លែង​ជីក​រ៉ែ​មិនមែន​ដើម្បី​យក​អាចម៍ដី​ទាំង​នោះ​ទេ តែ​គឺ​ដើម្បី​រក​មាស​ដែល​លាយឡំ​​នៅ​ក្នុង​ដី​នោះ»។ ​​

នេះ​ជា​មេរៀន​ដ៏​មាន​តម្លៃ​បំផុត​មួយ​សម្រាប់​​សហគ្រិន ឬ​អ្នកដឹកនាំ​សម័យ​ថ្មី​ដែល​ត្រូវ​ដឹង​ថា ខ្លួន​ក៏​កំពុង​សម្លឹង​រក​មើល​មាស​ដែល​មាន​នៅ​ក្នុង​​​ចំណោម​បុគ្គលិក​របស់​ខ្លួន​ដែរ (វិនិយោគ​លើ​បុគ្គលិក)។ នៅ​ពេល​ដែល​បាន​រក​ឃើញ​មាស​នោះ​ហើយ អ្នក​ត្រូវ​បង្រៀន​បុគ្គលិក​របស់​អ្នក​ឲ្យ​​ចម្រាញ់​យក​មាស​នោះ​ចេញ​មក។ នេះ​បញ្ជាក់​ថា អ្នក​កំពុង​ជួយ​​ពួកគេ​ឲ្យ​កសាង​ជីវិត​កាន់តែ​មាន​តម្លៃ​ឡើង​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ និង​អ្នកដទៃ​​ជា​មួយ​នឹង​លទ្ធផល​ឈ្នះៗ។ 

នៅ​ក្នុង​បរិបទ​សព្វថ្ងៃ​ទាំង​នៅ​ក្នុង​ជីវិត ឬ​មុខ​ជំនួញ​ក្តី អ្នក​ប្រហែល​ជា​បាន​ភ្លេច​បាត់​ទៅ​ហើយ​ទៅ​នឹង​ច្បាប់​ភាព​ជា​អ្នកដឹកនាំ​មួយ​នេះ "ប្រសិន​បើ​បុគ្គលិក​របស់​អ្នក​ជោគជ័យ អ្នក​ក៏​​ជោគជ័យ​ដែរ"។ បរាជ័យ​របស់​ពួកគេ​អាច​បញ្ជាក់​​បាន​ថា ភាព​ជា​អ្នកដឹកនាំ​របស់​អ្នក​នៅ​មាន​ចំណុច​ខ្វះខាត​៕

ប្រភព៖ Inc