វិស័យ ៣ធំៗដែលអាមេរិកទទួលរងផលប៉ះពាល់បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម​



រំឮកទៅកាលពីថ្ងៃទី ១០ ឧសភាកន្លងទៅ អាមេរិកបានដាក់សម្ពាធពន្ធលើទំនិញនាំចូលរបស់ចិនក្នុងប្រទេសខ្លួន ២០០ ប៊ីលានដុល្លារ ខណៈអត្រាពន្ធកើនពី ១០ ទៅ ២៥%។ វាគឺជារឿងដ៏គ្រោះថ្នាក់សម្រាប់ចិនមួយចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកនេះ ហើយក្នុងពេលថ្មីៗនេះអាមេរិកបានបន្តបង្កើនពន្ធនាំចូលទំនិញរបស់ចិនរហូតទៅដល់ ៣០០ ប៊ីលានដុល្លារហើយ។

ក្រឡែកទៅមើលភាគហ៊ុនរបស់ S&P 500 និង Dow Jones Industrial Average បានការធ្លាក់ចុះប្រមាណ ២% កាលពីសប្តាហ៍មុនបង្កមកពីភាពតានតឹងនៃសេដ្ឋកិច្ចព្រោះមានការតំឡើងពន្ធបន្ថែម និងការកាត់ការប្រាក់របស់ធនាគារកណ្តាលអាមេរិក។ មិនតែប៉ុណ្ណោះទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិកមួយចំនួនធំបានធ្លាក់ចុះតែម្តង បន្ទាប់ពីមានការរំពឹងថាកំណើនអាចនឹងល្អប្រសើរក្នុងត្រីមាសទី៣ ឆ្នាំ ២០១៩ នេះ។

ចំពោះប្រទេសចិន ជាប្រទេសដែលគេព្យាករណ៍ថានឹងឡើងទៅជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកលំដាប់លេខ១ ក្នុងឆ្នាំ ២០៥០ ប្រកាសថាខ្លួននៅមានភាពរឹងមាំគ្រប់គ្រាន់អាចយកខ្យល់ដកដង្ហើមដោយខ្លួនឯង។ ចិនអាចរក្សាដំណែង Hauwei ឲ្យនៅឈរជើងក្នុងទីផ្សារបាន និងទទួលបានភាពទាក់ទាញពីអតិថិជនបានច្រើនដដែល។ 

អាមេរិកដែលជាអ្នកដាក់សម្ពាធសេដ្ឋកិច្ចចិន ដោយសារតែបញ្ហាសង្គា្រមពាណិជ្ជកម្មនេះអាមេរិកខ្លួនឯងក៏កំពុងជួបបញ្ហាលើវិស័យសំខាន់ៗចំនួន ៣ គឺ៖

១) ឧស្សាហកម្មផលិតរថយន្ត

ផ្នែកធំបំផុតមួយដែលអាមេរិកកំពុងទទួលរងផលប៉ះពាល់នោះគឺ ឧស្សាហកម្មផលិតរថយន្ត។ កាលពីឆ្នាំទៅ ចិនបានចបង្កើនពន្ធលើការនាំចូលរថយន្តរបស់អាមេរិកទៅកាន់ប្រទសខ្លួនក្នុងចន្លោះពីអត្រា ១៥ ទៅ ៤០% ដើម្បីជាការសងសឹក ខណៈដែលអ្នកប្រើប្រាស់របស់ចិនភាគច្រើនយកគំនិតជាតិនិយមគាំទ្រផលិតផលយានយន្តក្នុងស្រុក។ មិនត្រឹមតែមានការដាក់ពន្ធលើយានយន្តទេ សូម្បីគ្រឿងបន្លាស់សម្រាប់រថយន្តក៏ត្រូវបានចិនតំឡើងពន្ធសម្រាប់ការនាំចូល និងគាំទ្រផលិតផលក្នុងស្រុកដែរ។

២) បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតឈីប (Chip) និងឧស្សាហកម្មអេឡិចត្រូនិចដែលពឹងផ្អែកលើការលក់របស់ចិនដូចជា NVIDA Corp Micron Technology និង Intel Corp ជាដើមគឺងាយរងគ្រោះណាស់នៅក្នុងសេណារីយ៉ូនៃសង្គ្រាមពាណិជ្ជកម្មមួយនេះ។ មើលជាក់ស្តែងក្រុមហ៊ុន Apple Inc. ក៏បានក្លាយជាជនរងគ្រោះដែរព្រោះក្រុមហ៊ុននេះធ្លាប់ជាក្រុមហ៊ុនរួចពន្ធលើការតំឡើងទូរស័ព្ទនៅប្រទេសចិន តែបន្ទាប់ពីការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ អ្វីៗត្រូវបានផ្លាស់ប្តូរ សូម្បីការលក់ទូរស័ព្ទ iPhone ក្នុងប្រទេសចិនក៏មានការធ្លាក់ចុះដែរ។ 

៣) កសិកម្ម

ចិនជាទីផ្សារនៃការនាំចេញផលិតផលកសិកម្មធំលំដាប់លេខ ៤ របស់អាមេរិក ដែលទំហំនៃការនាំចេញសរុបរបស់អាមេរិកទៅកាន់ចិនមានប្រមាណ ៩.៣ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាម Office of the United States Trade Representative។ បើតាមសារព័ត៌មានចិន South China Morning Post បានឲ្យដឹងកាលពីថ្ងៃទី៦ សីហានេះថា ចិនបានផ្អាកការទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិកដើម្បីជាការឆ្លើយតបនឹងភាពលោភលន់របស់អាមេរិក។ ហើយនេះជាការកាត់ផ្តាច់ទីផ្សារមួយយ៉ាងធំ ដែលនាំឲ្យសេដ្ឋកិច្ចអាមេរិកកំពុងជួបការលំបាក និងខាតបង់។ កាលពីឆ្នាំ ២០១៨ កន្លងទៅ ចិនបានដាក់ពន្ធបន្ថែមជាផ្លូវការលើការនាំចូលសណ្តែកសៀងរបស់អាមេរិក ហើយកសិករអាមេរិកជួបវិបត្តិនៃការស្តុកទំនិញហើយមិនអាចលក់ចេញបាន។ តែចិនមិនអាត្មានិយមហួសហេតុពេកទេ គេក៏បានបើកទីផ្សារហើយទិញសណ្តែកសៀងពីអាមេរិកវិញក្នុងទំហំទឹកប្រាក់ ១៨០ លានដុល្លារក្នុងខែធ្នូចុងឆ្នាំ ២០១៨៕

ដោយ៖ យ៉ាយ៉ា

 

X
5s