​សុភាសិតអេហ្ស៊ីប «ឃើញ​បញ្ហា​របស់​អ្នកដទៃ​ធ្វើឲ្យ​អ្នក​មើល​ឃើញ​បញ្ហា​របស់​ខ្លួនឯង​តូច​ជាង​មុន។»​



អេហ្ស៊ីប​មាន​សុភាសិត​មួយ​ឃ្លា​ថា «ឃើញ​បញ្ហា​របស់​អ្នកដទៃ​ធ្វើឲ្យ​អ្នក​មើល​ឃើញ​បញ្ហា​របស់​ខ្លួនឯង​តូច​ជាង​មុន។» តាម​ពិត​ទៅ​បញ្ហា​ជាច្រើន​នៅ​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ​ច្រើន​តែ​កើតឡើង​នៅ​ក្នុង​ការ​ស្រមើស្រមៃ​របស់​ខ្លួនឯង​ច្រើន​ជាង​ស្ថានភាព​ជាក់ស្ដែង​នៅ​ខាងក្រៅ។ នៅ​ពេល​យើង​កំពុង​តែ​លិចលង់​នៅ​ក្នុង​ទុក្ខ​របស់​ខ្លួនឯង យើង​តែងតែ​លម្អៀង​ភ្លេច​មើល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង។ នៅ​លើ​លោក​នេះ ឬ​អាច​ជា​អ្នក​នៅ​ជិត​ខ្លួន​អ្នក​បង្កើយ តែងតែ​មាន​មនុស្ស​ដែល​មាន​ការ​លំបាក​លើស​អ្នក​ទៅ​ទៀត។

នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ដែល​មាន​ជីវិត​ល្អឥតខ្ចោះ​នោះ​ទេ បើ​ទោះ​ជា​នៅ​ខាងក្រៅ​អ្នក​មើល​ទៅ​គេ​ហាក់​ដូចជា​ដូច្នោះ​ក៏​ដោយ។ មនុស្ស​ម្នាក់ៗ​តែងតែ​មាន​សម្ពាយ​នូវ​ទុក្ខ​លំបាក​ជាប់​ខ្លួន​ជានិច្ច។ នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​តែងតែ​មាន​រឿង​ដែល​ធ្វើឲ្យ​ពួកគេ​ទាស់ចិត្ត រឿងរ៉ាវ​ដែល​មិន​កើតឡើង​សម​ទៅ​តាម​បំណង​របស់​ពួកគេ។ នៅ​ត្រង់​ចំណុច​នេះ នរណា​ម្នាក់​ក៏​មាន​វា​ដែរ មិន​ថា​ពួកគេ​មាន​ស្ទើរតែ​អ្វីៗ​គ្រប់​យ៉ាង​ដែល​មនុស្ស​ភាគច្រើន​ចង់​បាន​ក៏​ដោយ ឬ​ឡើង​ទៅ​ដល់​ភាព​ជោគជ័យ​កំពូល​ក៏​ដោយ។

ក្នុង​ពេល​ដែល​អ្នក​កំពុង​តែ​រអ៊ូរទាំ​ពី​ទុក្ខ​របស់​ខ្លួនឯង មាន​មនុស្ស​មួយ​ចំនួន​ដេក​នៅ​តាម​ចិញ្ចើម​ថ្នល់ កំពុង​តែ​រង​ទុក្ខ​ជាមួយ​នឹង​ក្រពះ​ដែល​កំពុង​តែ​ស្រេក​ឃ្លាន មាន​ជំងឺ​តែ​មិន​មាន​លទ្ធភាព​ទិញ​ថ្នាំ​ឬ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ខ្វាក់​ភ្នែក​អត់​ដៃ​ជើង​ជាដើម នៅ​ពេល​អ្នក​ឃើញ​ពួកគេ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ទុក្ខ​លំបាក​របស់​អ្នក​ប្រៀប​មិន​ស្មើ​នឹង​ពួកគេ​នោះ​ឡើយ ហើយ​វា​ហួស​ពី​អ្វី​ដែល​ពាក្យ​សម្ដី​អាច​រៀបរាប់​ពី​ភាព​ខុស​គ្នា​នេះ​ទៅ​ទៀត។

ធម្មជាតិ​យុត្តិធម៌​បំផុត។ រឿងរ៉ាវ​ដែល​កើតឡើង​ចំពោះ​អ្នក​គឺ​សុទ្ធតែ​មាន​ហេតុ​ដែល​បណ្ដាល​ឲ្យ​វា​កើតឡើង​មក។ តាម​ពិត​ទៅ​អ្វី​ដែល​ធ្វើឲ្យ​អ្នក​ឈឺចាប់​ពិត​ប្រាកដ​គឺជា​ចិត្ត​របស់​អ្នក​ដែល​មិន​ព្រម​ទទួលស្គាល់​ការ​ពិត មិន​ទទួលស្គាល់​ការ​ពិត​ថា​គ្មាន​អ្វី​ដែល​នៅ​ឋិតថេរ​នោះ​ទេ មិន​ទទួលស្គាល់​ថា​អ្វីៗ​មិន​មែន​ចេះ​តែ​កើតឡើង​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​រហូត​នោះ​ទេ។ ធម្មជាតិ​មាន​ដំណើរ​របស់​វា។ នៅ​ពេល​អ្នក​ព្រម​ទទួលស្គាល់ ក្រោយ​ពី​នេះ​ប្រហែល​ជា​អ្នក​អាច​ស្វែងរក​ដំណោះស្រាយ​ដែល​ល្អ​ប្រសើរ​សម្រាប់​ដោះស្រាយ​ជាមួយ​បញ្ហា​របស់​អ្នក​បាន៕

ដោយ៖ ស្រីពៅ