មកស្តាប់ដំបូន្មាន​នាយកប្រតិបត្តិក្រុមហ៊ុន AirAsia ផ្តាំផ្ញើទៅកាន់អ្នកដែលចង់រកស៊ីថ្មីថ្មោង​



គេ​នៅចាំ​បាន​ថា កាល​ពី​ ១៨ ឆ្នាំ​មុន ពោល​គឺ​នៅ​ក្នុង​ឆ្នាំ ២០០១ លោក Tony Fernandes បាន​ចុះហត្ថលេខា​​ទិញ​យក​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​របស់​​​​ម៉ាឡេស៊ី AirAsiaដែល​​ហៀប​នឹង​ក្លាយ​ទៅ​ជា​សាកសព​ទៅ​ហើយ​នោះ​នៅ​ក្នុង​តម្លៃ​ត្រឹមតែ ២៥ សេន ប៉ុណ្ណោះ​។ ៣ ថ្ងៃ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ​មាន​អំពើ​ភេរវកម្ម​ដ៏​រន្ធត់​មួយ​​វាយប្រហារ​ទៅ​លើ​អគារ​ភ្លោះ​របស់​អាមេរិក​​ដែល​នេះ​បាន​ធ្វើ​ឲ្យ​​​​ការ​ធ្វើ​ដំណើរ​​​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្លាក់​ចុះ​ ២,៧%។

 ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​សេដ្ឋី​ម៉ាឡេស៊ី​រូប​នេះ​ស្ថិត​នៅ​ក្នុង​ភាព​ត្រដាបត្រដួស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត។ ​​​​​ក៏ប៉ុន្តែ​ទោះបីជា​ពេលវេលា​មិន​សម​ហេតុផល​ក៏ដោយ ក៏​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia នៅ​តែ​អាច​រក​ច្រក​ចេញ​ក្លាយ​ជា​ក្រុមហ៊ុន​អាកាស​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក​​ដូច ពេល​បច្ចុប្បន្ន​​​ដែល​ល្បី​ថា មាន​តម្លៃ​ថោក​ដែល​អ្នកណាៗ​ក៏​អាច​ធ្វើ​ដំណើរ​​បាន​តាម​​រយៈ​ក្រុមហ៊ុន​​មួយ​នេះ។ ​​

ឆ្លងកាត់​បទពិសោធន៍​ជំនួញ​រាប់​ភ្លេច​ នៅ​ក្នុង​​កម្មវិធី​ជជែក​ដេញដោល​មួយ​​ដែល​រៀបចំ​ឡើង​ដោយ​វេទិកា​សេដ្ឋកិច្ច ពិភពលោក (World Economic Forum) កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ សេដ្ឋី​វ័យ ៥៥ ឆ្នាំ​មាន​​ទ្រព្យសម្បត្តិ ៦៥០ លាន​ដុល្លារ​​រូប​នេះ​បាន​ចែករំលែក​ដំបូន្មាន​មួយ​សម្រាប់​មនុស្ស​ទូទៅ ជា​ពិសេស​អ្នក​ដែល​ចង់​រកស៊ី​ថ្មីថ្មោង​តែម្តង។

១.ការ​លើកទឹកចិត្ត​បុគ្គលិក 
នៅពេល​ត្រូវ​បាន​គេ​សួរ​ថា តើ​លោក​​លើកទឹកចិត្ត​បុគ្គលិក​ដោយ​របៀបណា  លោក Fernandes ​បាន​ឆ្លើយ​ថា ​​តម្លាភាព​គឺ​មាន​សារៈសំខាន់​​ខ្លាំង​ណាស់។  លោក​ថា វា​ជួយ​ឲ្យ​អាច​មើល​ឃើញ​​ពី​អ្វី​ដែល​ចៅហ្វាយ និង​បុគ្គលិក​​អាច​មើល​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ទាំង​ថ្នាក់​លើ​នឹង​ថ្នាក់​ក្រោម​កំពុង​ធ្វើ​អ្វី​ខ្លះ? ព្រម​ទាំង​​​ធ្វើ​ឲ្យ​បុគ្គលិក​ទាំងអស់​​អភិវឌ្ឍ​អាជីព​ពួកគេ​កាន់តែ​ប្រសើរ​ឡើង និង​​​អាច​សម្រេច​បាន​ក្តីសុបិន្ត​ដែល​ពួកគេ​ចង់​បាន​​ដែល​វា​ជា​​គន្លឹះ​ក្នុង​ការ​លើកកម្ពស់​​ការ​ទទួលខុសត្រូវ និង​សីលធម៌​នៅ​ក្នុង​ក្រុមហ៊ុន។

«យើង​​បាន​ផ្តល់​រង្វាន់​​លើកទឹកចិត្ត​ដល់​បុគ្គលិក​របស់​យើង។ ប៉ុន្តែ​មិនមែន​ឲ្យ​​តែ​លុយ​មួយ​មុខ​ទេ ពី​ព្រោះ​ក្រុមហ៊ុន​ណា​ក៏​អាច​ឲ្យ​លុយ​បាន​ដែរ។ យើង​ជួយ​អភិវឌ្ឍ​អាជីព​ការងារ​របស់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​សម្រេច​បាន​ក្តី​សុបិន្ត​​​ដែល​ពួកគេ​ចង់​បាន​»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក  Fernandes។ 

​២.ការ​ចាប់​ផ្តើម​ជំនួញ​ថ្មីថ្មោង​
នៅ​ពេល​គេ​សួរ​ថា តើ​លោក​មាន​អ្វី​ចែករំលែក​ដល់​សហគ្រិន​វ័យក្មេង លោក  Fernandes  បាន​លើកឡើង​នូវ​កត្តា​សំខាន់ៗ​ចំនួន​ ៤ សម្រាប់​អ្នក​ដែល​ចង់​បើក​ជំនួញ​ថ្មីថ្មោង​ត្រូវ​យកចិត្ត​ទុកដាក់​ដែល​នោះ​រួមមាន៖ 

១. នាំ​យក​ផលិតផល​​ណា​ដែល​មនុស្ស​ទូទៅ​​ចង់​បាន៖ ផលិត ឬ​ផ្តល់​សេវាកម្ម​ណា​ដែល​អតិថិជន​ត្រូវការ​នៅ​លើ​ទីផ្សារ។ ​​

២.មាន​​ទុន​សម្រាប់​ធ្វើ​ទីផ្សារ៖ ប្រើប្រាស់​ទុន​សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ទីផ្សារ ស្រាវជ្រាវ ផ្សព្វផ្សាយ​ដល់​អតិថិជន ក៏​ដូចជា​សាធារណជន​ឲ្យ​បាន​​ស្គាល់​កាន់តែ​ច្រើន​តាមរយៈ​មធ្យោបាយ​ផ្សព្វផ្សាយ​ជាច្រើន។

៣.​ហ៊ុមព័ទ្ធ​ជុំវិញ​ខ្លួន​អ្នក​ជាមួយ​មនុស្ស​ពូកែៗ​ដែល​អាច​​ជួយ​បំពេញ​ភាព​ចន្លោះប្រហោង​ ឬ​​ចំណុច​ខ្សោយ​របស់​អ្នក៖ រាប់អាន​មនុស្ស​ជោគជ័យ ​អ្នក​ជំនាញ និង​អ្នក​មាន​បទពិសោធន៍​​ល្អៗ​នៅ​ក្នុង​​ជំនួញ​ផ្សេងៗ​គ្នា។

៤.​មាន​មហិច្ឆតា៖ ធ្វើ​អ្វី​មួយ​ដែល​អ្នក​ជឿជាក់ និង​ធ្វើ​​អ្វី​ដែល​អ្នក​ស្រឡាញ់​​នោះ​​វា​នឹង​ផ្តល់​ថាមពល​ឲ្យ​អ្នក​ឆ្ពោះ​ទៅមុខ​គ្មាន​ថ្លៃ​បោះបង់៕

ប្រភព៖ Weforum