សម្ដី​ដកស្រង់​និង​សុភាសិត​ចំនួន​១០ ដែល​និយាយ​អំពី​អត្ថន័យ​នៃ​សេចក្ដីសុខ​



បារាំង​មាន​សុភាសិត​មួយ​ថា «អ្វី​ដែល​ធ្វើឲ្យ​យើង​មិន​ពេញចិត្ត​នឹង​ស្ថានភាព​របស់​ខ្លួនឯង គឺជា​ការ​យល់​ឃើញ​ដ៏​បំផ្លើស​ដែល​យើង​មាន​ទៅលើ​សេចក្ដី​សុខ​របស់​អ្នកដទៃ។» អង់គ្លេស​ក៏​មាន​សុភាសិត​មួយ​ដែរ​ថា «ស្មៅ​តែង​លូតលាស់​ខៀវ​ខ្ចី​នៅ​ម្ខាង​ទៀត។» ដែល​សុភាសិត​ទាំងពីរ​នេះ​សុទ្ធតែ​ចង់​បង្ហាញ​ថា មនុស្ស​យើង​ម្នាក់ៗ​តែងតែ​មើល​ឃើញ​អ្នកដទៃ​មាន​ក្ដី​សុខ​ជាង​ខ្លួនឯង។ បើ​អ្នក​យល់​ពី​ជីវិត នោះ​អ្នក​នឹង​យល់​ថា​គ្រប់​ជីវិត​ទាំងអស់​គ្មាន​នរណា​ម្នាក់​អាច​ចៀស​ផុត​ពី​សេចក្ដី​ទុក្ខ​បាន​នោះ​ទេ។ អ្វី​ដែល​អ្នក​បាន​ឃើញ​គ្រាន់តែ​ជា​ផ្នែក​ដែល​ពួកគេ​បាន​ជ្រើសរើស​ឲ្យ​អ្នក​ឃើញ​តែ​ប៉ុណ្ណោះ។ នៅ​ពេល​អ្នក​យល់​ពី​ការ​ពិត​មួយ​នេះ​អំពី​ជីវិត នោះ​អ្នក​នឹង​លែង​មាន​ការ​យល់​ឃើញ​ថា​អ្នកដទៃ​មាន​ក្ដី​សុខ​ជាង​ខ្លួនឯង​តទៅ​ទៀត​ហើយ។

អត្ថបទ​ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ដកស្រង់​និង​សុភាសិត​ចំនួន​១០ ដែល​និយាយ​អំពី​អត្ថន័យ​នៃ​សេចក្ដីសុខ:

) «ភាព​ជោគជ័យ​មិន​មែន​ជា​កូនសោ​សម្រាប់​ចាក់​ទៅ​កាន់​សេចក្ដី​សុខ​នោះ​ទេ។ សេចក្ដី​សុខ​ទើប​ជា​កូន​សោ​សម្រាប់​ចាក់​ទៅ​កាន់​ភាព​ជោគជ័យ។ បើ​អ្នក​ស្រឡាញ់​នូវ​អ្វី​ដែល​អ្នក​ធ្វើ នោះ​អ្នក​នឹង​ជោគជ័យ។» Albert Schweitzer

) «មនុស្ស​ស្រី​ដែល​រីករាយ​គឺជា​មនុស្ស​ស្រី​ដែល​ស្រស់​ស្អាត​បំផុត។» Audrey Hepburn

) «ឧបសគ្គ​ដ៏​ធំ​បំផុត​នៃ​សេចក្ដី​សុខ​គឺជា​ការ​រំពឹង​ទុក​នូវ​សេចក្ដី​សុខ​ខ្លាំង​ពេក។» Bernard de Fontenelle

) «យើង​មិន​អាច​គ្រប់គ្រង​ពិភពលោក​បាន​នោះ​ទេ។ យើង​គ្រាន់តែ​អាច​គ្រប់គ្រង​ការ​ឆ្លើយតប​របស់​យើង​ទៅ​កាន់​វា​វិញ​ប៉ុណ្ណោះ។ មួយ​ភាគ​ធំ​នៃ​សេចក្ដី​សុខ​គឺជា​ការ​ជ្រើសរើស ពុំ​មែន​ជា​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​នោះ​ឡើយ។» ជន​អនាមិក

) «រីករាយ​ជាមួយ​នឹង​របស់​តូចតាច​ក្នុង​ជីវិត ព្រោះ​នៅ​ថ្ងៃ​ណាមួយ​អ្នក​នឹង​ងាក​ត្រឡប់​ក្រោយ​ហើយ​ដឹង​ថា​តាម​ពិត​វា​ជា​របស់​ដែល​មាន​តម្លៃ​ធំធេង។» ជន​អនាមិក

) «មាន​ពេល​ខ្លះ​របស់​តិចតួច​អាច​ធ្វើឲ្យ​ពេញ​មួយ​ថ្ងៃ​របស់​អ្នក​ប្រែ​ជា​ល្អ​ប្រសើរ​ឡើង​បាន។» ជន​អនាមិក

) «សេចក្ដី​សុខ​មួយ​អាច​កម្ទេច​ចេញ​ទុក្ខ​ព្រួយ​១ពាន់។» សុភាសិត​ចិន

) «អកុសល​ធ្វើឲ្យ​សេចក្ដី​សុខ​មាន​រសជាតិ​ផ្អែម​ជាង​មុន​នៅ​ពេល​វា​មក​ដល់។» សុភាសិត​ឡាតាំង

) «សេចក្ដី​សុខ​ទាំងអស់​គឺ​នៅ​ក្នុង​ចិត្ត។» សុភាសិត​អង់គ្លេស

១០) «អ្វី​ដែល​ធ្វើឲ្យ​យើង​មិន​ពេញចិត្ត​នឹង​ស្ថានភាព​របស់​ខ្លួនឯង គឺជា​ការ​យល់​ឃើញ​ដ៏​បំផ្លើស​ដែល​យើង​មាន​ទៅលើ​សេចក្ដី​សុខ​របស់​អ្នកដទៃ។» សុភាសិត​បារាំង

ដោយ៖ ស្រីពៅ