កំពូលសុភាសិត​ចំនួន​ ១០ឃ្លា​របស់​ចិន​បុរាណ​ដែល​ប្រកប​ដោយ​គតិបណ្ឌិត​ស៊ីជម្រៅ​



ចិន​បុរាណ​មាន​សុភាសិត​មួយ​បាន​ពោល​ថា «សុខ​ចិត្ត​ធ្វើ​ជា​ត្បូង​ដែល​មាន​ចំណុច​ខ្វះខាត​ប្រសើរ​ជាង​ធ្វើ​ជា​ដុំ​ថ្ម​មួយ​ដុំ​ដែល​មិន​មាន​ចំណុច​ខ្វះខាត​អ្វី​សោះ។» មនុស្ស​យើង​មិន​ដែល​ឃើញ​អ្វីៗ​នៅ​ក្នុង​រូបភាព​ពេញលេញ​នោះ​ទេ។ ពួកគេ​ច្រើនតែ​ឃើញ​តែ​មួយ​ផ្នែក​នៃ​រឿងរ៉ាវ​ទាំងឡាយ​នៅ​ក្នុង​ជីវិត។ ពួកគេ​ច្រើន​តែ​សម្លឹង​ឃើញ​នរណា​ម្នាក់​នោះ​មាន​ជីវិត​យ៉ាង​ល្អឥតខ្ចោះ ដែល​ការ​មើល​ឃើញ​តែ​មួយ​ផ្នែក​នេះ បាន​នាំឲ្យ​ពួកគេ​យល់​ច្រឡំ​ថា​នៅ​លើ​លោក​មាន​អ្វី​មួយ​ដែល​គេ​ហៅថា​ភាព​ល្អឥតខ្ចោះ។

យ៉ាងណាមិញ​បើ​អ្នក​បាន​ចូល​ពិនិត្យ​និង​សិក្សា​សង្កេត​មើល​ឲ្យ​ជ្រៅ​ចូល​ក្នុង​ជីវិត​របស់​ម្នាក់ៗ នោះ​អ្នក​នឹង​រក​ឃើញ​ថា​នៅ​ក្នុង​គ្រប់​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​នូវ​គុណសម្បត្តិ​និង​គុណវិបត្តិ។ ភាព​មិន​ល្អឥតខ្ចោះ​គឺជា​ការ​ពិត​នៃ​ជីវិត​របស់​មនុស្ស។ វា​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ដែល​អ្នក​មិន​អាច​ខ្វះ​បាន​ដើម្បី​សម្រេច​ជោគជ័យ​ក្នុង​ជីវិត។ អ្វី​ដែល​អ្នក​យល់​ថា​ផ្ទុយ​គ្នា តាម​ពិត​ទៅ​ពួក​វា​ត្រូវការ​គ្នា​ដើម្បី​សម្រេច​អ្វីៗ​បាន​នៅ​ក្នុង​លោក​នេះ។ ភាព​មិន​ល្អឥតខ្ចោះ​នេះ​ឯង​ដែល​ធ្វើឲ្យ​ជីវិត​អ្នក​ពេញលេញ។ អត្ថបទ​ថ្ងៃនេះ​បាន​ដកស្រង់​នូវ​សុភាសិត​ចំនួន​១០​របស់​ចិន​បុរាណ​ដែល​ប្រកប​ដោយ​គតិបណ្ឌិត​ស៊ីជម្រៅ៖

) «ជន​ដែល​អាច​លេប​ចូល​សម្ដី​ជេរ​ប្រទេច​បាន​ទើប​ជា​បុរស​ពិត​ប្រាកដ។»

) «ជន​ដែល​ក្បត់​ផែនដី​នឹង​ត្រូវ​បាន​ផែនដី​ក្បត់​វិញ។»

) «ចិត្ត​ដែល​តូច​ចង្អៀត​ប្រៀប​បាន​នឹង​សៀវភៅ​ដែល​បិទ គ្រាន់តែ​ជា​ដុំ​ឈើ​មួយ​ដុំ​ប៉ុណ្ណោះ។»

) «សុខ​ចិត្ត​ធ្វើ​ជា​ត្បូង​ដែល​មាន​ចំណុច​ខ្វះខាត​ប្រសើរ​ជាង​ធ្វើ​ជា​ដុំ​ថ្ម​មួយ​ដុំ​ដែល​មិន​មាន​ចំណុច​ខ្វះខាត​អ្វី​សោះ។»

) «ជន​ណា​ដែល​មិន​អាច​អត់ទ្រាំ​ជាមួយ​នឹង​ភាព​លំបាកបន្តិចបន្តួច ​គ្មាន​ថ្ងៃ​អាច​សម្រេច​កិច្ចការ​ធំ​បាន​នោះ​ឡើយ។»

) «ការ​ខ្វះ​ភាព​អត់ធ្មត់​តែ​បន្តិច​នឹង​ធ្វើឲ្យ​ខូច​កិច្ចការ​ធំ។»

) «សុខ​ចិត្ត​រស់នៅ​ក្នុង​ខ្ទម​ដែល​មនុស្ស​ម្នាក់​មាន​ភាព​សើច​ក្អាកក្អាយ​ប្រសើរ​ជាង​រស់នៅ​ក្នុង​វិមាន​ដែល​មនុស្ស​ម្នាក់​ជូត​ទឹកភ្នែក។»

) «ជន​ដែល​គិត​ហួសហេតុ​ពេក​ទៅលើ​គ្រប់​ជំហាន​ដែល​គាត់​ដើរ​នឹង​តែងតែ​ឈរ​នៅ​តែ​ជើង​ម្ខាង។»

) «ប្រាជ្ញា​វាងវៃ​អាច​កត់​សម្គាល់​បាន​តាមរយៈ​ភាព​សាមញ្ញ​បែប​កូន​ក្មេង​របស់​ខ្លួន។»

១០) «មនុស្ស​ល្អឥតខ្ចោះ​មាន​២​ប្រភេទ ទី១​គឺជា​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ទី២​គឺជា​មនុស្ស​ដែល​មិន​ទាន់​កើត​មក។»

ដោយ៖ ស្រីពៅ