វិស័យ​សំណង់​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​៣ឆ្នាំ​ជាប់ៗ​គ្នា​​



នា​រយៈពេល​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​សំណង់​កម្ពុជា​ហាក់​មាន​សន្ទុះ​រីក​ចំរើន​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ក្នុង​នោះ​យើង​ឃើញ​មាន អគារ​ខ្ពស់ៗ បុរី ទី​ក្រុង​រណប ត្រូវ​បាន​សាងសង់​ជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​រយៈពេល​៨ខែឆ្នាំ​២០១៩នេះ ទុន​វិនិយោគ​មាន​តម្លៃ​ប្រមាណ​ជាង ១៤៣៨ លាន​ដុល្លារ កើន​ឡើង​ចំនួន ៥៧,២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៨។ ទន្ទឹម​នឹង​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៩នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ព្យាករណ៍​ថា វិស័យ​សំណង់​រួម​និង​វិស័យ​អចលនទ្រព្យ​កម្ពុជា និង​ធ្លាក់​ចុះ​៣ឆ្នាំ​ជាប់​គ្នា ចាប់​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២។

តាម​រយៈ​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ផ្ដល់​ឲ្យ​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​ទៅ​បាន​បង្ហាញ​ថា វិស័យ​សំណង់​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​ក្នុង​ល្បឿន ១៧,៣ ភាគរយ ក្នុង​ឆ្នាំ២០១៩ ប៉ុន្តែ​នឹង​ធ្លាក់​ចុះ​ដល់ ១៦,១ភាគរយ នៅ​ក្នុង​ឆ្នាំ ២០២០ ខណៈ​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ តួរ​លេខ​នេះ​នឹង​បន្ត​ធ្លាក់​ចុះ​ដល់ ១៥.៥ ភាគរយ និង ១៤,៩ ភាគរយ។

បើ​ទោះ​ជា​ការ​ព្យាករណ៍​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ក្ដី ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា វិស័យ​សំណង់​នៅ​តែ​អាច​រក្សា​បាន​ភាព​រឹងមាំ។ នោះ​ក៏​ព្រោះ​តែ​វិស័យ​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ សន្ទុះ​កំណើន​នៃ​សំណង់​តម្លៃ​មធ្យមនិង​សមរម្យ តាម​រយៈ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ រួម​នឹង​ភាព​ជឿជាក់​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​នឹង​រួម​ចំណែក​ជំរុញ​នឹង​រក្សា​ជំហរ​ឲ្យ​វិស័យ​នេះ​នៅ​តែ​មាន​ភាព​រឹងមាំ។

គិត​ត្រឹម​រយៈពេល​៨ខែ​ឆ្នាំ​២០១៩​នេះ ទិន្នន័យ​សំណង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន ៤១៨​គម្រោង លើ​ផ្ទៃ​ក្រឡា​សរុប​ចំនួន ២ ៨១៦ ៨៣៩ម២ ក្នុង​ទំហំ​ទុន​វិនិយោគ​ប្រមាណ​ជាង ១៤៣៩លាន​ដុល្លារ​ ដែល​បាន​កើន​ឡើង​  ៥៧,២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​ប្រមាណ ២៧៣គម្រោង ក្នុង​ទំហំ​ទុន​ប្រមាណ​ជាង ៩១៥លានដុល្លារ​៕

រូបភាព៖ Cambodia Constructions Association

ដោយ៖ ជួប ស្រីរ័ត្ន