គតិបណ្ឌិត​ចំនួន​៦ឃ្លា​របស់ជ័ងជឺ ​បើ​អាន​យល់ នោះ​អ្នក​នឹង​យល់​ពី​អត្ថន័យ​ពិតនៃ​ជីវិត​



ជ័ងជឺជាមួយ​នឹង​ឡៅជឺ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តួអង្គ​ដ៏​សំខាន់​ជាង​គេ​នៅ​ក្នុង​ការ​បង្រៀន​របស់​លទ្ធិ​តៅ។ ជ័ងជឺគឺ​ជា​ទស្សនវិទូ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​និង​ទទួល​បាន​ការ​គោរព​មួយ​រូប​របស់​ចិន។ គាត់​រស់នៅ​ក្នុង​អំឡុង​សតវត្ស​ទី​៤​មុន​គ.ស នៅ​ក្នុង​សម័យកាល The Warring State​របស់​ចិន។ ខាងក្រោម​នេះ​គឺជា​គតិបណ្ឌិត​ចំនួន​៦​របស់ជ័ងជឺ ដែល​បើ​អ្នក​អាន​យល់ នោះ​អ្នក​នឹង​យល់​ពី​អត្ថន័យ​នៃ​ជីវិត៖

) «បុគ្គល​មាន​បញ្ញា​ដឹង​ថា​អង្គុយ​នៅ​ក្បែរ​ច្រាំង​នៃ​អូរ​ក្បែរ​ភ្នំ​ដែល​នៅ​ដាច់​ស្រយាល​ប្រសើរ​ជាង​ធ្វើ​ជា​ស្ដេច​នៃ​ពិភពលោក។»

) «សេចក្ដី​សុខ​គឺជា​អវត្តមាន​នៃ​ការ​ស្វះ​ស្វែងរក​សេចក្ដី​សុខ។»

) «ចូរ​ធ្វើឲ្យ​បេះដូង​របស់​អ្នក​នៅ​សុខ​ស្ងប់។ ឃ្លាំ​មើល​ភាព​ច្របូកច្របល់​នៃ​សភាវៈ​ទាំងឡាយ​តែ​សង្កេត​មើល​ការ​ត្រឡប់​មក​វិញ​របស់​ពួក​វា។ បើ​អ្នក​មិន​ដឹង​ពី​ប្រភព​របស់​វា​ទេ អ្នក​នឹង​ជំពប់​ជើង​នៅ​ក្នុង​ភាព​ច្របូកច្របល់​និង​សេចក្ដី​ទុក្ខវេទនា។ នៅ​ពេល​អ្នក​ដឹង​ថា​អ្នក​មក​ពី​ណា អ្នក​នឹង​ក្លាយ​ជា​មាន​ការ​អត់ធន់ មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ រីករាយ មាន​ចិត្ត​សប្បុរស​ប្រៀប​បាន​នឹង​លោកយាយ មាន​សេចក្ដី​ថ្លៃថ្នូរ​ប្រៀប​បាន​នឹង​ស្ដេច​ដោយ​ធម្មជាតិ​ឯកឯង។ ចូល​ឲ្យ​ជ្រៅ​ទៅ​ក្នុង​ភាព​អស្ចារ្យ​របស់​តៅ អ្នក​នឹង​អាច​ទប់ទល់​ជាមួយ​នឹង​អ្វី​ៗ​ដែល​ជីវិត​បាន​នាំ​មក​ឲ្យ​អ្នក ហើយ​នៅ​ពេល​ដែល​សេចក្ដី​ស្លាប់​មក​ដល់ អ្នក​នឹង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច។»

) «ដើម្បី​ក្លាយ​ជា​មនុស្ស​ល្ងង់​យ៉ាង​ពិត​ប្រាកដ ចូរ​មាន​ភាព​ស្កប់ស្កល់​ជាមួយ​នឹង​ចំណេះដឹង​របស់​ខ្លួនឯង។»

) «បើ​មនុស្ស​ម្នាក់​បាន​ឆ្លង​ស្ទឹង ហើយ​ទូក​ទទេ​គ្មាន​មនុស្ស​មួយ​បាន​បុក​ជាមួយ​នឹង​ទូក​របស់​គាត់ បើ​ទោះ​ជា​គាត់​ជា​មនុស្ស​ដែល​ឆាប់​ខឹង​ឆេវឆាវ​ប៉ុណ្ណា ក៏​គាត់​មិន​ខឹង​ខ្លាំង​នោះ​ដែរ។ តែ​បើ​សិន​ជា​គាត់​ឃើញ​មាន​មនុស្ស​នៅ​លើ​ទូក​នោះ គាត់​នឹង​ស្រែក​ដាក់​បុរស​នោះ​ឲ្យ​ចែវ​ចេញ​ឆ្ងាយ។ បើ​ការ​ស្រែក​របស់​គាត់​មិន​មាន​អ្នក​ឮ គាត់​នឹង​ស្រែក​ម្ដង​ទៀត ហើយ​ម្ដង​ទៀត ហើយ​ក៏​ចាប់ផ្ដើម​ជេរ​ប្រទេច ហើយ​គ្រប់យ៉ាង​គឺ​មក​ពី​មាន​មនុស្ស​នៅ​លើ​ទូក​នោះ។ បើ​អ្នក​អាច​ធ្វើឲ្យ​ទូក​របស់​អ្នក​ទទេ​ឆ្លង​ស្ទឹង​នៃ​ជីវិត នោះ​គ្មាន​នរណា​ម្នាក់​ដែល​ប្រឆាំង​ជំទាស់​នឹង​អ្នក គ្មាន​នរណា​ម្នាក់​ដែល​ចង់​ធ្វើ​បាប​អ្នក​នោះ​ឡើយ។»

) «កង្កែប​នៅ​ក្នុង​អណ្ដូង​មិន​អាច​ជជែក​ពី​មហាសមុទ្រ​បាន​នោះ​ទេ ពី​ព្រោះ​តែ​វា​ត្រូវ​បាន​កម្រិត​ដោយ​ទំហំ​នៃ​អណ្ដូង​របស់​វា។ សត្វ​ល្អិត​ក្នុង​រដូវ​ក្ដៅ​មិន​អាច​ជជែក​ពី​ទឹកកក​បាន​នោះ​ទេ ពី​ព្រោះ​តែ​វា​ដឹង​តែ​រដូវ​របស់​វា​ប៉ុណ្ណោះ។ បញ្ញវន្ត​ដែល​មាន​ការ​គិត​តូច​ចង្អៀត​មិន​អាច​ជជែក​ពី​តៅ​បាន​នោះ​ទេ ពី​ព្រោះ​តែ​គាត់​ត្រូវ​បាន​កម្រិត​ដោយ​ការ​បង្រៀន​របស់​គាត់។ ពេល​នេះ​អ្នក​បាន​ចេញ​ពី​ច្រាំង​ទន្លេ​របស់​អ្នក​និង​បាន​មើល​ឃើញ​មហាសមុទ្រ​ដ៏​ធំធេង​ហើយ។ នៅ​ពេល​នេះ​អ្នក​ដឹង​ពី​ភាព​តូច​ទាប​របស់​អ្នក​ហើយ ដូច្នេះ​ពេល​នេះ​គឺ​អាច​ទៅ​រួច​នឹង​ជជែក​ពី​គោលការណ៍​ដ៏​អស្ចារ្យ​ជាមួយ​អ្នក​បាន​ហើយ។»

ដោយ៖ ស្រីពៅ