សម្ដី​ដ៏មានតម្លៃមហាសាលចំនួន​ ៧​ឃ្លា​ពី​រឿង​អាណាចក្រ​ទាំង​៣ «សាមកុក»​ ដែលអ្នកគួរអាន​



«ប្រលោមលោក​នៃ​អាណាចក្រ​ទាំង៣» ឬ​ដែល​ម្យ៉ាងទៀត​មនុស្ស​ភាគច្រើន​ស្គាល់​ថា «សាមកុក» គឺជា​ប្រលោមលោក​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​សតវត្ស​ទី១៤​របស់​អ្នក​និពន្ធ Luo Guanzhong។ វា​ឆ្លុះបញ្ចាំង​ពី​សាច់រឿង​នៅ​អំឡុង​ពេល​ប្រទេស​ជាតិ​កំពុង​ចលាចល​ដែល​បាន​កើតឡើង​កៀក​នឹង​ពេល​នៃ​ការ​ដួល​រលំ​នៃ​ចុង​រាជវង្ស​ហាន់​និង​ការ​ចាប់ផ្ដើម​នៃ​អាណាចក្រ​ទាំង​៣​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចិន។ សាច់រឿង​នេះ​មាន​ផ្នែក​ខ្លះ​ជា​ប្រវត្តិសាស្ត្រ ផ្នែក​ខ្លះ​ជា​រឿង​ព្រេង និង​ផ្នែក​ខ្លះ​ជា​ទេវកថា ដែល​និយាយ​អំពី​ស្ដេច​និង​អ្នក​នៅ​ក្រោម​បង្គាប់​ដែល​បាន​ព្យាយាម​ជំនួស​រាជវង្ស​ដែល​កំពុង​ដួល​រលំ​នេះ​ទៅ​រាជវង្ស​ថ្មី​ឬ​ស្ដារ​រាជវង្ស​ហាន់​ឡើង​វិញ។

បើ​ទោះ​ជា​រឿង​នេះ​មាន​តួអង្គ​រាប់​រយ​នាក់​ក៏​ដោយ ចំណុច​សំខាន់​នៃ​រឿង​នេះ​ផ្ដោត​ទៅលើ​អំណាច​ខ្លាំងៗ​ទាំង​៣​ដែល​បាន​ងើប​ឡើង​ពី​ការ​សេសសល់​ពី​រាជវង្ស​ហាន់ ហើយ​ចុងក្រោយ​ក៏​បាន​ក្លាយ​ជា​រដ្ឋ​ទាំង​៣​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Wei Han និង Wu។ រឿង​អាណាចក្រ​ទាំង​៣​នេះ​ត្រូវ​បាន​គេ​រាប់​ចូល​ជា​រឿង​ប្រលោមលោក​បុរាណ​មួយ​ក្នុង​ចំណោម​រឿង​ប្រលោមលោក​បុរាណ​ដ៏​អស្ចារ្យ​បំផុត​ទាំង​៤​របស់​អក្សរសាស្ត្រ​ចិន។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ចំនួន​៧​ឃ្លា​ពី​រឿង​អាណាចក្រ​ទាំង​៣​ដូច​ខាងក្រោម​នេះ៖

) «ការ​ប្រយុទ្ធ​មិនមែន​ឈ្នះ​ដោយ​កម្លាំង​តែ​ម្យ៉ាង​នោះ​ទេ។» ជូកឺលាំង

) «មិន​មាន​អាវុធ​ណាមួយ​ដែល​អស្ចារ្យ​ជាង​ចិត្ត​ដែល​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​នោះ​ឡើយ។» ជូកឺលាំង

) «សិល្បៈ​ដ៏​កំពូល​នៃ​សង្គ្រាម​គឺជា​ការ​បង្ក្រាប​សត្រូវ​ដោយ​មិន​ចាំបាច់​ច្បាំង។» ស៊ុនជឺ

) «មនុស្ស​ដែល​បាន​ទទួល​ជ័យជម្នះ​គឺជា​មនុស្ស​ដែល​បាន​រៀបចំ​ផែនការ​យ៉ាង​មាន​ប្រសិទ្ធភាព​និង​ធ្វើការ​សម្រេច​ចិត្ត​ដោយ​មិន​រារែក។ ពួកគេ​ប្រៀប​បាន​នឹង​ស្ទឹង​ដ៏​ធំ​អស្ចារ្យ​មួយ​ដែល​រក្សា​តាម​ធម្មជាតិ​របស់​វា តែ​សម្រប​បត់បែន​ចរន្ត​ហូរ​របស់​វា។» ស៊ុនជឺ

) «ពិភពលោក​នៅ​ក្រោម​មេឃ ក្រោយ​ពី​ការ​បែកបាក់​អស់​រយៈកាល​យូរ​មក ច្រើនតែ​ជួបជុំ​គ្នា​វិញ។ ក្រោយ​ពី​ការ​ជួបជុំ​គ្នា​អស់​រយៈកាល​យូរ​មក ច្រើន​តែ​បែកបាក់​គ្នា​ទៀត។ វា​គឺ​បែប​នេះ​តាំង​ពី​ពេល​អតីតកាល​មក​ម្ល៉េះ។» Luo Guanzhong

) «ភាព​ជោគជ័យ​គ្មាន​អ្វី​គួរឲ្យ​រីករាយ​ទៅលើ ឯ​ភាព​បរាជ័យ​ក៏​គ្មាន​អ្វី​គួរឲ្យ​សោកសៅ​ទៅលើ​នោះ​ដែរ។» Luo Guanzhong

) «នាគ​ក្នុង​ទឹក​ថ្លុក​គឺជា​ល្បែង​របស់​បង្គា បក្សី​ទេព​ក្នុង​ទ្រុង​ត្រូវ​បាន​ចាប​សើច​ចំអក។» Luo Guanzhong

ដោយ៖ ស្រីពៅ