ឃ្លា​ដកស្រង់​ចំនួន ​៧​ដែល​មាន​ខ្លឹមសារ​លើកឡើង​អំពី​ភាព​ល្អឥតខ្ចោះ​



Vladimir Horowitz បាន​និយាយ​ថា «ភាព​ល្អឥតខ្ចោះ​ខ្លួន​វា​គឺ​មិន​ល្អឥតខ្ចោះ​នោះ​ឡើយ។» នៅ​ក្នុង​ធម្មជាតិ អ្វីៗ​តែង​មាន​តុល្យភាព។ បើ​អ្នក​ប្រឹង​ស្រវា​ចាប់​យក​របស់​មួយ​ខ្លាំងពេក នោះ​របស់​មួយ​ទៀត​នឹង​ធ្លាក់​របូត​ពី​ដៃ​អ្នក។ ឱសថ​មិន​ថា​មាន​ប្រសិទ្ធភាព​ខ្លាំង​ប៉ុណ្ណា​ក៏​វា​នៅ​តែ​អាច​បំផ្លាញ​អ្នក​បាន​នៅ​ពេល​អ្នក​ទទួលទាន​វា​លើស​កម្រិត។ ទឹក បន្លែ ផ្លែឈើ ដែល​មើល​ទៅ​ហាក់​ដូចជា​មិន​នាំ​មក​នូវ​គ្រោះថ្នាក់​អ្វី​ដល់​អ្នក និង​ថែមទាំង​ជា​អាហារ​ចិញ្ចឹម​ទ្រទ្រង់​រាងកាយ​របស់​យើង បើ​កាលណា​ទទួលទាន​ច្រើន​ពេក​ក៏​មិន​មាន​ផល​ល្អ​ចំពោះ​សុខភាព​អ្នក​ដែរ។ អ្វី​ដែល​យើង​ហៅ​ថា​ល្អឥតខ្ចោះ​នោះ នៅ​ក្នុង​ភាព​ល្អឥតខ្ចោះ​នេះ​ខ្លួន​វា​មិន​ទាំង​ល្អឥតខ្ចោះ​ផង។

ងាក​មក​នៅ​ក្នុង​ជីវិត​មនុស្ស​យើង​វិញ តែង​មាន​ឡើង​ចុះ។ បើ​បុគ្គល​ណា​ម្នាក់​មាន​តែ​ការ​ឡើង នោះ​វា​គ្រាន់តែ​ជា​រូបភាព​ខាងក្រៅ​ដែល​គេ​ទុក​សម្រាប់​បង្ហាញ​អ្នក​ប៉ុណ្ណោះ។ នៅ​ផ្នែក​ខាងក្រោម អ្នក​នឹង​មើល​ឃើញ​នូវ​ចំណុច​មិន​ល្អ​របស់​គេ ដែល​គេ​បាន​កប់​លាក់​ទៅ​ក្នុង​បាត​ជម្រៅ​នៃ​ជីវិត​របស់​គេ។ នេះ​ក៏​ព្រោះ​តែ​តុល្យភាព​គឺជា​ច្បាប់​របស់​ធម្មជាតិ។ ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​៧​ដែល​មាន​ខ្លឹមសារ​លើកឡើង​អំពី​ភាព​ល្អឥតខ្ចោះ៖

) «បុគ្គល​ដែល​មិន​មាន​កំហុស​គឺជា​បុគ្គល​ដែល​មិន​មាន​ជីវិត។» សុភាសិត​អង់គ្លេស

) «របស់​ដែល​ស្រស់​ស្អាត​មិន​ដែល​ល្អឥតខ្ចោះ​នោះ​ទេ។» សុភាសិត​អេហ្ស៊ីប

) «មាន​ត្បូង​ជាមួយ​នឹង​ចំណុច​ខ្វះខាត​បន្តិចបន្តួច​ប្រសើរ​ជាង​មាន​ដុំ​ថ្ម​ដែល​ល្អឥតខ្ចោះ។» សុភាសិត​ឥណ្ឌា

) «បុគ្គល​ណា​ដែល​ស្វែងរក​មិត្ត​ដែល​មិន​មាន​កំហុស​នឹង​មិន​មាន​មិត្ត​ជា​រៀង​រហូត។» សុភាសិត​ទួរគី

) «ភាព​ល្អឥតខ្ចោះ​ខ្លួន​វា​គឺ​មិន​ល្អឥតខ្ចោះ​នោះ​ឡើយ។» Vladimir Horowitz

) «ច្បាប់​មូលដ្ឋាន​មួយ​នៅ​ក្នុង​ចំណោម​ច្បាប់​មូលដ្ឋាន​របស់​ចក្រវាល​នេះ​គឺ​គ្មាន​អ្វី​ដែល​ល្អឥតខ្ចោះ​នោះ​ទេ។ ភាព​ល្អឥតខ្ចោះ​មិន​មាន​វត្តមាន​នោះ​ឡើយ។ បើ​គ្មាន​ភាព​មិន​ល្អឥតខ្ចោះ​ទេ នោះ​ទាំង​អ្នក​ទាំង​ខ្ញុំ​មិន​អាច​មាន​វត្តមាន​បាន​នោះ​ឡើយ។» Stephen Hawking

) «នៅ​ក្នុង​ធម្មជាតិ គ្មាន​អ្វី​មួយ​ដែល​ល្អឥតខ្ចោះ​នោះ​ទេ​ហើយ​អ្វីៗ​ទាំងអស់​សុទ្ធតែ​ល្អឥតខ្ចោះ។ ដើមឈើ​អាច​វៀច កោង​ទៅ​តាម​របៀប​ដ៏​ចម្លែក ហើយ​ពួក​វា​នៅ​តែ​ស្រស់​ស្អាត។» Alice Walker

ដោយ៖ ស្រីពៅ