សម្ដី​ប្រកប​ដោយ​បញ្ញាញាណ​ចំនួន​៧​ឃ្លា​របស់ ​Huangbo ដែល​អាច​បំភ្លឺ​ភាព​ងងឹត​នៃ​ចិត្ត​របស់​អ្នក​បាន​



Huangbo Xiyun គឺជា​គ្រូ​នៃ​សាលា​ព្រះពុទ្ធ​សាសនា​បែបZen ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ដែល​បាន​រស់នៅ​អំឡុង​រជ្ជកាល​ថាង។ បើ​ទោះជា​ឆ្នាំ​កំណើត​របស់​គាត់​មិន​ត្រូវ​បាន​គេ​ដឹង តែ​គាត់​បាន​លាចាក​លោក​ប្រហែល​ក្នុង​ឆ្នាំ​៨៥០។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ប្រកប​ដោយ​បញ្ញាញាណ​ចំនួន​៧​ឃ្លា​របស់​Huangbo ដែល​អាច​បំភ្លឺ​ភាព​ងងឹត​នៃ​ចិត្ត​របស់​អ្នក​បាន៖

) «នៅ​ពេល​ដែល​មាត់​ចាប់ផ្ដើម​បើក​កាលណា ព្រាយ​បិសាច​ក៏​ចាប់ផ្ដើម​ចេញ​មក។ មនុស្ស​យើង​បើ​មិន​មើល​រំលង​ឫសគល់​ហើយ​និយាយ​ពី​មែកធាង​ទេ ក៏​មើល​រំលង​ពី​ការ​ពិត​នៃ​ពិភពលោក​ដែល​បោកបញ្ឆោត​នេះ​ហើយ​និយាយ​តែ​ពី​ការ​ត្រាស់​ដឹង​ដែរ។ បើ​មិន​ដូច្នោះ​ទេ​ពួកគេ​និយាយ​ពី​សកម្មភាព​នៃ​ចក្រវាល​ដែល​នាំ​ទៅ​រក​ការ​វិវត្ត ខណៈ​ពេល​ដែល​មើល​រំលង​ទៅលើ​សារធាតុ​ដែល​ពួក​វា​ចាប់​កំណើត​ចេញ​មក។ ហេតុនេះ​ហើយ​ទើប​បាន​ជា​វា​មិន​មាន​ផល​ចំណេញ​អ្វី​សោះ​ក្នុង​ការ​ជជែក។»

) «នៅ​ទីនេះ ខណៈ​ពេល​នេះ។ បើ​អ្នក​ចាប់ផ្ដើម​គិត អ្នក​នឹង​រំលង​វា។»

) «ពេញ​មួយ​ជីវិត​នេះ អ្នក​មិន​អាច​ប្រាកដ​ថា​នឹង​រស់នៅ​បាន​យូរ​រហូត​ដល់​អាច​ដក​មួយ​ដង្ហើម​ទៀត​បាន​ឡើយ។»

) «នៅ​ពេល​ការ​គិត​លេចឡើង អ្វីៗ​ក៏​លេចឡើង​ដែរ។ នៅ​ពេល​ការ​គិត​រលត់​បាត់ នោះ​អ្វីៗ​ក៏​រលត់​បាត់​ដែរ។»

) «ហេតុអ្វី​ត្រូវ​ស្វែងរក​គោល​លទ្ធិ​ណាមួយ ? ដរាប​ណា​អ្នក​មាន​គោល​លទ្ធិ​បែប​ណាមួយ អ្នក​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គិត​បែប​ហ្នឹងមិនខាន។»

) «ចូរ​យក​ពន្លឺ​ព្រះអាទិត្យ​មក​ពិចារណា។ អ្នក​អាច​និយាយ​ថា​វា​នៅ​ជិត តែ​ផ្ទុយទៅវិញ​បើ​អ្នក​ដេញ​ចាប់​តាម​វា​ពី​លោក​មួយ​ទៅ​លោក​មួយ អ្នក​នឹង​មិន​អាច​ចាប់​វា​បាន​ឡើយ។ អ្នក​អាច​និយាយ​ថា​វា​នៅ​ឆ្ងាយ តែ​ផ្ទុយទៅវិញ​វា​បែរ​ជា​នៅ​ចំ​ពី​មុខ​អ្នក។ ដេញ​ចាប់​វា​ហើយ​វា​នឹង​គេច​ចេញ​ពី​អ្នក រត់​គេច​ពី​វា​ហើយ​វា​នឹង​នៅ​តែ​នៅ​ទីនោះ​ដដែល។ តាមរយៈ​ឧទាហរណ៍​នេះ​អ្នក​អាច​យល់​ថា​តើ​វា​បែប​ណា​ជាមួយ​នឹង​ធម្មជាតិ​ពិត​នៃ​អ្វីៗ​ទាំងឡាយ​មិនខាន។»

) «មនុស្ស​យើង​ភ័យខ្លាច​ក្នុង​ការ​ធ្វើឲ្យ​ការ​គិត​របស់​ពួកគេ​ទទេ ភ័យខ្លាច​ថា​ពួកគេ​នឹង​ត្រូវ​បាន​លេប​ត្របាក់​ដោយ​ភាព​ទទេ​សូន្យសុង។ អ្វី​ដែល​ពួកគេ​មិន​ដឹង​នោះ​គឺ គឺជា​ការ​គិត​របស់​ពួកគេ​នោះ​ឯង​ដែល​ជា​ភាព​ទទេ​សូន្យសុង។»

ដោយ៖ ស្រីពៅ