អ្នកជំនាញ៖ ស្ថានភាពលំបាកផ្នែក​សេដ្ឋកិច្ច ជាឱកាសអ្នកមានលុយទិញអចលនទ្រព្យសម្រាប់វិនិយោគ​



អំឡុងពេលវិបត្តិកូវិដ ១៩នេះ អ្នកជំនាញបានលើកឡើងថា ជាពេលវេលាដ៏ល្អសម្រាប់អ្នកវិនិយោគិនចាប់ផ្តើមទិញចូលនូវអចលនទ្រព្យសម្រាប់វិនិយោគ ពីព្រោះតម្លៃធូរថ្លៃនិងនិតិវិធីនៃការទូទាត់ប្រាក់អាចមានរយៈពេលយូរ។ 

លោក ច្រឹក សុខនីម ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានព្យាករណ៍ថា នៅក្នុងប្រទេសកម្ពុជា ការទិញដូរហាក់បីមានការថមថយ ចុះប្រហែល ៣០% ទៅ ៤០% ក្នុងវិស័យអចលនទ្រព្យដោយសារតែវិបត្តិកូវិដ ១៩។  ក៏ប៉ុន្តែ បើសិនអ្នកវិនិយោគមានចរន្តសាច់ប្រាក់ល្អ  ស្ថានភាពបែបនេះជាឱកាសសម្រាប់អ្នកវិនិយោគចាប់ផ្តើមទិញចូលនូវអចលនទ្រព្យ។ បើប្រៀបធៀបជាមួយនឹងពេលវេលាដែលសេដ្ឋកិច្ចមានភាពរីករីកចម្រើន អ្នកដែលមានបំណងវិនិយោគវិស័យអចលនទ្រព្យគឺត្រូវទិញក្នុងតម្លៃថ្លៃ ក៏ប៉ុន្តែនៅក្នុងកាលៈទេសៈនេះ អ្នកទិញអាចចរចាជាមួយភាគីអ្នកលក់ក្នុងតម្លៃធូរថ្លៃ និងលក្ខខណ្ឌទូទាត់ប្រាក់អាចមាន រយៈពេលយូរ។ 

ចុចអាន​៖ តម្លៃអចនលទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃដោយសាររងសម្ពាធពីផលប៉ះពាល់នៃកូវីដ១៩

លោកបានលើកឡើងថា៖ «នៅក្នុងស្ថានភាពបែបនេះ បើសិនម្ចាស់អចលនទ្រព្យទាំងឡាយណា គាត់ខ្វះចរន្តសាច់ប្រាក់ គាត់ត្រូវបញ្ចេញអចលនទ្រព្យគាត់មួយ ឬពីរ ដើម្បីទទួលបានចរន្តសាច់ប្រាក់ត្រឡប់មកវិញ។ បើសិនគាត់មិនបញ្ចេញគាត់ត្រូវប្រឈមនៅបញ្ហា ដូចជាធនាគាររឹបអូស ម្ចាស់បូរីគេរឹបអូស ឬពិន័យធ្ងន់ធ្ងរ ហើយវាខូចកេរ្តិ៍ឈ្មោះទៀត។ អំឡុងពេលនេះ អ្នកខ្លះគាត់ត្រូវលក់បញ្ចុះតម្លៃខ្លាំង ដោយសារចរន្តទឹកប្រាក់គាត់អត់ល្អ ឬគាត់ត្រូវការទប់ចរន្តទឹកប្រាក់របស់គាត់»។

អ្នកជំនាញរូបនេះបានបន្ថែមថា៖ «ដោយឡែកទីផ្សារអ្នកទិញ គាត់មានឱកាសល្អរបស់គាត់ បើគាត់មានលុយគាត់ត្រូវទិញរបស់ដែលគេរងចាំ ទំលាក់ថ្លៃនិងបានល្អៗដូចក្នុងអំឡុងពេលនេះ។»

ចុចអាន៖ COVID-19 មានឥទ្ធិពលល្អដូចម្តេចដល់ការវិនិយោគលើវិស័យអចលនទ្រព្យ?​

លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្ត៖ «វិបត្តិ គឺជួបគ្រប់បញ្ហាប្រឈម ដោយយើងត្រូវជួបទាំងអស់គ្នា ប៉ុន្តែវាក៏ជាឱកាសសម្រាប់អ្នកមានលុយផងដែរ ចឹងនៅពេលដែលជួបវិបត្តិ យើងមិនចង់ឲ្យមានវិបត្តិទេ ប៉ុន្តែនៅពេលមានវិបត្តិកើតឡើង បញ្ហានឹងធ្លាក់ទៅម្នាក់គឺភាគីអ្នកលក់ ចឹងទីផ្សារអ្នកទិញគឺជាឱកាសល្អទៅវិញ។»

យ៉ាងណាមិញ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញ និងជាវិនិយោគិនអចលនទ្រព្យឆ្នើមមួយរូបនៅកម្ពុជាបានផ្លល់អនុសាសន៍ថា នៅពេលនេះ គឺជាពេលគួរទិញ ព្រោះទំនិញមានតម្លៃល្អ ហើយអ្នកទិញមានជម្រើសច្រើនជាងមុន ដែលធ្វើឱ្យអ្នកទិញមានឱកាសក្នុងការចរចា។ 

ចុចអាន៖ ក្រសួង​សេដ្ឋកិច្ច​ចេញ​លិខិត​​ជូនដំណឹង​ថ្មី​ ស្ដីពី​ការ​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍​

លោកបណ្ឌិតបានបន្ថែមថា៖ «ក្នុងស្ថានភាពនេះ បើយើងមានលុយហើយមិនហ៊ានទិញ នោះយើងនឹងខកឱកាសទិញបានថោក លក់បានថ្លៃឡើងវិញ ក្នុងរយៈពេលពីរបីឆ្នាំទៀត ក្រោយវិបត្តិនេះនឹងបញ្ចប់ទៅ»។

គួរបញ្ជាក់ផងដែរ កំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះប្រមាណ ២.៥ ភាគរយនៅឆ្នាំ ២០២០ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ដែលធ្វើឲ្យមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ និងការប្រែប្រួលនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច ប្រចាំខែមេសា ឆ្នាំ ២០២០ សម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក៕ 

ចុចអាន៖ គួរវិនិយោគលើអចលនទ្រព្យឬទេក្នុងឆ្នាំ ២០២០? តោះមកមើលការបកស្រាយពីអ្នកជំនាញ​

ដោយ៖ វីរៈ

X
5s