ជំនាញទន់ចំនួន ៥ ដែលសហគ្រិនគ្រប់រូបត្រូវមានដើម្បីភាពជោគជ័យ​



ដើម្បីកសាងក្រុមហ៊ុនមួយឲ្យជោគជ័យបាន វាទាមទារឲ្យមានសមាសធាតុជាច្រើនរាប់មិនអស់។ ប៉ុន្តែជំនាញទន់ (Soft Skill)បានដើរតួជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់សម្រាប់សហគ្រិនគ្រប់រូបដែលកំពុងដឹកនាំអាជីវកម្មក្នុងដៃ។ សហគ្រិន ៩៣% បានសារភាពថា ជំនាញទន់គឺពិតជាសំខាន់ខ្លាំងណាស់ ហើយវាជាជំនាញចាំបាច់ដើម្បីធ្វើជាមូលដ្ឋានក្នុងសម្រេចចិត្តជ្រើសរើសបុគ្គលិក។ 

នៅក្នុងបរិបទជំនួញក្តី ឬជីវិតការងារប្រចាំថ្ងៃរបស់អ្នកក្តី ត្រូវបណ្តុះជំនាញចំនួន ៥ នេះដើម្បីកសាងភាពជោគជ័យរបស់អ្នក៖ 

១) ភាពជឿជាក់ (Confidence) 
ក្រុមហ៊ុនមួយជោគជ័យបានត្រូវចាប់ផ្តើមពីទំនុកចិត្តរបស់បុគ្គលម្នាក់ៗនៅក្នុងក្រុមហ៊ុនឡើងទៅ។ ដើម្បីជំរុញនិងលើកទឹកចិត្តអ្នកដទៃ សហគ្រិនត្រូវតែបង្កើតឲ្យមានការផ្តល់ទំនុកចិត្តមួយដើម្បីផ្តល់ភាពកក់ក្តៅដល់មនុស្សជុំវិញខ្លួន។ និយាយបែបម្យ៉ាងទៀតថា អាជីវកម្ម និងអតិថិជនរបស់អ្នកជាច្រើនទៀត នឹងមានភាពជឿជាក់មកលើក្រុមហ៊ុនរបស់អ្នកកាន់តែខ្លាំង ប្រសិនបើអ្នកមានភាពជឿជាក់លើខ្លួនឯងកាន់តែរឹងមាំ។ 

២) ស្គាល់ពីខ្លួនឯង (Self-Awareness)
ការស្គាល់ពីខ្លួនឯង ប្រៀបដូចជាកញ្ចក់ដ៏ពិសេសមួយសម្រាប់ឆ្លុះមើលខ្លួនឯងថា តើអ្នកមានចំណុចល្អ ចំណុចអាក្រក់ ចំណុចខ្លាំង ឬចំណុចខ្សោយនៅកន្លែងណាខ្លះ? នៅពេលសហគ្រិនស្គាល់ច្បាស់ពីខ្លួនឯង វានឹងនាំឈានទៅដល់ការទំនាក់ទំនងមួយក្នុងនាមភាពជាដៃគូ និងការព្រមព្រៀងដែលមានប្រយោជន៍ទៅវិញទៅមក។ បើអ្នកស្គាល់ខ្លួនឯងមិនច្បាស់ទេនោះ សហគ្រិននឹងក្លាយជាមនុស្សដែលងាយបញ្ចុះបញ្ចូលអូសទាញពីអ្នកដទៃ និងមិនអាចខ្លាយជាមនុស្សសកម្មបានទេ។ ការស្គាល់ពីខ្លួនឯង ក៏ទាក់ទងផងដែរទៅនឹងការគ្រប់គ្រង។  ឧទាហរណ៍ដូចជាការប្រើអារម្មណ៍មនោសញ្ចេតនាច្រើនពេក អាចនាំឲ្យមានការសម្រេចចិត្តដែលមិនសមហេតុផល។ 

៣) ការសហការ (Collaboration)
សមត្ថភាពក្នុងការបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់សហគ្រិន ជាពិសេសលើគម្រោងការងារ។ ក្នុងនាមជាសហគ្រិន វាចាំបាច់ត្រូវស្គាល់ និងស្វែងយល់ពីទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក។ ដើម្បីធ្វើដូចនេះបាន អ្នកត្រូវកំណត់សញ្ញាណវប្បធម៌មុខជំនួញរបស់អ្នក និងមានយន្តការដែលអាចគ្រប់គ្រងទំនាក់ទំនងគ្នាទៅវិញទៅមកបាន។ ការស្តាប់ប្រកបដោយការយកចិត្តទុកដាក់ អាចជម្រុញកិច្ចសហប្រតិបត្តិការនៅក្នុងក្រុមការងារ និងបង្កើតឱកាសរៀនសូត្របានកាន់តែច្រើន។ បើអវត្តមាន ការសហការ ការចែករំលែក និងការពិភាក្សាប្រកបដោយភាពទូលំទូលាយទេនោះ ភាពជោគជ័យនៃអាជីវកម្មរបស់អ្នកនឹងនៅតែមានកម្រិត។

៤) ការគ្រប់គ្រងពេលវេលា (Time Management)
មនុស្សម្នាក់ៗមានពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា ប៉ុន្តែអ្វីដែលធ្វើឲ្យសហគ្រិនខុសមនុស្សទូទៅគឺថា សហគ្រិនត្រូវគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព។ ការគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពនេះហើយ ដែលធ្វើឲ្យសហគ្រិនជោគជ័យជាងអ្នកផ្សេងទៀត។ មូលហេតុដែលសហគ្រិនត្រូវគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពនោះគឺថា សហគ្រិនមានទំនួលខុសត្រូវច្រើនចំពោះការងារប្រចាំថ្ងៃរបស់ខ្លួនដែលទាមទារឲ្យមានការបែកចែកពេលវេលាឲ្យបានត្រឹមត្រូវ។ សហគ្រិនត្រូវបែងចែកពេលវេលាថា ការងារណាខ្លះដែលត្រូវធ្វើមុន? ជួបនរណាខ្លះ? នៅពេលណា? ត្រូវធ្វើអ្វីខ្លះជាដើម? 

៥) ភាពអត់ធ្មត់ (Resilience)
នៅលើដងវិថីជាសហគ្រិនភាពរបស់អ្នក ឧបសគ្គ និងការបរាជ័យដែលមិននឹកស្មានដល់គឺអ្នកមិនងាយជៀសផុតទេ។ ការដំណើរការចាប់ផ្តើមអាជីវកម្ម នឹងមិនល្អឥតខ្ចោះដូចដែលអ្នកគិតនោះឡើយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺរបៀបដែលអ្នកត្រូវធ្វើឲ្យខ្លួនឯងរីកចម្រើននៅពេលបានជួបស្ថានភាពទាំងនេះ។ សមត្ថភាពរបស់អ្នកក្នុងការរក្សាឲ្យបាននូវភាពស្វាហាប់ អត់ធ្មត់មិនអន្ទះសារ ឬតក់ក្រហល់ តាំងចិត្តឲ្យស្ងប់ មិនទន់ជ្រាយតាមស្ថានភាពទាំងនោះ បានបង្ហាញអំពីភាពជាអ្នកដឹកនាំរបស់អ្នកដែលនាំមកនូវឱកាសដ៏ល្អសម្រាប់កសាងទ្រព្យសម្បត្តិនៅពេលពេលអនាគត៕

ប្រភព៖ addicted2success

 

X
5s