ហេតុអ្វី Startup ឥណ្ឌូនេស៊ីខ្លាំង? ចំណុចទាំងនេះជាអ្វីដែលម្ចាស់អាជីវកម្មត្រូវដឹង និងរៀនសូត្រពីពួកគេ​



ឥណ្ឌូនេស៊ីជាប្រទេសដែលមានផ្ទៃដីធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលមានកម្រងកោះធំជាងគេ ដែលកោះសំខាន់ៗមានចំនួន ៥ គឺ Papua Java Kalimantan Sulawesi និង Sumatra។ 

ក៏ជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅក្នុងតំបន់ យោងតាមទិនន្ន័យពីគេហទំព័រ World O Meter បង្ហាញថាគិតត្រឹមថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ ចំនួនប្រជាជនសរុបរបស់ប្រទេសឥណ្ឌូនេស៊ីមាន ២៧៣ ៥៧១ ៤៣២នាក់។ ប្រទេសមួយនេះមានការគ្រប់គ្រងដោយទម្រង់រដ្ឋាភិបាលសាធារណរដ្ឋដែលបង្កើតឡើងដោយសភាជាប់ឆ្នោត និងប្រធានាធិបតី។ 

គេបានសង្កេតឃើញថា អាជីវកម្មបង្កើតថ្មី ឬហៅថា Startup របស់ប្រទេសឥណ្ឌូនេស៊ីហាក់មានកម្លាំងខ្លាំងក្នុងការប្រកួតប្រជែងជាមួយដៃគូ ស្របពេលដែលអាជីវកម្ម Startup របស់ប្រទេសដទៃដែលចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ី មិនអាចប្រជែងដាច់ម្ចាស់ផ្ទះសោះ។ តើអាជីវកម្ម Startup របស់ប្រទេសនេះចាប់ផ្តើមមានតាំងពីពេលណា ហើយអ្វីជាកម្លាំងដ៏ខ្លាំងជម្រុញសន្ទុះ និងអាចឲ្យពួកគេឈរជើងបានរឹងមាំបែបនេះ?

១) តើ Startup របស់ឥណ្ឌូនេស៊ីចាប់កំណើតតាំងពីពេលណា?

យោងតាមគេហទំព័រ Techsauce បានឲ្យដឹងថា ឥណ្ឌូនេស៊ីបានចាប់ផ្តើមបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាតាំងពីឆ្នាំ ១៩៩៧ នៅពេលដែលអាជីវកម្មបានផ្សារភ្ជាប់ខ្លួនជាមួយប្រព័ន្ធអ៊ីនធឺណេត ហើយក៏ជាពេលដែលបច្ចេកវិទ្យាអ៊ីនធឺណេតបានចាប់ផ្តើមមានការរីកដុះដាលទូទាំងពិភពលោក តែក្រុមហ៊ុនមួយចំនួនត្រូវបានជួបប្រទះបញ្ហារហូតឈានដល់ការបិទអាជីវកម្ម។ នៅក្នុងឆ្នាំ ២០០៧ ក្រុមនៃក្រុមហ៊ុនបច្ចេកវិទ្យាដែលជួបការបរាជ័យហើយរស់នៅក្នុងវិបត្តិនោះ បានក្រោកឡើងវិញដើម្បីយកឈ្នះបញ្ហាទាំងនោះ ហើយក៏ជាពេលដែលជម្រុញឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណេតកាន់តែច្រើនក្នុងប្រទេសរបស់ខ្លួន។ 

អាជីវកម្ម Startup  របស់ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមនៅអំឡុងឆ្នាំ ២០១០ ជាពេលដែលប្រទេសកំពុងមានការរីកចម្រើននាំមុខផ្នែកបច្ចេកវិទ្យា និងមានការរីកលូតលាស់ជាបន្តបន្ទាប់សម្រាប់អាជីវកម្ម Tech Startup ហើយជើងខ្លាំងផ្នែក Tech Startup មានដូចជា Tokopedia Bukalapak Go-Jek និង Traveloka។ 

២) មូលហេតុនៅពីក្រោយភាពជោគជ័យអាជីវកម្ម Startup របស់ឥណ្ឌូនេស៊ី

វាមិនមែនជារឿងចែដន្យដែលនាំឲ្យឥណ្ឌូនេស៊ីអាចរកឃើញ និងទទួលបានភាបជោគជ័យបែបនេះ តែមូលហេតុសំខាន់គឺដោយសារ ការត្រលប់មកមាតុប្រទេសវិញនៃជនជាតិឥណ្ឌូនេស៊ីជំនាន់ក្រោយបន្ទាប់ពីពួកគេបានចេញទៅសិក្សានៅបរទេស ហើយពួកគេបានពាំនាំយកមកនូវគំនិតច្នៃប្រឌិតដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍប្រទេស និងជម្រុញនូវការបង្កើតអាជីវកម្ម Startup។ ចលនានៃការផ្លាស់ប្តូរនេះ បានរុញឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលសន្ទុះនេះចាប់ផ្តើមក្នុងឆ្នាំ ២០១៥ ហើយក៏ជាពេលដែលវាបានផ្ដល់កំណើតដល់ Unicorn ជាច្រើនក្នុងរយៈពេលកន្លងមកនេះ។ ចំណែកឯការវិនិយោគវិញវាមានទំហំធំធេង និងដើរតាមនិន្នាការកំណើនពី ៤៤លានដុល្លារ ទៅដល់ ៣ពាន់លានដុល្លារ ដែលទិនន្ន័យនេះគិតចាប់តាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ គិតជាភាគរយគឺប្រមាណ កើនឡើង ៦៨% ក្នុងរយៈពេល ៥ឆ្នាំ។ ដោយឡែក គេបានកត់សម្គាល់ថាក្នុងឆ្នាំ ២០១៦-២០១៧ ជាពេលដែលទុនវិនិយោគមានសន្ទុះកើនឡើងដល់ ៤ពាន់លានដុល្លារ (កើនពី ១,៤ពាន់លានដុល្លារ)។ 

៣) ចំណុចខ្លាំងនៃអាជីវកម្ម Startup របស់ឥណ្ឌូនេស៊ី

ក) ភាគច្រើននៃ Startup របស់ឥណ្ឌូនេស៊ីបានក្លាយទៅជា Unicorns ហើយឥណ្ឌូនេស៊ីក៏ជាប្រទេសក្នុងតំបន់ដែលមានចំនួន Unicorn ច្រើនជាងគេផងដែរដូចជា Tokopedia Bukalapak Go-Jek និង Traveloka ពីរក្នុងចំណោមអាជីវកម្មធំៗទាំង ៤ នេះបានពង្រីកខ្លួនទៅក្រៅប្រទេស និងធ្វើប្រតិបត្តិការយ៉ាងជោគជ័យ។

ខ) ប្រជាជនភាគច្រើនបានប្រើប្រាស់បច្ចេកវិទ្យា ពួកគេក៏មានធនធានមនុស្សផ្នែកបច្ចេកវិទ្យាច្រើនសម្រាប់អភិវឌ្ឍដំណើរការអាជីវកម្ម Startup ក៏ដូចជាជម្រុញសន្ទុះអាជីវកម្ម សេដ្ឋកិច្ចក្នុងប្រទេសបានលឿនផងដែរ។ តាមការស្រាវជ្រាវ និងការស្រង់ស្ថិតិបានរកឃើញថា ជាមធ្យមប្រជាជនឥណ្ឌូនេស៊ីម្នាក់ប្រើស្មាតហ្វូនច្រើនជាង ២ ពួកគេប្រើប្រព័ន្ធអ៊ីនធឺណេតដើម្បីធ្វើអាជីវកម្ម ក៏ដូចជាធ្វើការទូទាត់តាមការបូបលុយអេឡិចត្រូនិក e-wallets។

គ) ឥណ្ឌូនេស៊ីជាមជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្រាប់ទទួលទុនវិនិយោគ មានន័យថាឥណ្ឌូនេស៊ីជាតំបន់ធំបំផុតមួយដែលចាំត្រងយកការវិនិយោគពីវិនិយោគិនពិសេសលើ Venture Capital។ ប្រទេសនេះកំពុងស្ថិតក្នុងគោលដៅនៃការសម្លឹងដ៏មុតស្រួចបំផុតពីវិនិយោគិនបរទេស ចំណែកការផ្តល់មូលនិធិសម្រាប់វិនិយោគត្រូវបានគេរំពឹងថានឹងមានការគ្របដណ្តប់លើវិស័យបច្ចេកវិទ្យា ដែលគេសម្លឹងទៅរក FinTech ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ភ័ស្តុភារកម្ម (Logistics) និងអាជីវកម្មផ្តោតថ្មីលើវិស័យកសិកម្មតាមបែបបច្ចេកវិទ្យាជាដើម (AgriTech)។​

ឃ) ភាព​ជាតិ​និយម​របស់​ជនជាតិ​ឥណ្ឌូ​នេស៊ី បាន​ក្លាយជា​កម្លាំង​ជម្រុញ​ដ៏​សំខាន់​ចំពោះ​ដំណើរ​ការ​នៃ​កា​ររីក​ចម្រើន​លូត​លាស់នៃ​អាជីវកម្ម​ក្នុង​ប្រទេស​របស់​ឥណ្ឌូ​នេស៊ី​៕​

ដោយ៖ យ៉ាយ៉ា

X
5s